ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ រិះគន់ថា រដ្ឋាភិបាលកម្ពុជាកំពុងបង្កើនយុទ្ធនាការរបស់ខ្លួនដើម្បីបំបិទមាត់សកម្មជនតស៊ូមតិដើម្បីការពារបរិស្ថាន។
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំអាស៊ី លោក ហ្វីល រ៉ូបឺតសុន នៅថ្ងៃទី២២ មិថុនា នេះ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលរាល់បទចោទទៅលើសកម្មជនបរិស្ថានចំនួន ៤នាក់ ដែលចូលរួមជាមួយអង្គការមាតាធម្មជាតិកម្ពុជាកន្លងមក និងដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញ។
លោករិះគន់ថា តុលាការដែលកាត់ក្តីមានលក្ខណៈនយោបាយទៅលើសកម្មជនបរិស្ថានទាំងនោះ គឺពិតជាមិនយុត្តិធម៌សម្រាប់ពួកគេនោះទេ ព្រោះថាតុលាការមិនបានបង្ហាញភស្តុតាងណាមួយដែលបានបញ្ជាក់ឲ្យបានពិតប្រាកដក្នុងការចោទប្រកាន់ទៅលើសកម្មជនបរិស្ថានទាំងនេះនោះឡើយ។
លោក ហ្វីល រ៉ូបឺតសុន បញ្ជាក់ថា ការចាប់ខ្លួនសកម្មជនបរិស្ថានទាំងនោះ បង្ហាញឲ្យឃើញអំពីការរឹតត្បិតសេរីភាពបញ្ចេញមតិយ៉ាងធ្ងន់ធ្ងរក្នុងពេលបច្ចុប្បន្ននេះនៅកម្ពុជា ដែលផ្ទុយទៅនឹងខ្លឹមសាររដ្ឋធម្មនុញ្ញរបស់ខ្លួន និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ទាំងស្រុង។
ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីតុលាការកម្ពុជាចោទប្រកាន់សកម្មជនបរិស្ថាន ៣រូបពីបទរួមគំនិតក្បត់ និងត្រូវបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន។
នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នេះ Facebook មួយឈ្មោះ កម្ចាត់ជនក្បត់ បានបង្ហាញភស្តុតាងវីដេអូមួយអំពីការជួបប្រជុំតាមប្រព័ន្ធវីដេអូរបស់សកម្មជនចលនាមាតាធម្មជាតិ ដែលត្រូវគេចោទថាជាការប្រមាថអង្គព្រះមហាក្សត្រ និងប្រើប្រាស់ហិរញ្ញប្បទានភេរវកម្មដើម្បីធ្វើសកម្មភាពផ្តួលរំលំរដ្ឋាភិបាល។
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនសកម្មជនចលនាមាតាធម្មជាតិ ៣រូប ក្នុងនោះរួមមានលោក លី ចាន់ដារ៉ាវុទ្ធ កញ្ញា ស៊ុន រដ្ឋា និងលោក យឹម លាងហ៊ី នៅពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់។
បញ្ហានេះ ប្រសិនបើសកម្មជនបរិស្ថានទាំងនោះពិតជាត្រូវបានផ្ដន្ទាទោសមែន ពួកគេប្រឈមនឹងការជាប់ពន្ធនាគារពី ៥ ទៅ ១០ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០លានរៀល។
ទាក់ទិននឹងបញ្ហានេះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy បានសរសេរលើបណ្តេញ Tweeter របស់លោកថា សកម្មជនបរិស្ថានទាំងនោះមិនបានចូលរួមអំពើភេរវកម្មនោះទេ ពួកគេគ្រាន់តែធ្វើខ្សែវីដេអូទាក់ទងនឹងការថែរក្សាបរិស្ថានប៉ុណ្ណោះ។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសឲ្យយុវជនបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិ រួមមាន លោក ថុន រដ្ឋា លោក អាឡិច កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងកញ្ញា ជា គន្ធី ម្នាក់ៗឱ្យជាប់ពន្ធនាគាររយៈពេលចាប់ពី ១៨ខែទៅដល់ ២០ខែ និងពិន័យជាប្រាក់ចំនួន ៨លានរៀលផងដែរ៕