ស្ថានទូតខ្មែរប្រចាំប្រទេសវៀតណាម បានក្រើនរំឭកដល់និស្សិត សិក្ខាកាមយោធា នគរបាល និងប្រជាពលរដ្ឋខ្មែរដែលកំពុងសិក្សា និងស្នាក់នៅក្នុងប្រទេសវៀតណាម ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រែប្រួលអាកាសធាតុក្នុងអំឡុងខែមិថុនា ដល់ខែវិច្ឆិកា ខាងមុខនេះនៅប្រទេសវៀតណាម។
ស្ថានទូតខ្មែរប្រចាំប្រទេសវៀតណាម បានជូនដំណឹងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ដោយរៀបរាប់តាមកាសែត Vietnam News ដែលបានដកស្រង់ការលើកឡើងរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានឧតុនិយម និងជលសាស្ត្រនៃក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម ថាអំឡុងខែមិថុនា និងកក្កដា កម្តៅក្តៅខ្លាំងអាចនឹងគ្របដណ្តប់ភាពខាងជើង រីឯភាគកណ្តាលនឹងមានកម្តៅពីខែមិថុនា ដល់ខែសីហា ហើយតំបន់ខ្លះអាចក្តៅដល់ ៤១ ឬ ៤២អង្សាសេ។
ការជូនដំណឹងនោះបានបញ្ជាក់ឲ្យនិស្សិត សិក្ខាកាមយោធា នគរបាល និងប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅប្រទេសវៀតណាម បង្កើនការប្រុងប្រយ័ត្នទៀតថា ឆ្នាំនេះមានព្យុះប្រមាណ១២ ទៅ ១៤ នឹងកើតមាននៅសមុទ្រខាងកើត ក្នុងនោះព្យុះប្រមាណពី ៥ ទៅ ៧ នឹងបោកបក់មកដីគោកនៃប្រទេសវៀតណាម។ ប្រភពដដែលបញ្ជាក់ថា ពេលបច្ចុប្បន្ននេះ វៀតណាម មានសមត្ថភាពព្យាករណ៍ដឹងមុន ៥ថ្ងៃនៃការមកដល់ព្យុះ និងដឹងមុន ៣ថ្ងៃនៃការមកដល់នៃសម្ពាធត្រូពិច និងអាចដឹងមុន ២ថ្ងៃ ឬ ៣ថ្ងៃនៃថ្ងៃដែលមានភ្លៀងខ្លាំងក្នុងកម្រិតសុក្រឹតច្រើនជាង ៧៥ភាគរយ។
ក្រៅពីការក្រើនរំឭកឲ្យប្រជាពលរដ្ឋខ្មែររស់នៅវៀតណាម មានការប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ហើយក៏បានឲ្យប្រជាពលរដ្ឋថែរក្សាសុខភាពឱ្យបានល្អ ដើម្បីចៀសវាងការឆ្លងវីរុស Covid-19 ទៅដល់សហគមន៍ដែលខ្លួនកំពុងរស់នៅផងដែរ៕