គណៈអភិបាលស្រុកមួយរូបនៃខេត្តសៀមរាប អះអាងថា ខេត្តសៀមរាបនៅសល់ដីរដ្ឋតែជាង ៥ពាន់ក្បាលដីទៀតនៅក្នុងស្រុកបន្ទាយស្រី ដែលត្រូវបានកំណត់អត្តសញ្ញាណ ស្រង់ទិន្នន័យ និងគ្រោងដាក់ស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីពិនិត្យសម្រេច និងធ្វើការកាត់ឆ្វៀលចេញពីគម្របព្រៃឈើឆ្នាំ២០០២ ប្រសិនបើមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
មន្ត្រីរដ្ឋាភិបាលរូបនេះបានលើកឡើងបន្ទាប់ពីមានការប្រតិកម្មពីមហាជនតាមបណ្តេញសង្គមយ៉ាងច្រើនក្រោយប្រមុខរដ្ឋាភិបាលកម្ពុជា សម្រេចកាត់ឆ្វៀលដីគម្របព្រៃឈើក្នុងស្រុកបន្ទាយស្រី ជិត ២០០ហិកតារឱ្យទៅឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីពេលថ្មីៗនេះ។
អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានសរសេរលើទំព័រ Facebook របស់លោកកាលពីម្សិលមិញថា ការធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋឱ្យទៅជាដីឯកជនរបស់រដ្ឋ ហើយធ្វើប្រទានកម្មផ្តល់ជាកម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋណាមួយ មិនមែនជាការយកដីដែលនៅមានព្រៃឈើ ឬយកដីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋនៅឡើយ ដើម្បីកាត់ឆ្វៀលជូនអ្នកស្នើសុំនោះទេ។
លោកអះអាងថា គោលនយោបាយលើបញ្ហាដីធ្លីរបស់រាជរដ្ឋាភិបាលតែងធ្វើការកាត់ឆ្វៀលដីរដ្ឋដែលលែងមានព្រៃឈើ និងត្រូវបានពលរដ្ឋរស់នៅកាន់កាប់អាស្រ័យផលជាក់ស្តែងជាយូរមកហើយ ដើម្បីផ្តល់កម្មសិទ្ធិរឹងមាំជូនពួកគាត់អាចយកទៅចាត់ចែងបានពេញលេញ និងស្របច្បាប់។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ដីដែលជាគោលដៅកាត់ឆ្វៀលចេញពីគម្របព្រៃឈើ ដាច់ខាតត្រូវតែជាដីដែលបានកាន់កាប់អាស្រ័យផលយូរមកហើយ មានឯកសារបញ្ជាក់ច្បាស់លាស់ មិនមានព្រៃឈើ និងមិនមែនជាដីដែលកំពុងមានវិវាទនោះទេ។ ចំណែកដីរដ្ឋដែលត្រូវបានទន្ទ្រានយកថ្មីៗ ឬរំលោភយកមកដោយខុសច្បាប់ មិនអាចដាក់ស្នើសុំកាត់ឆ្វៀលឡើយ។
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីការកាត់ឆ្វៀលដីជាង ១៧០ហិកតារចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ដែលស្ថិតក្នុងភូមិរំចេក ឃុំរំចេក និងភូមិខ្នារ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ឱ្យទៅលោក ឡេង ភត្រា ដែលគេស្គាល់ជាទូទៅថាជាឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។
ជុំវិញបញ្ហានេះ សកម្មជនព្រៃឈើ លោក ហេង ស្រស់ បានសរសេរលើគណនី Facebook របស់លោកកាលពីពេលថ្មីៗនេះថា រាល់ជំនួយរបស់ឧកញ៉ាទាំងឡាយ បើជួយហើយមិនបានផលប្រយោជន៍ដល់ខ្លួនវិញទេ គឺគេមិនខ្ចីជួយជាដាច់ខាត។
លោក ហេង ស្រស់ បានលើកឡើងបែបនេះ គឺក្នុងគ្រាដែលឧកញ៉ា ឡេង ណាវ៉ាត្រា បានផ្តល់លុយដល់ប្រមុខរដ្ឋាភិបាលកម្ពុជារាប់លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំង និងជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ជាដើម ប៉ុន្តែឧកញ៉ារូបនេះក៏ត្រូវរដ្ឋាភិបាលកម្ពុជាសម្បទានដីគម្របពីព្រៃឈើដើម្បីយកទៅប្រើវិញដែរកាលពីពេលថ្មីៗនេះ។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ កញ្ញា ថា ការលើកឡើងរបស់អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ហាក់មានភាពមិនប្រក្រតី ព្រោះខ្លឹមសារនៃការបកស្រាយរបស់លោកទំនងជាមានការណែនាំពីអ្នកមានអំណាច ជាជាងការយល់ឃើញរបស់លោកដោយខ្លួនឯងលើបញ្ហានេះ។
លោកសង្ស័យថា ការកាត់ឆ្វៀលដីឱ្យឧកញ៉ាវ័យក្មេងដែលក្លាយជាអ្នកមានដ៏ចម្លែករូបនេះ ក៏ប្រហែលជាគ្រាន់តែជាអ្នកឈរឈ្មោះឱ្យអ្នកស្រី ហ៊ុន ម៉ាណា ប៉ុណ្ណោះ ព្រោះករណីស្រដៀងគ្នានេះក៏ធ្លាប់បានកើតមានជាហូរហែមកហើយដែរ ដូចជាការកាត់ដីកោះពេជ្រ និងកោះនរា ឱ្យទៅឧកញ៉ា ពុង ឃាវសែ ដើម្បីអភិវឌ្ឍជាដើម។ ប៉ុន្តែការពិត អ្នកដែលទទួលផលប្រយោជន៍ធំពីការកាត់ឆ្វៀលនេះ គឺជាអ្នកស្រី ហ៊ុន ម៉ាណា ដែលជាកូនស្រីរបស់លោក ហ៊ុន សែន ប៉ុណ្ណោះ។
ដីគម្របព្រៃឈើនៅឃុំខ្នារសណ្ដាយ និងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានទំហំជាង ១ពាន់ហិកតារ និងមានចម្ងាយជាង ៨គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី ក្នុងនោះ ៥០% នៃផ្ទៃដីសរុប គឺជាកម្មសិទ្ធិរបស់ពលរដ្ឋនៅតំបន់នោះ ដែលពួកគេបានកាន់កាប់អស់រយៈពេលប្រមាណជា ២០ឆ្នាំមកហើយ។
ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលបានកាត់ដីគម្របព្រៃឈើជាបន្តបន្ទាប់ឲ្យមន្ត្រីមានអំណាច និងឧកញ៉ាអស់ជាច្រើនហិកតារ ដូចជាកាត់ដីគម្របព្រៃឈើនៅខេត្តព្រះសីហនុ ហើយកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០ លោក ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយកាត់ឆ្វៀលដីដែលមានទំហំ ៣៦៨ហិកតារឲ្យទៅឧកញ៉ា លី យ៉ុងផាត់ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនចេញពីគម្របព្រៃឈើឆ្នាំ២០០២ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ផងដែរ។
នៅដើមឆ្នាំ២០២១ នេះ ទិន្នន័យរបស់អង្គការសង្គមស៊ីវិល បានបង្ហាញថា គិតចាប់តាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៨ កម្ពុជាបានបាត់បង់គម្របព្រៃឈើប្រមាណជាង ៥៥ម៉ឺនហិកតារ ដែលស្មើនឹង ១១,៧% នៅក្នុងតំបន់ការពារធម្មជាតិ ខណៈសង្គមស៊ីវិលដែលធ្វើការលើការងារបរិស្ថានត្រូវបានអាជ្ញាធររឹតត្បិតសេរីភាពយ៉ាងធ្ងន់ធ្ងរ៕