The Cambodia Daily Khmer

លោក ហ៊ុន សែន លុបចោលការផ្តល់ថវិកា៣០ម៉ឺនរៀល ដល់អ្នកដែលរស់នៅតំបន់បិទខ្ទប់

លោក ហ៊ុន សែន គម្រាមថា ពលរដ្ឋត្រូវបញ្ឈប់ការទាមទារថវិកា ៣០ម៉ឺនរៀលពីរដ្ឋាភិបាលបន្តទៀត។ លើសពីនេះ អំណោយរបស់រដ្ឋាភិបាលនឹងបង្វែរទៅតំបន់បិទខ្ទប់ផ្សេង ប្រសិនបើមានពលរដ្ឋក្នុងតំបន់បិទខ្ទប់ណាមួយ បដិសេធមិនទទួលយកនោះ។

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន អះអាង នៅថ្ងៃទី២១ មេសា នេះថា រដ្ឋាភិបាលនឹងមិនផ្តល់ថវិកាជូន ពលរដ្ឋក្នុងតំបន់បិទខ្ទប់ដូចដែលលោកធ្លាប់បានប្រកាសកាលពីពេលកន្លងទៅនោះទេ តែរដ្ឋាភិបាលនឹងផ្តល់ការឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគជំនួសវិញ។ លោកថា រដ្ឋាភិបាលមិនមានថវិកាគ្រប់គ្រាន់ ដើម្បីចែកជូនពលរដ្ឋដែលរងគ្រោះដោយសារCovid-19 ក្នុងតំបន់បិទខ្ទប់ទូទាំងទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ ក្នុងមួយគ្រួសារ ៣០ម៉ឺនរៀល នោះឡើយ។

លោកត្អូញត្អែរថា ទំហំទឹកប្រាក់ ៣០ម៉ឺនរៀលគឺជាចំនួនតិចតួចណាស់សម្រាប់ប្រជាពលរដ្ឋក្នុងមួយគ្រួសារ ប៉ុន្តែជាទំហំសាច់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់រដ្ឋាភិបាល ដែលត្រូវចែកជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ដែលមានចំនួនដល់ទៅ រាប់សិបម៉ឺន គ្រួសារឯណោះ។

លោក ហ៊ុន សែន បញ្ជាក់ថា ក្នុងពេលដ៏ប្រថុចញ៉ុចនេះរដ្ឋាភិបាលមិនទាន់ដឹងថា នឹងដាក់ចេញនូវយន្តការ នៃការចែកថវិកាឲ្យពលរដ្ឋដោយរបៀបណានោះទេ ទោះរដ្ឋាភិបាលមានទឹកប្រាក់សម្រាប់ចែកជូនក៏ដោយ ដោយឡែកថវិកានេះ នឹងផ្តល់ជូនសម្រាប់តែកន្លែងធ្វើចត្តាឡីស័កដោយផ្នែកៗតែប៉ុណ្ណោះ។

ការអះអាងនេះធ្វើបន្ទាប់ពីមាន ពលរដ្ឋក្នុងតំបន់បិទខ្ទប់ក្នុងទីក្រុងភ្នំពេញ បានតវ៉ាទាមទារជំនួយរបស់រដ្ឋាភិបាល ដែលបានប្រកាសថា នឹងផ្តល់ប្រាក់ជូនពួកគេក្នុងមួយគ្រួសារ ៣០ម៉ឺនរៀល កាលពីដើមខែមេសា ឆ្នាំ២០២១ នេះ។

កម្មកររោងចក្រ WND ផ្ទុះការតវ៉ាទាមទារជំនួយពីរដ្ឋាភិបាល ហើយពលរដ្ឋក្នុងខណ្ឌ បិទខ្ទប់មួយចំនួនក្នុងទីក្រុងភ្នំពេញ បានសួរនាំអំពីទឹកប្រាក់ ៣០ម៉ឺនរៀល ដែលរដ្ឋាភិបាលធ្លាប់បានប្រកាសកន្លងមក ដោយពួកគេ ត្អូញត្អែរថា ចាប់តាំងពីរដ្ឋាភិបាលប្រកាសបិទខ្ទប់ទីក្រុងភ្នំពេញ តាំងពីថ្ងៃទី១៥ មេសា មក ពួកគេមិនទាន់ទទួលបានជំនួយពីរដ្ឋាភិបាលនៅឡើយទេ ហើយគ្រួសារពួកគេក៏ដាច់បាយបណ្តើរៗ ផងដែរ។

ក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល នឹងជួយដល់ក្រុមគ្រួសារដែលធ្វើចត្តាឡីស័កក្នុងតំបន់បិទខ្ទប់ក្នុងមួយគ្រួសារ ៣០ម៉ឺនរៀល និងជួយបង់ជំនួសនូវថ្លៃប្រើប្រាស់ទឹក និងថ្លៃប្រើប្រាស់អគ្គិសនី ក្នុងរយៈពេល២ខែ ថែមទៀត។

លោក ហ៊ុន សែន ធ្លាប់បានអះអាងដែរថា រដ្ឋាភិបាល បានបម្រុងថវិកាតាមសេណារ៉េយូរួចជាស្រេច សម្រាប់ទប់ទល់នឹងការរីករាលដាលនៃវីរុសCovid-19 ក្នុងនោះកម្ពុជា មានមាសតម្កល់នៅធនាគារជាតិកម្ពុជា ធនាគារស្វីស និងធនាគារអង់គ្លេសជាង ៣០តោនឯណោះ ខណៈ ថវិកាជាតិដែលបានត្រៀមបម្រុងទុក ៣ពាន់លានដុល្លារអាមេរិកផងដែរ ដូច្នេះរដ្ឋាភិបាល មិនភ័យព្រួយពីការខ្វះខាតថវិកាដើម្បីប្រើប្រាស់ក្នុងពេលរីករាលដាលនៃជំងឺCovid-19 នេះឡើយ។

ទោះយ៉ាងណា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily  នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះថា រដ្ឋាភិបាលគួរតែបង្កើនការយកចិត្តទុកដាក់ ទៅលើពលរដ្ឋដែលមានចំណូលទាបដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់ ប្រសិនបើរដ្ឋាភិបាលមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ចែកជូនគ្រួសារនីមួយៗ ដូចដែលខ្លួនបានអះអាងកន្លងមកទេនោះ។

លោកអះអាងថា រដ្ឋាភិបាលគួរតែដាក់ចេញនូវវិធានការបើកផ្សារឡើងវិញ ក្នុងកម្រិតវិធានសុខាភិបាលក្នុងសហគមន៍ ដើម្បីឲ្យពលរដ្ឋដែលមានចំណូលទាបអាចប្រកបមុខរបរពួកគេបានផង និងអាចទិញបានស្បៀងអាហារក្នុងតម្លៃធូរថ្លៃផង។ ប៉ុន្តែអាជ្ញាធរមូលដ្ឋានត្រូវមានវិធានការបាញ់សម្លាប់មេរោគឲ្យបានត្រឹមត្រូវជាមុនសិន៕

Exit mobile version