The Cambodia Daily Khmer

រដ្ឋមន្ត្រីក្រសួងព័ត៌មានថា ក្នុងនាមជាអ្នកសារព័ត៌មានត្រូវតែផ្សាយព័ត៌មានពិត ខណៈក្រុមអ្នកតស៊ូមតិទាត់ចោលការអះអាងនេះ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងថា ក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវចាំថា ព័ត៌មានដែលប្រព័ន្ធផ្សាយរបស់រដ្ឋផ្សាយចេញ គឺត្រូវតែផ្សាយព័ត៌មានពិត ត្រឹមត្រូវ ច្បាស់លាស់ ជឿទុកចិត្តបាន ដោយមិនធ្វើឱ្យ ពលរដ្ឋ មានការយល់ច្រឡំឡើយ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអះអាងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីធ្វើការត្រួតពិនិត្យផែនការសកម្មភាព វឌ្ឍនភាព ការងារវិស័យផ្សព្វផ្សាយព័ត៌មាន និងសោតទស្សន៍ នៅថ្ងៃទី២៦ ខែឧសភា នេះថា រាល់ព័ត៌មាន ត្រូវតែរហ័ស និងមានការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ ទើបព័ត៌មានដែលផ្សាយចេញទៅនោះ ទទួលបានទំនុកចិត្ត និង ជាព័ត៌មានដែលអាចទទួលយកបានពីពលរដ្ឋទូទៅ។

លោកអះអាងថា ការអនុវត្តរបស់ក្រសួងព័ត៌មាន កន្លងមកបានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់លើការងារព័ត៌មាន និងសោតទស្សន៍ ព្រមទាំងបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព ឯកភាព និងសហការគ្នាបានយ៉ាងល្អដើម្បីផ្តល់ជូនសាធារណជននូវព័ត៌មានដែលគួរជាទីទុកចិត្ត។

លោក បញ្ជាក់ថា ទោះបីស្ថិតកាលៈទេសៈ នៃជំងឺCovid-19 នេះក៏ដោយ ស្ថាប័នព័ត៌មាន នៅតែដើរតួនាទីយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មាន ពិត ទាន់ហេតុការណ៍ នូវរាល់ព្រឹត្តិការណ៍ថ្មីៗ អោយសាធារណជនបានដឹង កាន់តែច្បាស់ និងស៊ីជម្រៅបន្ថែមទៀត។

ក្នុងឱកាសទិវាសារព័ត៌មានសកលលោក លើកទី២៨ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា វិស័យសារព័ត៌មានកាន់តែមានសារៈសំខាន់ក្នុងការបម្រើផលប្រយោជន៍សាធារណជន និងការភ្ជាប់ទំនាក់ទំនង រវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការនាំយកព័ត៌មានពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋវិញ។

បែបនេះក្តី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បានថ្លែងសុន្ទរកថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ថា ចរន្តស្ដីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងតែដាំក្បាលចុះយ៉ាងធ្ងន់ធ្ងរ ពិសេសគឺចាប់តាំងពីការបើកយុទ្ធនាការបង្ក្រាបលើប្រព័ន្ធសារព័ត៌មានឯករាជ្យ កាលពីខែសីហា ឆ្នាំ២០១៧ មក។

ជុំវិញបញ្ហានេះ របាយការណ៍ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២០ អះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជា បានថយចុះជាលំដាប់ ពោលគឺទទួលបានចំណាត់ថ្នាក់លេខ១៤៤ ក្នុងចំណោមប្រទេសទាំង១៨០។ ចំណែក អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដែលមានមូលដ្ឋាននៅបរទេសអះអាងថា សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា បានបន្តធ្លាក់ចុះ៣ឆ្នាំជាប់គ្នា គឺក្នុងឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២០។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នេះថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មិនបានឆ្លុះបញ្ចាំងពីភាពជាក់ស្តែងនៅកម្ពុជា នោះទេ។

លោកអះអាងថា ដើម្បីឲ្យស្ថាប័នសារព័ត៌មាននានាទាំងរដ្ឋាភិបាល និងសារព័ត៌មានឯករាជ អាចផ្សាយព័ត៌មានពិតជូនពលរដ្ឋបានរដ្ឋាភិបាលត្រូវតែបើកទូលាយ ឲ្យអ្នកសារព័ត៌មានទាំងអស់ផ្សព្វអ្វីដែលពួកគេបានមើលឃើញ ហើយមិនត្រូវរឹតត្បិតសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានដែលរិះគន់ចំណុចអាក្រក់របស់ខ្លួននោះទេ។

លោក បញ្ជាក់ថា សព្វថ្ងៃនេះ ប្រសិនបើពលរដ្ឋខ្មែរ មិនទទួលបានការផ្សព្វផ្សាយរបស់ព័ត៌មានឯករាជនានាទេ ច្បាស់ជាស្ថាប័នសារព័ត៌មានដែលជាស្ថាប័នចំណុះឲ្យរដ្ឋាភិបាលបោកប្រាស់ កុហកភូតភរ ប្រជាពលរដ្ឋរាល់ថ្ងៃជាមិនខាន។ ដូច្នេះ ដើម្បីឲ្យមានភាពយុត្តិធម៌ថា ការផ្សាយរបស់សារព័ត៌មាន ផ្សាយពីការពិត ឬអត់ សូមរដ្ឋាភិបាលកុំបំបិទសិទ្ធអ្នករិះគន់របស់ខ្លួន ហើយទុកឲ្យពួកគេនិយាយអ្វីដែលគេបានដឹងបន្តទៀត នៅពេលនោះនឹងឃើញការពិតកាន់តែច្បាស់ជាមិនខាន។

រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៤១ បានចែងថា ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបប្រជុំជាដើម៕

Exit mobile version