The Cambodia Daily Khmer

មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិថា កម្ពុជា ចូលចិត្តជំនួយចិន ព្រោះជាជំនួយគ្មានលក្ខខណ្ឌ នៃការគោរពសិទ្ធិមនុស្ស

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង អះអាងថា មានប្រទេសដែលអនុវត្តប្រព័ន្ធលទ្ធិប្រជាធិបតេយ្យដូចកម្ពុជា កំពុងរង់ចាំផ្តល់ជំនួយដល់កម្ពុជាជានិច្ច ប៉ុន្តែពួកគេតម្រូវឲ្យកម្ពុជាគោរពគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះ។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នេះថា ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ប្រទេសជាហត្ថលេខីទាំង១៨ រួមមានសហគមន៍អឺរ៉ុប អាមេរិក ជប៉ុន បារាំង ជាដើម តែងរង់ចាំជួយយិតយោងកម្ពុជាជានិច្ច។

លោកបន្តថា ប្រទេសក្នុងតំបន់អាស៊ានមួយចំនួនទៀត ក៏បានសន្យាជួយស្ដារ និងកសាងសេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈជំនួយអភិវឌ្ឍ នានាផងដែរ ប៉ុន្តែត្រូវគោរពលក្ខខណ្ឌគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ឲ្យបានត្រឹមត្រូវ។

លោកអះអាងថា នៅពេលដែលអ្នកដឹកនាំនៃប្រទេសមួយប្រឆាំងនឹងអ្នកចេះដឹង ឬបញ្ញវន្ត ក៏ដូចជាដាក់បណ្តាសារប្រទេសខ្លួនឯង អញ្ចឹងដែរ ព្រោះថា នៅពេលដែលអ្នកដឹកនាំនោះបដិសេធមិនទទួលយកចំណេះដឹងថ្មីដើម្បីអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួនហើយ នោះលទ្ធផលនៃប្រទេសជាតិ និងប្រជាជនដែលរស់ក្រោមការគ្រប់គ្រងរបស់អ្នកដឹកនាំបែបនេះ ច្បាស់ជានឹងធ្លាក់ខ្លួនទៅជាពលរដ្ឋនៃប្រទេសក្រីក្រ យ៉ាងពិតប្រាកដ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា ភាពទន់ខ្សោយរបស់អ្នកដឹកនាំខ្មែរ លើការគ្រប់គ្រងរដ្ឋ និងការកសាងខឿនសេដ្ឋកិច្ចជាតិ កម្ពុជា បានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំសម្រាប់ដោះដូរ សេដ្ឋកិច្ចរបស់បរទេសជិតខាង ដូចជា វៀតណាម ថៃ និងចិន ជាដើម បើទោះបីកម្ពុជា ធ្លាប់អួតខ្លួនថា មានលទ្ធភាពអាចធ្វើពាណិជ្ជកម្មដោយស្មើមុខដោយមិនត្រូវការប្រពន្ធអនុគ្រោះពន្ធ លើឆាកអន្តរជាតិក៏ដោយ។

ការអះអាងនេះធ្វើឡើងដើម្បីរិះគន់មេដឹកនាំកម្ពុជាដែលបានប្រកាសជាចំហដែលមាននិន្នាការពឹងផ្អែកលើប្រទេសមហាអំណាចកុម្មុយនីស្តចិន ជាផ្លូវការ ក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្ដីពីអនាគតរបស់អាស៊ី នាពេលថ្មីៗនេះ។

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោក ហ៊ុន សែន បានឆ្លើយតបនឹងអ្នករៀបចំកម្មវិធី ក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្ដីពីអនាគតរបស់អាស៊ី ថា បើមិនឲ្យរដ្ឋាភិបាលកម្ពុជាទៅពឹងមហាអំណាចចិន  តើឲ្យកម្ពុជា ទៅពឹងបរទេសមួយណា ខណៈចិនបានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ។

លោកអះអាងថា ដោយសារតែបានមិត្តចិន ទើបកម្ពុជា មាន ស្ពានឆ្លងទន្លេ មានផ្លូវខ្វាត់ខ្វែង ជាពិសេសវ៉ាក់សាំងប្រឆាំងជំងឺCovid-19 នេះតែម្តង។ ប៉ុន្តែលោក បញ្ជាក់ថា ទោះយ៉ាងណាក៏ដោយកម្ពុជា នៅតែស្វាគមន៍រាល់ជំនួយរបស់ប្រទេសនានា ក្រៅពីចិន ផងដែរ។

ជុំវិញបញ្ហានេះ ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា រដ្ឋាភិបាលចូលចិត្តជំនួយចិន ព្រោះថា ជំនួយដែលរដ្ឋាភិបាលចិន ផ្តល់ឲ្យកម្ពុជា មិនមែនគ្រាន់តែជាតួលេខនោះទេ ប៉ុន្តែជាការផ្តល់នូវសាច់ប្រាក់សុទ្ធៗដល់រដ្ឋាភិបាលតែម្តង ដូច្នេះរដ្ឋាភិបាលកម្ពុជា មានសិទ្ធិពេញលេញក្នុងការចាត់ចែងសាច់ប្រាក់ទាំងនោះ ទៅតាមសេចក្តីត្រូវការរបស់ខ្លួនដោយមិនខ្វល់ពីតម្លាភាពចំពោះម្ចាស់ជំនួយនោះឡើយ។

ដោយឡែកជំនួយរបស់ប្រទេសលោកសេរី ដែលផ្តល់ទៅឲ្យកម្ពុជា រដ្ឋាភិបាលគ្រាន់តែធ្វើជាតំណាងចុះហត្ថលេខា ទទួលស្គាល់ជាកិច្ចសន្យាប៉ុណ្ណោះ ប៉ុន្តែសាច់ប្រាក់ត្រូវទម្លាក់តាមផែនការស្នើសុំជាជំហានៗ ដែលធ្វើឲ្យរដ្ឋាភិបាលមិនអាចកាន់លុយ ទាំងនោះដោយផ្ទាល់នោះទេ។ លើសពីនេះ ត្រូវធ្វើរបាយការណ៍លម្អិតពីសកម្មភាពរបស់ខ្លួនដល់ម្ចាស់ជំនួយថែមទៀត ដើម្បីបង្ហាញពីគណនេយ្យភាពរបស់ខ្លួនចំពោះការចាយវាយសាច់ប្រាក់នោះ។

កាលពីចុងឆ្នាំ២០២០ អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកថា រដ្ឋាភិបាលកម្ពុជា បានជំពាក់លុយរដ្ឋាភិបាលចិន ជាង ៦ពាន់លាន ដុល្លារអាមេរិក ដែលស្ថិតក្នុងភាគរយខ្ពស់ជាងគេបំផុតក្នុងចំណោមប្រទេសចំនួន ៣០ដែលជំពាក់លុយចិន ដែរនោះ។

យ៉ាងណាក៏ដោយ កាលពីចុងឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា បានបញ្ចេញរបាយការណ៍របស់ខ្លួនថា កម្ពុជា បានជំពាក់បំណុលប្រទេសមួយចំនួនប្រមាណជាង ១៦ពាន់លានដុល្លារ   អាមេរិក ក្នុងនោះក៏បានជំពាក់ចិន ប្រមាណជាង ៥០០០លាន ដុល្លារអាមេរិកផងដែរ៕

Exit mobile version