ងារជាឧកញ៉ាដែលព្រះមហាក្សត្របានប្រទានដល់ពាណិជ្ជករ ឈ្មួញ នាយទុន ហើយក្លាយជាអ្នករកស៊ីខុសច្បាប់ ធ្វើឲ្យខូចតម្លៃ កិត្តិយស ងារដ៏បវរនេះក្នុងវប្បធម៌ប្រពៃណីខ្មែរ។
តើមានឧកញ៉ាណាខ្លះជិតស្និទ្ធនឹងគ្រួសារនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយរកស៊ីបន្លំភ្នែក និងគេចពន្ធ?
សេដ្ឋីស្រុកខ្មែរមានងារឧកញ៉ាចំនួន៨ហើយ យើងបានផ្សាយជូនជ្រាបអំពីមុខរបររកស៊ីដែលមិនសូវមានកេរ្តិ៍ឈ្មោះល្អ។ ឧកញ៉ាទី៩ ដែលអះអាងថាចេញពីរបបខ្មែរក្រហមមកបាតដៃទទេ ហើយមកកសាងមុខរបរក្លាយជាអាណាចក្រពាណិជ្ជកម្មក្នុងប្រទេសកម្ពុជានាសម័យកងទ័ពក្រុងហាណូយត្រួតត្រា គឺសេដ្ឋិនីឧកញ៉ា លឹម ឈីវហូរ។
ឧកញ៉ា លឹម ឈីវហូរ គេដាក់រហស្សនាមឲ្យក្នុងសេចក្តីរាយការណ៍ពីស្ថានទូតស.រ.អា ប្រចាំប្រទេសកម្ពុជាថា មេឆ្មាំសោទ្វារ ឬមេឆ្មាំចាំទ្វារ The Gatekeeper។ នេះមានន័យថា អ្នករកស៊ីមកពីខាងណា ចង់ជួបអ្នកណា ត្រូវចូលតាមរយៈឧកញ៉ា លឹម ឈីវហូរ។
តាមសេចក្តីរាយការណ៍ក្នុងសារព័ត៌មាន Southeast Asia Globe ខែវិច្ឆិកា ឆ្នាំ២០១៧ អ្នកស្រី លឹម ឈីវហូរ ប្រាប់កាសែតថា អ្នកស្រីកើតនៅខេត្តព្រះសីហនុ ខែតុលា ឆ្នាំ១៩៦១។ ពេលខ្មែរក្រហមបានជ័យជម្នះនៅឆ្នាំ១៩៧៥ គេបានយកអ្នកស្រីគ្រានោះវ័យប្រមាណ ១៤ឆ្នាំ ទៅដាក់ក្នុងជំរំឃុំគ្រងជាមួយ ឬកងកុមារចំនួន ២៧៥នាក់ ហើយថាក្រោយមកស្លាប់សឹងតែអស់ នៅសល់តែអ្នកស្រី និងកុមារ ៤នាក់ទៀតប៉ុណ្ណោះ។
គួរបញ្ជាក់ថា ដើមទសវត្ស១៩៦០ គ្មានទេខេត្តព្រះសីហនុ មានតែក្រុងព្រះសីហនុ។ អ្នកស្រី លឹម ឈីវហូរ បានទទួលងារឧកញ៉ាលំដាប់ទី២១០ តាមព្រះរាជក្រឹត្យលេខ០១០៦/០៤២ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៦។
ឧកញ៉ា លឹម ឈីវហូរ ជាមនុស្សជំនិតនឹងគ្រួសារនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដន្លងនឹងឧកញ៉ា ជឹង សុភាព ហៅយាយភូ ព្រោះកូនស្រីឧកញ៉ា លឹម ឈីវហូរ រៀបការនឹងកូនប្រុសឧកញ៉ា ជឹង សុភាព។
ក្នុងអាជីវកម្ម ឧកញ៉ា លឹម ឈីវហូរ មានក្រុមហ៊ុន អាត់វោដ អាហរ័ណ នីហរ័ណ (Attwood Import Export Co.) ដែលអ្នកស្រីជានាយិកាចាត់ចែងមានដៃគូហ៊ុនប្រមាណ ១លានដុល្លារពីឧកញ៉ា ទេព បុប្ផាប្រសិទ្ធ ដៃគូហ៊ុនជាមួយឧកញ៉ា ស៊ាន លាងឈុន ហៅយាយឈុន ឧកញ៉ា ជឹង សុភាព ហៅយាយភូ ហើយនិងភរិយាមេគយ ប៉ែន ស៊ីម៉ន អ្នកស្រី ងិន ស៊ុនសុភាព។
ក្នុងសេចក្តីរាយការណ៍អង្គការ Global Witness ឆ្នាំ២០០៧ ក្រុមហ៊ុនរបស់ឧកញ៉ា លឹម ឈីវហូរ រកស៊ីប្រទាក់ក្រឡាដូចពីងពាងខាងដឹកឈើ លក់ឈើជាមួយអង្គភាពកងពលតូចលេខ៧០ ដែលមានដៃគូឈ្មោះ សៀម ទូច ម្រាក់របស់ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ជាភរិយាឈ្មោះ ហាក់ ឡេង ដៃគូឈ្មោះ ខៃ ណារិន ព្រមទាំងអ្នកស្រី សុខ កែវ ភរិយាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាន់ សារុន។
ឈ្មោះជាក្រុមហ៊ុននាំចូលនាំចេញ អាត់វោដ អាហរ័ណ នីហរ័ណ អ្នកស្រី លឹម ឈីវហូរ នាំផលិតផលគ្រឿងស្រវឹងជាច្រើនមុខ ជាអ្នកចែកចាយផ្លូវការនូវស្រាហិនណេស៊ី គោញ៉ាក់ (Hennessy Cognac) ស្រាវីស្គី Johnnie Walker ប៊ីយែរ៍ហូឡង់ដ៍ Heineken និងប៊ីយែរ៍ម៉ិកហ្សិក កូរ៉ូណា (Corona) ក្នុងឆ្នាំ២០១៥។
ច្រើនឆ្នាំក្រោយមក ឧកញ៉ា លឹម ឈីវហូរ ពង្រីកមុខរបរទៅខាងសណ្ឋាគារ អចលនទ្រព្យ និងតំបន់សេដ្ឋកិច្ចពិសេស (special economic zone) នៅជិតក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងតំបន់ជាប់ព្រំដែនយៀកណាម មានបាវិត ខេត្តស្វាយរៀង ជាដើម។ តំបន់សេដ្ឋកិច្ចពិសេស មានក្រុមហ៊ុនបរទេស ជាពិសេសក្រុមហ៊ុនជប៉ុន Zephyr ដាក់ហ៊ុនជាមួយដើម្បីទាក់ទាញក្រុមហ៊ុនពីក្រៅ ដោយឲ្យរួចពន្ធ ៩ឆ្នាំដំបូងក្រោយពីដាក់ទុនរកស៊ី។
ប៉ុន្មានឆ្នាំក្រោយមក មានក្រុមហ៊ុនចំនួន៨៨ រកស៊ីក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ឆ្នាំ២០១៧ ឧកញ៉ា លឹម ឈីវហូរ ដាក់ទុនបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសថៃឡង់ដ៍។ ក្រុមហ៊ុន អាត់វោដ បើកសាខានៅប្រទេសលាវ ក្នុងឆ្នាំ២០១១។ ក្រៅពីក្រុមហ៊ុន អាត់វោដ អាហរ័ណ នីហរ័ណ ឧកញ៉ា លឹម ឈីវហូរ គ្រប់គ្រងក្រុមហ៊ុនសំណង់ LCH Construction Co. ជាមួយឈ្មោះ លឹម មុយគីម តាន់ កាក់ឃុន និង តាន់ សឿនមួយ។
ក្នុងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ឧកញ៉ា លឹម ឈីវហូរ គ្រប់គ្រងជាមួយឈ្មោះ តាន់ សឿនមួយ តាន់ កាក់ឃុន ហែម សូវ៉ាត និងភាគីជប៉ុនឈ្មោះ ហ៊ីរ៉ូស្ហ៊ី អុតស៊ូបូ អ៊ីរ៉ូស្ហ៊ី អ៊ូម៉ាតស៊ូកិនជី តូយ៉ូតា និង វ៉ី ហ្គិះកាង។ ដីក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញទំហំជិត ៥០០ហិកតារ តម្លៃមួយម៉ែត្រការ៉េពី ៨០ ទៅ ៩០ដុល្លារ។ តម្លៃនេះ តាមការពិនិត្យ គឺទិញពីប្រជាពលរដ្ឋជាម្ចាស់ដីស្រែចម្ការ។
ឧកញ៉ា លឹម ឈីវហូរ ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាសមាជិកក្រុមអភិបាលកាកបាទក្រហមកម្ពុជា និងជាអ្នករៃអង្គាសបច្ច័យឲ្យកាកបាទក្រហមកម្ពុជា។
ឧកញ៉ា លឹម ឈីវហូរ រស់នៅក្នុងអគារដូចប្រាសាទមួយកម្ពស់ ៨ជាន់ ស្ថិតមិនឆ្ងាយពីសណ្ឋាគារ Inter-continental របស់អតីតឧកញ៉ា ថេង ប៊ុនម៉ា ថៅកែក្រុមហ៊ុន ថៃ ប៊ុនរូង នៅរាជធានីភ្នំពេញ ដោយមានអាងហែលទឹក និងសួនច្បារលើដំបូល ហាងកាត់សក់ ធ្វើសក់ និងក្រចកដៃជើង មិនបាច់ចេញទៅក្រៅឆ្ងាយ។ នៅឆ្នាំ១៩៩០ អ្នកស្រី លឹម ឈីវហូរ ជួលផ្ទះឲ្យយកធ្វើជាស្ថានទូត ស.រ.អា តម្លៃមួយខែ ៦ពាន់ដុល្លាររហូតដល់ឆ្នាំ២០០៥។
អង្គការ Global Witness ស៊ើបអង្កេតឃើញថា នៅឆ្នាំ២០០៥ ក្រុមហ៊ុន អាត់វោដ អាហរ័ណ នីហរ័ណ នាំចូលស្រា Hennessy Cognac រួចប្រើអង្គភាពកងពលតូចលេខ៧០ ដឹកចេញពីកំពង់ផែឧកញ៉ា ម៉ុង ទៅកាន់សណ្ឋាគារ Inter-continental ចំនួន ៦ម៉ឺនដប ដោយឲ្យលុយឈ្មោះ ហាក់ ម៉ៅ ចំនួន ១សែនដុល្លារ។
នៅឆ្នាំ២០០៦ គេរកឃើញថា សណ្ឋាគារនោះស្តុកស្រាម៉ាក Hennessy Paradis ចំណុះមួយដប ៧០សង់ទីលីត្រមានតម្លៃ ៩៨០ដុល្លារ។ គេប៉ាន់ស្មានថា បើលក់រាយនៅតាមសណ្ឋាគារ ៦ម៉ឺនដប មានតម្លៃជិត ៦លានដុល្លារ។ គេសន្មតថា នេះជារបៀបរត់គេចពន្ធក្នុងរបរនាំចូលស្រាថ្លៃពីបរទេស។ តាមសេចក្តីរាយការណ៍ក្នុងសារព័ត៌មានក្នុងស្រុក ឧកញ៉ា លឹម ឈីវហូរ ជាសេដ្ឋិនីលំដាប់ទី៤ ក្នុងឆ្នាំ២០១៩ តាមទំហំមុខរបរ និងទឹកប្រាក់។
សប្តាហ៍ក្រោយ សូមជូនភាគបញ្ចប់ ឧកញ៉ាទី១០ ដែលមានរហស្សនាមថា អ្នករកឃើញឃ្លាំងដាក់ប្រាក់៕