មេដឹកនាំបក្សប្រឆាំងដែលកំពុងតែរងការរឹតត្បិតសេរីភាព លោក កឹម សុខា អះអាងថា លោកមិនភ្លេចការធ្វើបុណ្យ មិនភ្លេចការធ្វើទាន មិនភ្លេចការការពារខ្លួនពីជំងឺ Covid-19 នោះទេ ប៉ុន្តែអ្វីដែលលោករឹតតែមិនអាចភ្លេចបានទៅទៀតនោះ គឺប្រទេសជាតិ និងពលរដ្ឋ បើទោះបីជាលោកមិនទាន់មានសិទ្ធិសេរីភាពពេញលេញក៏ដោយ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី២៨ ខែកញ្ញា អំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់នាំគ្នាអនុវត្តវិធានការសុខាភិបាល ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 ទាំងអស់គ្នាឲ្យបានហ្មត់ចត់ជាទីបំផុត ដើម្បីបញ្ចៀសការឆ្លងចូលក្នុងសហគមន៍ និងគ្រួសារ។
លោកអះអាងថា រដូវកាន់បិណ្ឌក្នុងវិបត្តិនៃជំងឺ Covid-19 ឆ្នាំនេះ បានឆ្លងរាលដាលគួរឲ្យព្រួយបារម្ភ។ ដូច្នេះ រូបលោកផ្ទាល់ និងសហការី មិនអាចចូលទៅថ្វាយបង្គំព្រះសង្ឃដើម្បីប្រគេនទេយ្យទានក្នុងទីអារាមបានទេ ប៉ុន្តែនៅតែអាចប្រគេនចង្ហាន់ ទេយ្យទាន និងបច្ច័យដល់ព្រះភិក្ខុសង្ឃដែលកំពុងចាំព្រះវស្សានៅត្រឹមតែខ្លោងទ្វារវត្តបានដដែល។
នៅថ្ងៃទី២៨ ខែកញ្ញា នេះ មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា បានយកចង្ហាន់ និងទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តព្រះវិហារ។ ក្នុងអំឡុងពេលនៃការធ្វើដំណើរនោះ លោក កឹម សុខា ក៏បានផ្តល់អំណោយឧបត្ថម្ភដល់ពលរដ្ឋដែលកំពុងជួបការលំបាកក្នុងតំបន់បិទខ្ទប់ថែមទៀត។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃដដែលនេះថា បើទោះបីមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា មិនទាន់មានសិទ្ធិសេរីភាពពេញលេញ តែទឹកចិត្តមនុស្សធម៌ មេត្តា ករុណារបស់លោកនៅតែអាចធ្វើបុណ្យសន្សំកុសលនៅតាមទីវត្តអារាមបានដដែល។
លោកបញ្ជាក់ថា សកម្មភាពនេះគឺជាគំរូដ៏ល្អមួយដែលបង្ហាញពីវប្បធម៌នៃក្តីស្រឡាញ់ សន្ដោសប្រណី ចែករំលែកគ្នារស់ប្រកបដោយសុខដុមរមនា ដោយមិនចងកម្មពៀរនឹងគ្នា ហើយក៏អាចបង្កើតនូវវប្បធម៌សាមគ្គីជាតិ ការស្រុះស្រួលគ្នា ការរួបរួមផ្សះផ្សាឯកភាពជាតិ ដើម្បីប្រយោជន៍កម្ពុជាទាំងមូលផងដែរ។
កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានបញ្ជាឲ្យចាប់ខ្លួនលោក កឹម សុខា ពីបទឃុបឃិតជាមួយរដ្ឋបរទេស ប៉ុន្តែតុលាការកម្ពុជានៅតែពន្យារសវនាការរបស់លោកជាបន្តបន្ទាប់ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកម្ល៉េះ ខណៈមេធាវីបក្សប្រឆាំងតែងជំរុញតុលាការឱ្យជំនុំជម្រះក្តីលើករណីនេះម្តងហើយម្តងទៀតជាប់រហូតមក។
ក្រុមអ្នកសង្កេតការណ៍បានប្រដូចការតស៊ូរបស់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ទៅនឹងមេដឹកនាំដើម្បីសេរីភាពរបស់ប្រទេសអាហ្វ្រិកខាងត្បូង លោក Nelson Mandela ថាលោកគឺជាមេដឹកនាំដែលហ៊ានលះបង់សេរីភាពខ្លួនឯងរហូតដល់ការលះបង់ជីវិតដើម្បីតែទាមទារសេរីភាព និងយុត្តិធម៌ជូនជាតិ និងពលរដ្ឋរបស់ខ្លួន។
ជុំវិញបញ្ហានេះ កាលពីខែកក្កដា ឆ្នាំ២០១៤ សារព័ត៌មាន Southeast Asia Globe បានចុះផ្សាយពីការលើកឡើងរបស់អ្នកផ្តល់ប្រឹក្សាផ្នែកនយោបាយឯករាជ្យនៅកម្ពុជា បណ្ឌិត ម៉ាខឺស ស្កាប៊ូ ថាលោក កឹម សុខា បានដាក់ខ្លួនលោកក្នុងភ្នក់ភ្លើងជាច្រើនលើកច្រើនគ្រា ព្រោះតែគាត់ហ៊ានប្រឆាំងនឹងក្រុមអ្នកកាន់អំណាចដើម្បីសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរ៕