The Cambodia Daily Khmer

មេដឹកនាំ​ក្រុម​សម្ព័ន្ធ Quad ប្រាប់​ទៅ​របប​សឹក​ភូមា​ឱ្យ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់

មេដឹកនាំ Quad រួម​មាន​ប្រធានាធិបតី​អាមេរិក Joe Biden នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi នាយករដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison និង​នាយករដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga។

ពី​ប្រទេស​ភូមា ឯណោះ​វិញ មេដឹកនាំ​ក្រុម​ចតុភាគី​ហៅថា Quad បាន​សម្រេច​រួម​គ្នា​ប្រាប់​ទៅ​របប​រដ្ឋប្រហារ​ភូមា ឱ្យ​បញ្ចប់​ហិង្សា និង​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងអស់។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​មេដឹកនាំ Quad ដែល​បាន​ធ្វើឡើង​ក្នុង​ជំនួប​កំពូល​នៅ​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន គឺ​មាន​ប្រធានាធិបតី​អាមេរិក Joe Biden នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi នាយករដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison។

ខ្លឹមសារ​នៃ​សេចក្ដី​ថ្លែងការណ៍​នេះ បាន​បញ្ជាក់​ថា យើង​បន្ត​ប្រាប់​ទៅ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​ពួក​យោធា ត្រូវ​ស្វែងរក​ការ​បញ្ចប់​ហិង្សា ហើយ​អ្នក​ជាប់​ឃុំ និង​អ្នកទោស​ទាំងអស់​ត្រូវតែ​ដោះលែង ក្នុង​នោះ​មាន​ទាំង​ជនបរទេស​ផង​ដែរ ហើយ​ត្រូវ​ស្ថាបនា​ការ​សន្ទនា​គ្នា​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។ ជាមួយ​គ្នា​នេះ មេដឹកនាំ Quad ក៏​បាន​ស្នើ​ទៅ​អាស៊ាន​ឱ្យ​អនុវត្ត​ឱ្យ​បាន​នូវ​យន្តការ​ប្រាំ​ចំណុច​ដែល​មេដឹកនាំ​អាស៊ាន​បាន​សម្រេច​រួម​គ្នា​កាលពី​ថ្ងៃ​ទី​២៤ មេសា នៅ​ទីក្រុង​ចាការតា ប្រទេស​ឥណ្ឌូនេស៊ី។

យន្តការ​ប្រាំ​ចំណុច​របស់​សមាគម​អាស៊ាន ក្នុង​នោះ​មាន៖

  1. ការ​បញ្ចប់​អំពើ​ហិង្សា
  2. ការ​ដោះលែង​អ្នក​ជាប់​ឃុំ
  3. ការ​ទទួល​យក​ប្រេសិត​អាស៊ាន​ទៅ​ជួយ​សម្របសម្រួល​ឱ្យ​មាន​ការ​ចរចា​នយោបាយ
  4. ការ​ទទួល​យក​ជំនួយ​ពី​សហគមន៍​អន្តរជាតិ
  5. និង​ការ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។

តាម​របាយការណ៍​សមាគម​ជំនួយ​អ្នកទោស​នយោបាយ ឲ្យ​ដឹង​ថា យ៉ាងហោចណាស់​មាន​ប្រជាជន​ភូមា​ស្លាប់​ក្រោម​គ្រាប់​កាំភ្លើង​របស់​ពួក​យោធា​មាន​ជិត ១១២០​នាក់ និង​ចាប់​ខ្លួន​មនុស្ស​ជាង ៨​ពាន់​នាក់។ ប្រទេស​នេះ​បាន​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ហើយ​នៅ​ពេលនេះ។ ការ​វាយ​ប្រយុទ្ធ​កំពុង​កើតមាន​នៅ​ទូទាំង​ប្រទេស​រវាង​កងទ័ព​របប​សឹក និង​កម្លាំង​ចម្រុះ​សហការ​គ្នា គឺ​កងទ័ព​នៃ​រដ្ឋាភិបាល​ឯកភាព​ជាតិ និង​កងទ័ព​ជនជាតិ​ដើម​ភាគតិច​មាន​ជាង ១០​តំបន់។

ការ​វាយ​ប្រយុទ្ធ​គ្នា​នេះ បាន​នាំ​ឱ្យ​មាន​ជនភៀសខ្លួន​រាប់​សែន​នាក់​រត់​ទៅ​នៅ​តាម​ព្រំដែន​ប្រទេស​ជិតខាង ជាពិសេស​នៅ​ប្រទេស​ឥណ្ឌា និង​ប្រទេស​ថៃ៕

Exit mobile version