The Cambodia Daily Khmer

មន្ត្រីបក្សប្រឆាំងថា ពលរដ្ឋ និងអ្នកនយោបាយខ្មែរ មិនត្រូវទុកទឹកដីរបស់ខ្លួនឲ្យបរទេសជិតខាងរៀបចំជំនួសនោះទេ

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លើកឡើងថា ទឹកដីខ្មែរ បាត់បង់ក៏ដោយសារពលរដ្ឋ ពេលបានទឹកដីមកវិញ ក៏ដោយសារពលរដ្ឋដែរ ដូច្នេះក្នុងនាមជាជនជាតិមានទឹកដីពិតប្រាកដមួយ មិនត្រូវបណ្តែតបណ្តោយឲ្យបរទេសជិតខាង គិតគូរវាសនាទឹកដីខ្មែរ ជំនួសខ្មែរម្ចាស់ប្រទេសនោះទេ។

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានសរសេរនៅលើគណនី Facebook របស់លោក នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះថា ទាំងអ្នកយោបាយខ្មែរ និងពលរដ្ឋខ្មែរ មិនត្រូវទុកវាសនាខ្លួន និងប្រទេសជាតិរបស់ខ្លួន ឲ្យបរទេសជិតខាងជាអ្នកគិតគូរចាត់ចែងជំនួសនោះទេ ដូច្នេះការសម្បទានឲ្យគ្នាទៅវិញទៅមកដើម្បីឈានទៅរកការ ឯកភាពជាតិ គឺជារឿងចាំបាច់បំផុតសម្រាប់កម្ពុជា។

លោកអះអាងថា អ្នកនយោបាយកំពូលៗ និងអ្នកនយោបាយថ្មីៗ ត្រូវតែនាំត្រូវធ្វើជាអ្នកដឹកនាំគំរូ និងអប់រំពលរដ្ឋរបស់ខ្លួនឲ្យក្លាយជាធនធានមនុស្សរឹងមាំពិតប្រាកដសម្រាប់កសាងសង្គមជាតិ។

ដូច្នេះ ពួកគេត្រូវតែទម្លាក់ចោលនូវគំនិត អញនិយម និងងាកមករកការផ្សះផ្សាគ្នា ដើម្បីឈានទៅរកការសាមគ្គីជាតិ បង្រួបបង្រួមជាតិ និងឯកភាពជាតិ ក្រោមកាតព្វកិច្ចក្នុងនាមខ្លួនជាម្ចាស់ជោគវាសនាលើទឹកដីរបស់ខ្លួន។

ការអះអាងនេះធ្វើឡើង ដើម្បីរិះគន់ទៅលើមេដឹកនាំគណបក្សនយោបានៅកម្ពុជា ដែលតែងប្រកាន់ជំហរ និងប្រកាន់ការអនុវត្តបេសកកម្មនយោបាយរបស់ពួកគេរៀងៗខ្លួន។ រហូតមកទល់ពេលនេះគេមិនទាន់មានមេដឹកនាំនយោបាយមួយណាអាចស្វែងរកការរួបរួមដើម្បីឯកភាពជាតិបាននៅឡើយទេ។

ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍ខ្លះ ត្អូញត្អែរថា ចាប់តាំងពីតុលាការកំពូលប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ដ៏មានឥទ្ធិពលនៅកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និង ហាមឃាត់សិទ្ធិនយោបាយមន្ត្រីជាន់គណបក្សនេះចំនួន ១១៨នាក់មក វិបត្តិនយោបាយ និងការរឹតត្បិតសេរីភាពបញ្ចេញមតិនៅកម្ពុជា កាន់តែអាក្រក់ទៅៗ។

ជាងនេះទៀត ពួកគេ អះអាងថា ការដឹកនាំនយោបាយរបស់លោក ហ៊ុន សែន ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ឆ្នាំ១៩៨៥ មក បានប្រើអំណាចហួសដែនកំណត់។ ក្នុងនោះ លោ ហ៊ុន សែន បានរំលោភលើសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ បំពានរដ្ឋធម្មនុញ្ញ រំលោភព្រះមហាក្សត្រ និងរំលោភលើច្បាប់អន្តរជាតិនានា ដូចជា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ជាដើម យ៉ាងធ្ងន់ធ្ងរ។

ដោយឡែក លោក សម រង្ស៊ី ដែលជាអតីតមេដឹកនាំបក្សប្រឆាំង ត្រូវបានសមាជិកបក្សរបស់ខ្លួន ដែលឈប់គាំទ្រខ្លះលាតត្រដាងថា ជាក្រុមដែលពូកែលាបពណ៌ និងក្រុមដែលពូកែជេរប្រមាថទៅវិញ។

យ៉ាងនេះក្តី លោក សម រង្ស៊ី អះអាងថា ក្នុងឋានៈជាអតីតប្រធានគណបក្សប្រឆាំងនៅកម្ពុជា លោកត្រូវគេទទួលស្គាល់គ្រប់ៗគ្នាថា លោកមិនដែលបៀតបៀនបុគ្គលណាម្នាក់ និងមិនដែលលួចនរណា សូម្បីតែមួយរៀល ហើយ មិនដែលប៉ះពាល់នរណា ឬធ្វើបាបនរណាឡើយ។  ជាពិសេសលោកមិនដែលមានគំនិតទៅលួចជាតិដ៏ក្រកម្សត់នេះម្តងណានោះទេ។

ចំណែក លោកកឹម សុខា ធ្លាប់បានអះអាងកាលពីចុង ខែមីនា ឆ្នាំ២០២១ នេះ ថា  សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកសេរីមួយចំនួន នៅតែទទួលស្គាល់អំពីគុណតម្លៃរបស់លោកក្នុងការងារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ បន្ថែមពីនេះ ពួកគេក៏បានទទួលស្គាល់នូវគោលជំហររបស់លោកដែលតែងប្រកាន់ភ្ជាប់នូវគោលការណ៍អហិង្សា ការអត់ធ្មត់ និងតែងតែស្វែងរកដំណោះស្រាយលើបញ្ហានានាដោយសន្តិវិធី ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋខ្មែរ ផងដែរ។

សហភាពអឺរ៉ុប និងបណ្តាប្រទេសលោកសេរីជាច្រើន នៅតែជំរុញឱ្យអ្នកនយោបាយខ្មែរវិលទៅរក ការចរចាបញ្ចប់ជម្លោះនយោបាយ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ជាងផលប្រយោជន៍បុគ្គល ឬ បក្សរបស់ខ្លួន។

យ៉ាងណាក៏ដោយ មកទល់ពេលនេះពន្លឺនៃកិច្ចចរចានយោបាយនៅកម្ពុជា នៅមិនទាន់មានសង្ឃឹមនៅឡើយទេ ខណៈប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន ធ្លាប់បានអះអាងថា លោកគ្មានអ្វីត្រូវចរចានោះទេ ហើយលោកថែមទាំងហាមមិនឱ្យបរទេសជួយសម្របសម្រួលវិបត្តិ នយោបាយនៅកម្ពុជាថែមទៀតផង៕

Exit mobile version