ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) ព្រមានថា លោក ហ៊ុន សែន កំពុងប្រឈមមុខបញ្ហាធំ៣ ក្នុងការដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃនេះ ទី១ គឺទំនាក់ទំនងការបរទេសមិនបានល្អ ទី២ បញ្ហាបែកបាក់ផ្ទៃក្នុងជាតិ និងទី៣ បញ្ហាបែកបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា របស់លោកផ្ទាល់ផងដែរ។
ក្រុមនេះអះអាងថា មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន កំពុងលេងល្បែងនយោបាយដើម្បីបន្តអំណាចវង្សត្រកូលរបស់ខ្លួន មិនគិតពីផលប្រយោជន៍ជាតិ និងប្រជាជននោះឡើយ។
សេចក្តីថ្លែងការណ៍របស់ក្រុមចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបានចេញផ្សាយជាសាធារណៈនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ថា វៀតណាមនឹងបង្កើនសកម្មភាពយាយីមកលើអធិបតេយ្យភាព និងនយោបាយរបស់កម្ពុជាកាន់តែខ្លាំងឡើងៗ ដែលធ្វើឱ្យប៉ះពាល់ដល់អំណាចរបស់លោក ហ៊ុន សែន ទាំងក្នុងគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលរបស់លោក។
ជាងនេះទៀត ប្រទេសចិន នឹងចម្រាញ់យកផលចំណេញពីការវិនិយោគទុនរបស់ខ្លួនពីកម្ពុជា ប៉ុន្តែប្រសិនបើចិនជួបឧបសគ្គចំពោះផលចំណេញរបស់គេ ឬមើលឃើញថា កម្ពុជាពុំមានសក្ដានុពលដល់សន្តិសុខជាតិ និងពាណិជ្ជកម្មរបស់ខ្លួន ពួកគេនឹងពិចារណាដកខ្លួនចំពោះការគាំទ្រលោក ហ៊ុន សែន ជាមិនខាន។
ដោយឡែកប្រទេសលោកសេរីនឹងបន្តដាក់សម្ពាធតាមរយៈនៃការកាត់បន្ថយទំនាក់ទំនងការទូត ពាណិជ្ជកម្ម និងបង្កើនការដាក់ទណ្ឌកម្មលើបុគ្គល និងការទប់ស្កាត់ការបង្វិលសាច់ប្រាក់ចេញចូលជាមួយកម្ពុជាផងដែរ។
ប្រភពដដែលអះអាងថា នៅពេលដែលមហាអំណាចចិនដកខ្លួន ប្រទេសលោកសេរីក៏ដាក់ទណ្ឌកម្ម ហើយរដ្ឋាភិបាលលោក ហ៊ុន សែន នឹងជួបវិបត្តិផ្ទៃក្នុងជាតិធ្ងន់ធ្ងរមិនខាន ដូចជា៖
- គ្មានប្រាក់ខែបើកជូនមន្ត្រីរាជការ
- បំណុលបរទេសកាន់តែកើនទ្បើង
- ការធ្លាក់ចុះនៃការវិនិយោគទុនដោយផ្ទាល់ពីបរទេស
- អត្រាការប្រាក់នៃបំណុលបរទេសកាន់តែទ្បើងខ្ពស់ថែមទៀត។
ជាងនេះទៀត៖
- ភាពអត់ការងារធ្វើនឹងកាន់តែកើនទ្បើង
- ការបង្វិលលុយពីប្រទេសលោកសេរីមានការរឹតត្បិត
- ពលករចំណាកស្រុកនឹងវិលទៅស្រុកកំណើតវិញដោយសារបញ្ហា Covid-19
- ការបង្ក្រាបទៅលើសកម្មជនប្រជាធិបតេយ្យនឹងកើនទ្បើង
- ហើយការរឹបអូសទ្រព្យសម្បត្តិពីក្រុមឧកញ៉ាដើម្បីដោះស្រាយបំណុលបរទេស ឬសម្រាប់បើកប្រាក់ខែជូនមន្ត្រីរាជការ និងការចំណាយចាំបាច់ថ្នាក់ជាតិនានា ច្បាស់ជានឹងត្រូវអនុវត្តជាមិនខាន។
ក្រុមនេះបញ្ជាក់ថា នៅពេលដែលបញ្ហាធំៗទាំងពីរខាងលើបានកើតឡើង នឹងធ្វើឱ្យអ្នកដែលមានអំណាចក្នុងជួរគណបក្សប្រជាជនកម្ពុជា ប្រឈមមុខដាក់គ្នាដោយចៀសមិនផុតនោះទេ ដូច្នេះផែនការផ្ទេរអំណាចរបស់លោក ហ៊ុន សែន ទៅឲ្យកូនប្រុសរបស់ខ្លួន គឺលោក ហ៊ុន ម៉ាណែត នឹងជួបឧបសគ្គកាន់តែខ្លាំង។
លើសពីនេះ ការមិនពេញចិត្តចំពោះការដឹកនាំរបស់លោក ហ៊ុន សែន នៅក្នុងជួរបក្សកាន់អំណាចកាន់តែកើនទ្បើង ហើយបញ្ហាស្មុគស្មាញទាំងនេះអាចនឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ឈានដល់ដំណាក់កាលប្រេះបែកជាពីរ ប្រសិនបើពុំមានដំណោះស្រាយទាន់ពេលទេនោះ។
SMD គូសបញ្ជាក់ថា នៅពេលគណបក្សប្រជាជនកម្ពុជា បែកជាពីរ លោក ស ខេង នឹងក្លាយជាមេដឹកនាំប្រឆាំងមួយរូបដ៏មានឥទ្ធិពល និងមានប្រជាប្រិយភាពខ្លាំងបំផុត ប្រសិនបើគាត់សម្រេចចិត្តតទល់នយោបាយជាមួយនឹងលោក ហ៊ុន សែន ទៅថ្ងៃមុខ។
យ៉ាងណាក៏ដោយ កាលពីចុងខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានអួតថា គ្មានអ្នកណាអាចមកផ្តួលរំលំរដ្ឋាភិបាលរបស់លោកបានឡើយ ដូច្នេះលោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ២០៣០ ឯណោះ។
លោក ហ៊ុន សែន ក៏បានបង្ហាញមោទកភាពផងដែរថា ក្រោមការដឹកនាំដ៏វៃឆ្លាតរបស់លោកដែលពោរពេញទៅដោយបទពិសោធន៍ក្នុងតំណែងជានាយករដ្ឋមន្ត្រីរយៈពេលជាង ៣០ឆ្នាំមកនេះ បានដឹកនាំកម្ពុជាឲ្យមានការកសាង អភិវឌ្ឍ មានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិយ៉ាងច្រើន។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ធ្លាប់បានរិះគន់ថា វប្បធម៌ក្រាញអំណាចនេះមិនមានផលប្រយោជន៍សម្រាប់សង្គមកម្ពុជានោះទេ តែផ្ទុយទៅវិញវានឹងធ្វើឲ្យប្រព័ន្ធដឹកនាំរដ្ឋរបស់កម្ពុជាក្លាយជាប្រព័ន្ធផ្ដាច់ការ ប្រព័ន្ធដែលបង្កើតនូវអំពើពុករលួយ អយុត្តិធម៌សង្គម បង្កើតបក្ខពួក គ្រួសារនិយម និងឈានទៅរកការបន្តអំណាចដល់វង្សត្រកូលថែមទៀត។
ទាក់ទិននឹងបញ្ហានេះ កាលពីដើមឆ្នាំ២០២១ គេហទំព័រ List of current longest-ruling Leaders បានចេញផ្សាយថា លោក ហ៊ុន សែន ជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំផ្ដាច់ការទាំង៥ ដែលកាន់កាប់អំណាចយូរជាងគេនៅលើពិភពលោក៕