The Cambodia Daily Khmer

គណបក្សក្រៅរដ្ឋាភិបាលថា សេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងរឹតបន្តឹងកាន់តែខ្លាំង

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជា សព្វថ្ងៃនេះត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើងៗ ដែលផ្ទុយទៅនឹងខ្លឹមសារនៃរដ្ឋធម្មនុញ្ញរបស់ប្រទេសទាំងស្រុង។

អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត សាម អ៊ីន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ក្រោយព្រឹត្តិការណ៍ ១៦វិច្ឆិកា ឆ្នាំ២០១៧ សេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើងៗ ខណៈអ្នកសារព័ត៌មានមួយចំនួនត្រូវបានទទួលរងការគំរាមកំហែង ធ្វើទុក្ខបុកម្នេញ និងចាប់ដាក់គុក ជាបន្តបន្ទាប់។

លោកអះអាងថា ការបើកទូលាយលើសេរីភាពសារព័ត៌មាន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងដំណើរការកសាងសង្គមប្រជាធិបតេយ្យ ដូច្នេះលោកសូមគាំទ្រដល់ការទាមទាររបស់អង្គការសមាគម ដើម្បីឱ្យមានការបើកទូលាយសេរីភាពសារព័ត៌មានឡើងវិញ និងការការពារសុវត្ថិភាពដល់អ្នកសារព័ត៌មានទាំងនោះ។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអង្គការសមាគមន៍ អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល សហការគ្នាបើកយុទ្ធនាការចូលរួមប្រារព្ធទិវាសេរីភាពសារព័ត៌មាន ពិភពលោកឆ្នាំ២០២១នេះ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដោយអះអាងថា ទិវាសេរីភាពសារព័ត៌មានពិភពលោក ដែលនឹងធ្វើឡើងនូវថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីគោរពដល់តួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន ដែលត្រូវប្រឈមអាយុជីវិត ក្នុងការងបំពេញតួនាទីរបស់ខ្លួន។

អង្គការសមាគមន៍ទាំងនេះ បានអះអាងថា យុទ្ធនាការក្នុងការចូលរួមប្រារព្ធទិវាសេរីភាពសារព័ត៌មាន ពិភពលោកឆ្នាំ២០២១នេះ មានគោលបំណង ឆ្លុះបញ្ចាំងពីសារៈសំខាន់ និងជំរុញឲ្យមានការចូលរួមពីសាធារណជន ក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជាឲ្យកាន់តែល្អប្រសើរ ក្រោមប្រធានបទ ព័ត៌មានដែលជាប្រយោជន៍សាធារណៈ។

សេចក្តីថ្លែងការដដែលរិះគន់ថា ការកំណត់មុខសញ្ញាអ្នកសារព័ត៌មានឯករាជពីសំណាក់រដ្ឋាភិបាលកម្ពុជា នៅតែបន្តកើនឡើង ក្នុងនោះ     អ្នកសារព័ត៌មានមួយចំនួន រងការវាយប្រហារ លើរូបរាងកាយ រងការធ្វើឃាត ការដកហូតអាជ្ញាប័ណ្ណផ្សព្វផ្សាយ និងការយាយីពីប្រព័ន្ធតុលាការ ដែលទាំងនោះសុទ្ធសឹងតែជាវិធីសាស្ត្រ បំបិទសំឡេងអ្នករិះគន់។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សង្កត់ធ្ងន់ថា ក្នុងបរិបទនៃការរាតត្បាតនៃជំងឺ Covid-19នេះ អាជ្ញាធរបានរឹតបន្តឹងនឹងមិនអត់ឱនចំពោះសំឡេងរិះគន់ ខណៈអ្នកសារព័ត៌មានឯករាជទាំងនោះកាន់តែងាយរងគ្រោះពីការយាយី និងចោទប្រកាន់តាមផ្លូវតុលាការ ចំពោះការរាយការណ៍ដែលមានការពាក់ព័ន្ធនឹងប្រធានបទជំងឺ Covid-19។

ទិន្នន័យសង្គមស៊ីវិល បានបង្ហាញថា កាលពីចុងឆ្នាំ២០២០ អ្នកសារព័ត៌មានប្រហែល ៧០នាក់ ត្រូវបានរងការយាយីតាមប្រព័ន្ធតុលាការដោយសារការធ្វើសេចក្តីរាយការណ៍របស់ពួកគេ លើសពីនេះ ក៏មានការវាយប្រហារ និងការគំរាមកំហែងថែមទៀត ជាងនេះទៀត រយៈពេលទសវត្សចុងក្រោយនេះ អ្នកសារព័ត៌មានក៏ឃាតកសម្លាប់ក្នុងបេសកកម្មរបស់ខ្លួន ដោយមិនអាចវែកមុខជនដៃដល់យកមកផ្ដន្ទាទោសបានឡើយ។

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) អះអាងកាលពីចុងឆ្នាំ២០២០ ថា សេរីភាពសារព័ត៌មាននៅកម្ពុជា បានថយចុះជាលំដាប់ គឺទទួលបានចំណាត់ថ្នាក់លេខ១៤៤ ក្នុងចំណោមប្រទេសចំនួន១៨០ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលជាប់ចំណាត់ថ្នាក់លេខ១៤៣ និងឆ្នាំ២០១៨ ជាប់ចំណាត់ថ្នាក់១៤២ ពោលសេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។

រដ្ឋធម្មនុញ្ញកម្ពុជាតាមមាត្រា ៤១ បានចែងថា ពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មានសេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបប្រជុំជាដើម៕

Exit mobile version