The Cambodia Daily Khmer

លោក ហ៊ុន សែន ប្រកាសលុបចោលគម្រោងចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ វិញ

ប្រមុខរដ្ឋាភិបាល ហ៊ុន សែន បានប្រកាសលុបចោលគម្រោងចាក់វ៉ាក់សាំងស៊ីណូហ្វាមប្រឆាំងកូវីដ១៩របស់ចិនវិញ។ ការលុបចោលនេះ  ក្រោយពេលលោក ហ៊ុន សែន បានប្រកាសក្តែងៗថាដើម្បីបង្ហាញភាពជឿជាក់លើវ៉ាក់សាំងរបស់មហាមិត្តចិននោះ លោកនឹងត្រូវចាក់មុនគេ អមដោយមន្ត្រីជាន់ខ្ពស់របស់ខ្លួននៅថ្ងៃទី១០ ខែកុម្ភៈ។

សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅល្ងាចថ្ងៃទី ៥ខែកុម្ភៈនេះ លោក ហ៊ុន សែន បានប្រកាសលុបចោលគម្រោងចាក់វ៉ាក់សាំងរបស់ចិននេះ ក្រោមហេតុផលថា អាយុរបស់លោក និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយចំនួន លើសពីលក្ខខណ្ឌអាយុតម្រូវ។

លោក ហ៊ុន សែន បញ្ជាក់ថា តាមព័ត៌មានដែលលោកទទួលបាន ពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថានទូតចិននៅកម្ពុជា អះអាងថា វ៉ាក់សាំងឈ្មោះ ស៊ីណូហ្វាម(Sinopharm)ចាក់បានតែមនុស្ស ដែលមានអាយុពី១៨ឆ្នាំ ទៅ៥៩ឆ្នាំតែប៉ុណ្ណោះ។

ដូច្នេះស្របពេលលោក និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនៅឆ្នាំនេះ មានអាយុលើសពី៦០ឆ្នាំ ទៅហើយ ដែលជាមូលហេតុមិនអាចចាក់វ៉ាក់សាំងនេះបានទេ។

ដូច្នេះគម្រោង ចាក់វ៉ាក់សាំងដែលគ្រោងចាក់នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រត្រូវលុបចោលវិញ ដោយសារ ទាំងលោកហ៊ុន សែន ទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើនមានអាយុលើសពី៦០ឆ្នាំទៅហើយ គឺមិនអាចចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩របស់ចិនបានឡើយ។

ប្រមុខរដ្ឋាភិបាលរូបនេះ បន្ថែមថា យ៉ាងណាសម្រាប់កម្មវិធីចេញទៅទទួលជំនួយវ៉ាក់សាំង នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ នឹងរក្សាទុកនៅដដែល។

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញលិខិតអនុញាតិឲ្យកម្ពុជាប្រើប្រាស់វ៉ាក់សាំង ស៊ីណូហ្វាម ប្រឆាំងមេរោគកូវីដ១៩ របស់ប្រទេសចិនដែលផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co, Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization) ដោយអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ម៉ម ប៊ុនហេង អះអាងថា រដ្ឋាភិបាលចិននឹងដឹកជញ្ជូនវ៉ាក់សាំង ស៊ីណូហ្វាម មកដល់កម្ពុជាលើកដំបូង នៅចុងសប្ដាហ៍នេះ ចំនួន៦០ម៉ឺនដូស ខណៈចិននឹងផ្តល់វ៉ាក់សាំងចំនួន១លានដូស ដល់កម្ពុជា។ 

យ៉ាងណា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា អះអាងថា លោកស្វាគមន៍ចំពោះវ៉ាក់សាំងដែលរដ្ឋាភិបាលកម្ពុជាបានស្វះស្វែងរកដើម្បីចាក់ជូនពលរដ្ឋខ្មែរ              ការពាជំងឺកូវីដ១៩ ប៉ុន្តែរដ្ឋាភិបាល ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរចំពោះបញ្ហានេះ។

លោក ថា លោកមិនសំដៅដល់តែវ៉ាក់សាំងរបស់ចិនតែមួយមុខនោះទេ ទោះវ៉ាក់សាំងប្រទេសណាក៏ត្រូវតែមានការប្រុងប្រយ័ត្នដូចគ្នាដែរ ព្រោះអង្គការសុខភាពពិភពលោក ក៏មិនទាន់ហ៊ានប្រកាសទទួលស្គាល់ជាផ្លូវការនៅឡើយទេ។ 

បើទោះជាវ៉ាក់សាំងទាំងនោះ បានចរាចរណ៍បណ្តើរៗទៅហើយក្តី ជាពិសេសគឺ ពុំទាន់មានការកំណត់ជាក់លាក់ថាអាចប្រើបានលើមនុស្សមានវ័យប៉ុណ្ណា មានសុខភាពដូចម្តេច ជាដើម នោះនៅឡើយទេ។

មន្ត្រីសង្គមស៊ីវិលរូបនេះ បញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលអាចធ្វើការពិសោធន៍តាមបែបវិជ្ជសាស្ត្រណាមួយដើម្បីសិក្សាពីប្រសិទ្ធភាព និងផលប៉ះពាល់នៃវ៉ាក់សាំងទាំងនោះ គឺជាមធ្យាបាយល្អបំផុត មុននឹងចាក់ជូនពលរដ្ឋ។ លោកថា បើមានការថ្លោះធ្លោយណាមួយកើតឡើងនោះ នឹងបង្កការលំបាកដល់រដ្ឋាភិបាលខ្លួនឯងកាន់តែខ្លាំង ឬអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតពលរដ្ឋតែម្តង៕

Exit mobile version