មន្ត្រីរាជការជាអ្នកដឹកនាំ និងបុគ្គលិកធ្វើការនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពខេត្តក្រចេះ បានចោទប្រកាន់ប្រធានការិយាល័យរដ្ឋបាលមន្ទីរសុខាភិបាលខេត្ត ឈ្មោះ ទឺ ប៊ុនឡេង (ហៅពេទ្យ ទូច) ថាប្រព្រឹត្តអំពើពុករលួយ និងមានឥរិយាបថមិនសមរម្យដល់មន្ត្រីរាជការផ្សេងទៀតដែលតែងតែសម្លុតគំរាមកំហែង រំលោភបំពានការងាររបស់ខ្លួន។
លិខិតរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល ប្ដឹងទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអភិបាលខេត្តក្រចេះ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដែលសារព័ត៌មាន The Cambodia Daily ទើបទទួលបានថ្ងៃនេះបានឲ្យដឹងថា ឈ្មោះ ទឺ ប៊ុនឡេង (ហៅពេទ្យ ទូច) ប្រធានការិយាល័យរដ្ឋបាលមន្ទីរសុខាភិបាលខេត្ត បានយកតួនាទីរបស់ខ្លួនបង្កើតជាមុខរបរការផ្លាស់ប្ដូរទីកន្លែងធ្វើការរបស់បុគ្គលិក និងមន្ត្រីស្រេចតែអំពើចិត្ត ដោយពុំមានឆ្លងយោបល់ ឬការដឹងឮពីអ្នកគ្រប់គ្រងនៅថ្នាក់ក្រោមនោះឡើយ។
លិខិតដដែលបញ្ជាក់ទៀតថា រាល់ការផ្លាស់ប្ដូរមន្ត្រី ឬបុគ្គលិក តម្រូវឲ្យពួកគេបង់ប្រាក់ឲ្យឈ្មោះ ទឺ ប៊ុនឡេង ក្នុងម្នាក់ចន្លោះពី ៣ពាន់ដុល្លារទៅ ៤ពាន់ដុល្លារ។ ចំពោះការជ្រើសរើសកម្មករ បុគ្គលិកកិច្ចសន្យានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យស្រុកប្រតិបត្តិ ក៏បុគ្គលរូបនេះរំលោភបំពានតួនាទី និងមិនអនុញ្ញាតឲ្យមន្ត្រីថ្នាក់ក្រោមដែលជាអ្នកទទួលខុសត្រូវ ជ្រើសរើសនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ កម្មករ ឬបុគ្គលិកកិច្ចសន្យាទាំងនោះ ត្រូវបង់ប្រាក់ឲ្យឈ្មោះ ទឺ ប៊ុនឡេង ពី ១ពាន់ទៅ ១៥០០ដុល្លារ។
មន្ត្រីរាជការជាអ្នកដឹកនាំ និងបុគ្គលិកសុខាភិបាលខេត្តក្រចេះ បានចោទប្រកាន់ឈ្មោះ ទឺ ប៊ុនឡេង ទៀតថា គាត់បានប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់បំផុតដោយកេងបន្លំ និងបំពានលើទឹកចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលើកទឹកចិត្តដល់មន្ត្រីស្ម័គ្រចិត្តបម្រើការងារប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺ Covid-19 ឲ្យចូលក្របខ័ណ្ឌពេញសិទ្ធិ ប៉ុន្តែឈ្មោះ ទឺ ប៊ុនឡេង ហៅពេទ្យ ទូច បែរជាប្រមូលយកលុយពីមន្ត្រីស្ម័គ្រចិត្តទាំង ១៣០នាក់ ដោយក្នុងម្នាក់ៗចន្លោះពី ១ម៉ឺនទៅ ១ម៉ឺន ៣ពាន់ដុល្លារ ហើយបើមិនបង់លុយគ្រប់ចំនួន គឺមិនបានជាប់ក្របខ័ណ្ឌឡើយ ដោយឈ្មោះ ទឺ ប៊ុនឡេង ហៅពេទ្យ ទូច អះអាងថា លុយនេះគឺយកទៅជូនចៅហ្វាយខេត្ត និងអ្នកគ្រប់គ្រងក្រសួងសុខាភិបាល។
ប្រភពដដែលបានបន្តចោទលោក ទឺ ប៊ុនឡេង ថាបានបន្លំឯកសារសាធារណៈ ដោយលួចក្លែងឯកសារបញ្ជាក់លើប្រវត្តិរូបមន្ត្រីស្ម័គ្រចិត្តដែលត្រូវចូលក្របខ័ណ្ឌរដ្ឋ ដោយលួចប្រើឈ្មោះ ហត្ថលេខា និងលួចបោះត្រាប្រធាន-អនុប្រធានស្រុកប្រតិបត្តិរបស់ពួកគាត់ ទាំងពួកគាត់ម្នាក់ៗមិនបានដឹងខ្លួនជាមុនទាល់តែសោះ។
មន្ត្រីរាជការជាអ្នកដឹកនាំ និងបុគ្គលិកទាំងនោះ ទទូចស្នើឲ្យអង្គភាពថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងអភិបាលខេត្តក្រចេះ ត្រួតពិនិត្យការងារ និងអំពើពុករលួយរបស់ឈ្មោះ ទឺ ប៊ុនឡេង ហៅពេទ្យ ទូច នេះតាមវិធានការច្បាប់ឲ្យបានម៉ត់ចត់។
ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងសាមីខ្លួនលោក ទឺ ប៊ុនឡេង ហៅពេទ្យ ទូច ដើម្បីបញ្ជាក់ពីការចោទប្រកាន់ក្នុងអំពើពុករលួយបាននៅឡើយទេ ចំណែកឯប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ ក៏មិនទាន់អាចទាក់ទងបានដែរ។
ឆ្លើយតបការចោទប្រកាន់នេះ លោក ទឺ ប៊ុនឡេង ហៅពេទ្យ ទូច ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តក្រចេះ បានផ្តល់សម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដោយបដិសេធថា មិនបានយកលុយពីមន្ត្រីស្ម័គ្រចិត្តជាប់កិច្ចសន្យាបម្រើការងារប្រឆាំងជំងឺ Covid-19 ម្នាក់ៗចាប់ពី ១ម៉ឺនដុល្លារទៅ ១ម៉ឺន ៣ពាន់ដុល្លារដូចការចោទប្រកាន់ទេ។
ប៉ុន្តែលោកទទួលស្គាល់ថា ពិតជាបានបំពេញប្រវត្តិរូបឲ្យមន្ត្រីស្ម័គ្រចិត្តទាំងអស់ឲ្យចូលក្របខ័ណ្ឌរដ្ឋ ដោយធ្វើរំលងប្រធានប្រតិបត្តិសុខាភិបាលស្រុកពិតប្រាកដមែន។ លោកថា ការធ្វើបែបនេះ ក៏អនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល បានណែនាំដែរ។
ចំណែកលោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានបញ្ជាក់ថា ករណីមន្ត្រីសុខាភិបាលរាប់រយនាក់សរសេរលិខិតប្តឹងឈ្មោះ ទឺ ប៊ុនឡេង ប្រធានការិយាល័យក្រោមឱវាទរបស់លោកនេះ គឺកំពុងត្រូវបានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយចុះស៊ើបអង្កេតហើយ។ ចំពោះលទ្ធផលបែបណានោះ គឺត្រូវរង់ចាំស្តាប់លទ្ធផលពីអង្គភាពប្រឆាំងអំពើពុករលួយប្រកាសសិន។
យ៉ាងនេះក្តី មន្ត្រីសុខាភិបាលថ្នាក់ក្រោមកំពុងបម្រើការងារនៅតាមមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពទាំងអស់នៃខេត្តក្រចេះ ក៏បានចោទលោក ឈ្នាង សុវុត្ថា ថាក៏ជាមន្ត្រីថ្នាក់ដឹកនាំពុករលួយម្នាក់ដែរ ដោយបានបើកដៃឲ្យលោក ទឺ ប៊ុនឡេង ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តក្រចេះ ប្រព្រឹត្តអំពើពុករលួយដោយរូបលោកមិនចេញមុខតែប៉ុណ្ណោះ និងរង់ចាំទទួលផលប្រយោជន៍ទាំងអស់គ្នា។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដើម្បីបំភ្លឺជុំវិញអំពើពុករលួយរបស់លោក ទឺ ប៊ុនឡេង បានទេនៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១៕