The Cambodia Daily Khmer

លោក ទៀ បាញ់ បានចាក់វ៉ាក់សាំងស៊ីណូហ្វាម ខណៈលោកហ៊ុន សែន បានបដិសេធការចាក់វ៉ាក់សាំងនេះ

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានអះអាងថា លោកពិតជាបានចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ឈ្មោះ«ស៊ីណូហ្វាម»របស់ចិនរួចប្រាកដមែន បើទោះបីជាលោកមានវ័យលើសពីលក្ខខណ្ឌតម្រូវក៏ដោយ។ 

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១០ខែកុម្ភៈនេះ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ដល់មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ លោក ទៀ បាញ់ មានប្រសាសន៍ថា រូបលោកផ្ទាល់បានចាក់វ៉ាក់សាំងនេះបានប្រមាណ២០ថ្ងៃមកហើយ នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ លោកនឹងត្រូវទទួលចាក់វ៉ាក់សាំងនេះជាលើកទី២។

លោកបន្តថា កូនរបស់លោកនិងមនុស្សនៅជុំវិញខ្លួនលោកមួយចំនួនបានចាក់វ៉ាក់សាំងនេះមុនរូបលោកទៅទៀត ហើយពួកគេមិនមានបញ្ហាសុខភាពអ្វីទេក្រោយការចាក់វ៉ាក់សាំងនេះរួចហើយនោះ។ បញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាឱ្យលោកទៀ បាញ់ ចាក់វ៉ាក់សាំងស៊ីណូហ្វាម នេះផងដែរ។

កាលពីថ្ងៃទី៥ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលុបចោលគម្រោងចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន ដោយលោកបញ្ជាក់ថា អាយុរបស់លោកលើសពី៦០ឆ្នាំ ដែលលើសពីលក្ខខណ្ឌតម្រូវ។

លោកថា ការសម្រេចលុបចោលគម្រោងចាក់វ៉ាក់សាំងនៅថ្ងៃទី១០ខែកុម្ភៈនេះ ក្រោយពេលលោកទទួលបានព័ត៌មានផ្លូវការពីការិយាល័យទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតចិននៅកម្ពុជា ថាវ៉ាក់សាំងស៊ីណូហ្វាមចាក់បានតែមនុស្សមានអាយុពី១៨ឆ្នាំ ដល់៥៩ឆ្នាំតែប៉ុណ្ណោះ។

យ៉ាងណា លោក ហ៊ុន សែន បច្ចុប្បន្នមានវ័យត្រឹមតែ៦៨ឆ្នាំ ដែលមានអាយុប្អូនលោក ទៀ បាញ់។ លោក ទៀ បាញ់ កើតនៅឆ្នាំ១៩៤៥ ដោយគិតមកដល់បច្ចុប្បន្នលោកមានវ័យ៧៦ឆ្នាំ។ កាលពីថ្ងៃទី៧              ខែកុម្ភៈ វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនចំនួន៦០ម៉ឺនដូស បានបញ្ជូនមកដល់ប្រទេសកម្ពុជា។

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ទៅលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកសារព័ត៌មានមួយចំនួន។

ក្នុងនោះក្រសួងសុខាភិបាលបានរៀបចំមន្ទីរពេទ្យចំនួន៤កន្លែង រួមមាន មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ។ ដោយឡែកក្រសួងការពារជាតិរៀបចំចាក់ឱ្យមន្ត្រីខ្លួននៅមន្ទីរពេទ្យព្រះកេតុមាលា។

នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងចិននេះ លោកហ៊ុន សែន បញ្ជាឱ្យកូនប្រុសទាំង៣ និងកូនប្រសាររបស់លោក ព្រមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនទៀតទទួលចាក់វ៉ាក់សាំងនេះមុន គេ ប៉ុន្តែកូនប្រុសពៅរបស់លោកហ៊ុន សែន និងកូនប្រសារ គឺ លោក ហ៊ុន ម៉ានី  និង លោក ឌី វិជ្ជា ត្រូវខកខានចាក់វ៉ាក់សាំងនេះ ដោយសារបញ្ហាសុខភាព។

អ្នកវិភាគនយោបាយលោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុកនៅថ្ងៃទី១០ខែកុម្ភៈនេះថា លោក ហ៊ុន ម៉ាណែត កំពុងហាត់ក្បាច់សម្ដែងមេរៀនបោកភ្នែកពលរដ្ឋ ក្នុងតួនាទីស្នងមរតករដ្ឋប្រហារអចិន្ត្រៃយ៍ ពីឪពុកខ្លួន។

លោកបន្តថា អំណាចរដ្ឋប្រហារអចិន្ត្រៃយ៍ មិនអាចរស់បាន ដោយការដឹកនាំសុចរិតស្មោះត្រង់នឹងប្រជាពលរដ្ឋទេ គឺអាចបន្តអាយុកាលបាន តាមមធ្យោបាយអាជ្ញាទំនើងធ្វើទុក្ខបុកម្នេញពលរដ្ឋ និងការបោកប្រាស់ឥតអៀនខ្មាស ទោះត្រូវខូចប្រយោជន៍ជាតិខ្មែរធំប៉ុនណាក៏ដោយ ។

កូនប្រុសទាំងបីរបស់លោក ហ៊ុន សែន ចេញសម្ដែងបង្កើតទំនុកចិត្តក្លែងក្លាយច្រើនជាងការពិត ជំនួសមុខលោក ហ៊ុន សែន ដែលបានសន្យាជ្រុល អំពីអំនួតចាក់វ៉ាក់សាំងចិន  គឺជាទំនុកចិត្តក្លែងក្លាយ ពីព្រោះគ្មានអ្នកណាដឹងថា ពួកគាត់ចាក់វ៉ាក់សាំងចិនពិតមែន ឬថ្នាំប៉ូវកម្លាំងនោះទេ ៕

Exit mobile version