The Cambodia Daily Khmer

រដ្ឋាភិបាលប្តេជ្ញាប្រយុទ្ធប្រឆាំងគ្រឿងញៀនជាថ្មីទៀត ស្របពេលសង្គមស៊ីវិលមើលឃើញថាការប្តេជ្ញាចិត្តមុនៗ បានទទួលបរាជ័យ

រដ្ឋាភិបាលលោកហ៊ុន សែន បានប្តេជ្ញាជាថ្មីទៀត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ដើម្បីកាត់បន្ថយបទល្មើស ការពារសុខភាពសាធារណៈ និងសុវត្ថិភាពសង្គម។ ផែនការស្តីពីការប្តេជ្ញាចិត្តនេះ មានរយៈពេល១ឆ្នាំ ដែលអនុវត្តចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១។

លិខិតរបស់ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន ស្តីពីផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលថ្ងៃទី១៩ ខែកុម្ភៈ ហើយThe Cambodia Daily ទើបទទួលបាននៅថ្ងៃពុធនេះឲ្យដឹងថា រដ្ឋាភិបាលបានទទួលស្គាល់ថាស្ថានភាពបទល្មើសគ្រឿងញៀនវិញ មិនមានសញ្ញាថមថយឡើយក្នុងពេលបច្ចុប្បន្ន។ ជាពិសេសកំណើនគ្រឿងញៀនសំយោគ ដូចជា មេតំហ្វេតាមីន អ៊ិចស្តាស៊ី និង កេតាមីន ដែលប្រភេទសារធាតុញៀនទាំងនេះ គឺជាគោលដៅងាយស្រួលក្នុងការលួចលាក់ផលិត កែច្នៃ។

រដ្ឋាភិបាលបន្តថា ពួកឈ្មួញទុច្ចរិតងាយជួញដូរ និងមានទីផ្សារទូលំទូលាយក្នុងពេលបច្ចុប្បន្ន ទាំងក្នុងប្រទេស និងឆ្លងកាត់ទៅលក់នៅប្រទេសដទៃជាដើម។

លោក ហ៊ុន សែន បានសម្រេចដាក់ចេញផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ ដើម្បីកាត់បន្ថយបទល្មើស រក្សាសណ្តាប់ធ្នាក់សាធារណៈ សុវត្ថិភាពសង្គម លើកកម្ពស់ការអភិវឌ្ឍធនធានយុវជន ជាដើម។

ប្រភពដដែលបញ្ជាក់ថា ផែនការទាំងនោះ រួមមាន បង្កើនការផ្សព្វផ្សាយអប់រំពលរដ្ឋទូទៅ ជាពិសេសមុខសញ្ញារងគ្រោះនិងងាយរងគ្រោះ។ រៀបចំវេទិកាជួបជាមួយវិស័យឯកជន និងសប្បុរសជន ជាពិសេសម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មដែលងាយរងហានិភ័យនឹងគ្រឿងញៀន។

លើសពីនេះ បង្កើនការស្រាវជ្រាវ ស៊ើបអង្កេត បង្ការនិងទប់ស្កាត់ ព្រមទាំងបង្ក្រាបការនាំចូលឆ្លងកាត់ជួញដូរឆ្លងដែនជាមួយប្រទេសជិតខាង រួមទាំងការស្វែងរកទីតាំងលួចលាក់ ដាំដុះ ផលិត កែច្នៃសារធាតុញៀននៅក្នុងប្រទេស ជាពិសេសត្រូវស្វែងរកឧក្រិដ្ឋជនជួញដូរគ្រឿងញៀនធំៗតែម្តង។

កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បង្ហាញការព្រួយបារម្ភចំពោះការចរាចរណ៍គ្រឿងញៀននៅកម្ពុជាបច្ចុប្បន្ន។  លោកមើលឃើញថាបញ្ហានេះ បើមិនស្រុះគ្នាធ្វើទេថ្ងៃណាមួយគ្រឿងញៀននឹងត្រួតត្រាកម្ពុជាទាំងមូលតែម្តង។

របាយការណ៍នគរបាលបង្ហាញថា នៅឆ្នាំ២០២០ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសបានចំនួនជាង១ម៉ឺនករណី( ១០,១៩៣) និងចាប់ខ្លួនមនុស្សបានជាង ២ម៉ឺននាក់ ។ ការចាប់ខ្លួននេះ បានកើនឡើង២០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ខណៈការរឹបអូសគ្រឿងញៀនក៏បានកើនឡើង ១៧ភាគរយ ។

កាលពីខែឧសភាឆ្នាំ២០២០ អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានចេញរបាយការណ៍មួយ ដោយអះអាងថា យុទ្ធនាការ «ប្រយុទ្ធប្រឆាំងគ្រឿងញៀន» រយៈពេល៣ឆ្នាំរបស់ រដ្ឋាភិបាលកម្ពុជា ពោលគឺចាប់ពីដើមឆ្នាំ២០១៧ ដល់ដើមឆ្នាំ២០២០ ជំរុញឲ្យ មានការកើនឡើងនូវការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ដូចជាការឃុំឃាំងហួសកម្រិត និងបង្កឱ្យមានហានីភ័យដល់សេវាសុខភាពសាធារណៈ ស្របពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។

របាយការណ៍ដដែលនេះថា កម្ពុជាបរាជ័យក្នុងគោលដៅទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន។ ប៉ុន្តែយុទ្ធនាការនោះ បានជំរុញឱ្យមានការចាប់ខ្លួនតាមអំពើចិត្ត ការធ្វើទារុណកម្ម ការបង្កើតឱកាសសម្រាប់មន្ត្រីនគរបាល មន្ត្រីពន្ធនាគារ និងមន្ត្រីតុលាការប្រព្រឹត្តអំពើពុករលួយជាដើម៕

Exit mobile version