ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលជាចំណុចរបត់ប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាម ឆ្ពោះទៅរកជ័យជម្នះនៃសង្គ្រាមវៀតណាមខាងត្បូង នាថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។ ថ្ងៃនោះ គឺជាថ្ងៃនៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ហើយត្រូវបានគេចាត់ទុកថាជាទិវាឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បច្ចុប្បន្ន។
កាលនោះ មេដឹកនាំ ឬសមមិត្តហូជីមិញ បានអានសេចក្តីប្រកាសឯករាជ្យនៅទីលាន Ba Dinh ដោយប្រកាសជាផ្លូវការនូវឯករាជ្យជាតិ និងអធិបតេយ្យភាពរបស់វៀតណាមពីអាណានិគមនិយមជប៉ុន និងបារាំង។ ជាមួយនឹងការប្រារព្ធព្រឹត្តិការណ៍នេះ ប្រទេសវៀតណាម បានប្រកាសលើកលែងទោសដល់អ្នកទោសជាង ៣ពាន់នាក់។
លោក Le Quoc Hung អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាម និយាយថា អ្នកទោសដែលជាប់ពន្ធនាគារពីបទពុករលួយ ថ្នាំញៀន និងទោសព្រហ្មទណ្ឌផ្សេងៗទៀតនោះ ស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានដោះលែងមុនដំបូងគេ ហើយបញ្ជីឈ្មោះអ្នកដោះលែងនោះ រួមមានជនបរទេសចំនួន ២១នាក់ផងដែរ។
លោក Hung បានបដិសេធមិននិយាយថា តើអ្នកទោសនយោបាយប៉ុន្មាននាក់នឹងត្រូវដោះលែងនោះទេ តែលោកអះអាងថា ប្រទេសវៀតណាមមិនមានអ្នកទោសនយោបាយនោះទេ។
តាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch អ្នកទោសមនសិការមានជាង ១៣០នាក់ បានស្ថិតនៅក្នុងការឃុំឃាំងនៅក្នុងប្រទេសកុម្មុយនីស្តមួយនេះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋបាលដែលប្រកាន់នយោបាយតឹងតែង បានព្យាយាមបង្ក្រាបពួកអ្នកប្រឆាំង ហើយបានចាប់ខ្លួនអ្នករិះគន់ ជាពិសេសអ្នកដែលបង្ហោះព័ត៌មានលើបណ្ដាញព័ត៌មានសង្គមនោះ។ ការិយាល័យប្រធានាធិបតីវៀតណាម បានប្រកាសថា នេះជាការលើកលែងទោសលើកទី១ នៅក្នុងរយៈពេល ៤ឆ្នាំ។
បើតាមក្រសួងសន្តិសុខសាធារណៈវៀតណាម ក្នុងប្រទេសវៀតណាម មានអ្នកទោសជាង ១សែននាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។
ជាការកត់សម្គាល់ រាល់គ្រប់បុណ្យជាតិធំៗ ប្រទេសវៀតណាម តែងតែលើកលែងទោស និងដោះលែងអ្នកទោស។ តាមទម្លាប់ ពិធីបា្ររព្ធទិវាដូចនេះ ធ្វើឡើងយ៉ាងគគ្រឹកគគ្រេងដោយមានទាំងធ្វើក្បួនព្យុហយាត្រាកងទ័ពទៀតផង។
ទិវាជាប្រវត្តិសាស្ត្រកើតចេញពីការតស៊ូ និងពលីជីវិតកងទ័ព និងប្រជាជនវៀតណាម ដែលមិនអាចបំភ្លេចបាន គឺទិវាឯករាជ្យជាតិ ២ កញ្ញា ឆ្នាំ១៩៤៥ និងការរំដោះប្រទេសពីសង្គ្រាមវៀតណាមខាងត្បូង ជាសង្គ្រាមជាមួយសហរដ្ឋអាមេរិក នៅថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥។ តែសម្រាប់ថ្ងៃទី២ កញ្ញា នេះ ដែលវៀតណាមចាត់ទុកជាទិវាឯករាជ្យរបស់ខ្លួន គឺជាជំហានដំបូងនៃការតស៊ូវណ្ណៈដឹកនាំដោយសមមិត្ត ហូ ជីមិញ។
ប្រវត្តិនៃទិវាឯករាជ្យជាតិវៀតណាម
នៅឆ្នាំ១៨៨៧ វៀតណាមស្ថិតនៅក្រោមអាណានិគមរបស់បារាំង។ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ វៀតណាមកាន់កាប់ដោយប្រទេសជប៉ុន។ នៅមុនការបញ្ចប់សង្គ្រាមលោក គឺនៅខែសីហា សមមិត្ត ហូ ជីមិញ បានបង្កើតបដិវត្តន៍មួយហៅថា ‘August Revolution’។
នៅពេលដែលជប៉ុន ចុះចាញ់ជាផ្លូវការចំពោះសម្ពន្ធមិត្តនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ហូ ជីមិញ មានឱកាសដើម្បីប្រកាសសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមជារដ្ឋឯករាជ្យ។
នៅពេលជប៉ុនដកខ្លួនត្រឡប់ទៅវិញ កងកម្លាំងបារាំងក៏ដណ្តើមបានវៀតណាមខាងត្បូង ហើយបើកកិច្ចពិភាក្សាជាមួយពួកកុម្មុយនីស្តវៀតណាម ដែលដឹកនាំដោយសមមិត្ត ហូ ជីមិញ។ ជំនួបនោះពុំរកលទ្ធផលឃើញឡើយ ដោយដួលរលំនៅឆ្នាំ១៩៤៦ ហើយយន្តហោះបារាំងបានទម្លាក់គ្រាប់បែកនៅទីក្រុងហៃហ្វុង ភាគខាងជើងប្រទេសវៀតណាម ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់។ ពេលនោះ ភ្លក់ភ្លើងសង្គ្រាមមួយទៀតក៏បានឆាបឆេះឡើង គឺវៀតមិញ បានបើកការវាយប្រហារប្រឆាំងនឹងបារាំង នៅទីក្រុងហាណូយ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៤៦ ដែលជាការចាប់ផ្តើមនៃសង្គ្រាមឥណ្ឌូចិនលើកទីមួយ។ ក្នុងអំឡុងសង្គ្រាម គឺសហរដ្ឋអាមេរិក បានជួយដល់កងកម្លាំងវៀតណាមខាងត្បូង និងបារាំង ដើម្បីប្រយុទ្ធប្រឆាំងកុម្មុយនីស្ត។ តែអាមេរិកពេលនោះជួយក្នុងកម្រិតតិចតួចប៉ុណ្ណោះ។
នៅឆ្នាំ១៩៥៤ បារាំងបានបរាជ័យយ៉ាងធំនៅសមរភូមិឌៀនបៀនភូ នៅភាគពាយ័ព្យប្រទេសវៀតណាម ដែលជំរុញឱ្យមានការចរចាសន្តិភាព និងការបែងចែកវៀតណាមជាពីរ។
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៥៤ បារាំងបានចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមឥណ្ឌូចិន ដោយបារាំងសុខចិត្តប្រគល់ឯករាជ្យដល់វៀតណាម ក៏ប៉ុន្តែនៅក្នុងសន្និសីទក្រុងហ្សឺណែវ នាពេលនោះ ប្រទេសវៀតណាម ត្រូវបានបន្តទុកឲ្យនៅពុះចែកជាពីរដដែល ដោយបានត្រឹមតែកំណត់ថា វៀតណាមទាំងពីរនឹងត្រូវបង្រួបបង្រួមគ្នាមកវិញនៅក្រោយការបោះឆ្នោតជាតិមួយ ដែលគ្រោងរៀបចំធ្វើឡើងនៅទូទាំងប្រទេសវៀតណាម នៅឆ្នាំ១៩៥៦ ប៉ុន្តែពុំមានឱកាសបោះឆ្នោតឡើយ។
នៅពេលបារាំងចាញ់សង្គ្រាមនៅឌៀនបៀនភូ ក៏សហរដ្ឋអាមេរិកហក់ចូលក្នុងសង្គ្រាមជំនួសបារាំង តែបន្តិចម្ដងៗរហូតជួយវៀតណាមខាងត្បូងពេញទំហឹង។
នៅពេលនោះ វៀតណាមត្រូវបានបែងចែកទៅជាតំបន់ភាគខាងជើង និងខាងត្បូង។ អ្នកខ្លះថាសមមិត្ត ហូ ជីមិញ គ្រប់គ្រងវៀតណាមខាងជើង និងអធិរាជបាវដាយ គ្រប់គ្រងវៀតណាមខាងត្បូង។
នៅចុងទសវត្សរ៍ឆ្នាំ១៩៥០ ហូ ជីមិញ បានរៀបចំចលនាទ័ពព្រៃកុម្មុយនីស្តមួយនៅភាគខាងត្បូង ហៅថាវៀតកុង។
វៀតណាមខាងជើងងើបឡើងប្រឆាំងរបបនៅវៀតណាមខាងត្បូង ដែលគាំទ្រដោយអាមេរិក ហើយចាប់ផ្តើមសង្គ្រាមពេញទំហឹងនៅឆ្នាំ១៩៦៤។ ខណៈសង្គ្រាមផ្ទុះពេញទំហឹង សមមិត្ត ហូ ជីមិញ ក៏ទទួលមរណភាព គឺនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៦៩ គឺ ២៥ឆ្នាំបន្ទាប់ពីប្រកាសឯករាជ្យរបស់វៀតណាមពីជប៉ុន និងបារាំង។
រយៈពេលជិត ៦ឆ្នាំ កងទ័ព ហូ ជីមិញ ក៏ទទួលបានជោគជ័យក្នុងការបង្រួបបង្រួមវៀតណាមខាងជើង និងខាងត្បូងឡើងវិញក្រោមការគ្រប់គ្រងកុម្មុយនីស្ត។
សៃហ្គន អតីតទីក្រុងព្រៃនគរ ជារដ្ឋធានីនៃប្រទេសវៀតណាមខាងត្បូង បានធ្លាក់ក្រោមការកាន់កាប់ដោយកងទ័ពវៀតណាមខាងជើង នៅថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ បន្ទាប់ពីអាមេរិកសម្រេចដកទ័ព និងបិទបញ្ចប់សង្គ្រាមនៅវៀតណាមខាងត្បូង។ សៃហ្គន ត្រូវបានប្តូរឈ្មោះទៅជាទីក្រុងហូជីមិញ។
ដើម្បីអបអរសាទរទិវាឯករាជ្យជាតិវៀតណាម ខួប ៧៦ឆ្នាំ រដ្ឋាភិបាលកុម្មុយនីស្តនៃប្រទេសសមាជិកអាស៊ានមួយនេះបានប្រកាសដោះលែងអ្នកទោសជាង ៣ពាន់នាក់៕