លោក ហ៊ុន សែន សម្ដែងមោទកភាពចំពោះការកោតសរសើររបស់អគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) លោក យុង យ៉ុងហូ ដែលបានលើកឡើងថា លោកជាមេដឹកនាំខ្មែរដែលមានបេះដូងសន្តិភាពរបស់ប្រជាជនកម្ពុជា និងពិភពលោក ខណៈសកម្មជនបក្សប្រឆាំងប្រតិកម្មថា សន្តិភាពលើការឈឺចាប់របស់ពលរដ្ឋ គឺគ្រាន់តែជាភាសាប៉ុណ្ណោះ តែមិនមែនជាសន្តិភាពពិតនោះទេ។
លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី២០ ខែតុលា នេះថា លោកស្វាគមន៍ចំពោះកិច្ចពិភាក្សាការងារជាមួយអគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) លោក យុង យ៉ុងហូ នៅថ្ងៃពុធ នេះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាបានជួបពិភាក្សាការងារជាមួយអគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) លោក យុង យ៉ុងហូ នៅថ្ងៃទី២០ ខែតុលា មុននឹងកម្ពុជាចូលរួមកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ដែលគ្រោងនឹងប្រារព្ធឡើងនៅដើមឆ្នាំ២០២២ ខាងមុខនេះ។
អគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) លោក យុង យ៉ុងហូ បានលើកឡើងថា លោក ហ៊ុន សែន ជាមេដឹកនាំរបស់កម្ពុជាដែលមានបេះដូងសន្តិភាពក្នុងកែវភ្នែករបស់ពលរដ្ឋខ្មែរ និងពិភពលោក ហើយមេដឹកនាំខ្មែររូបនេះក៏ជាអ្នកដឹកនាំសន្តិភាពសកលផងដែរ។
ប្រភពដដែលបញ្ជាក់ថា ដោយសារកិច្ចប្រឹងប្រែងរបស់លោក ហ៊ុន សែន ធ្វើឲ្យកម្ពុជាបញ្ចប់នូវវិបត្តិសង្គ្រាមរ៉ាំរ៉ៃ ហើយអាចកសាងនូវសុខសន្តិភាពសម្រាប់កម្ពុជា និងប្រជាជនខ្មែរទាំងមូលដែលធ្លាប់តែរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារភ្លើងសង្គ្រាមពីអតីតកាលក្នុងរយៈពេល ២ទសវត្សចុងក្រោយនេះ។
កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា លោកទទួលបានមេដាយសន្តិភាពមួយតាមរយៈការធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២១ (World Summit Peace) ពីមហាសន្និបាតនៃក្ដីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្ដីពីសន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
ទោះជាយ៉ាងណាក៏ដោយ សកម្មជនបក្សប្រឆាំង លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ តុលា នេះថា កម្ពុជាកំពុងតែបែកសាមគ្គីផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរដោយសារតែការរំលាយគណបក្សប្រឆាំង បិទសិទ្ធិនយោបាយប្រធានគណបក្សសង្គ្រោះជាតិ និងការចាប់ឃុំខ្លួនមេដឹកនាំសហជីព និងសកម្មជនសង្គមទាំងអយុត្តិធម៌សព្វថ្ងៃនេះ ដូច្នេះបេះដូងសន្តិភាពរបស់មេដឹកនាំខ្មែរនៅពេលនេះ គឺសម្រាប់តែក្រុមអ្នកកាន់អំណាចតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ពលរដ្ឋខ្មែរ មិនអាចទទួលយកបាននោះទេ។
លោកអះអាងថា ភាពច្របូកច្របល់នៅកម្ពុជាកើតមានរាប់មិនអស់ ដោយសារការដឹកនាំរបស់រដ្ឋាភិបាលឯកបក្សបច្ចុប្បន្ននេះ ដូចជាការអនុវត្តច្បាប់មានស្តង់ដារពីរ ពលរដ្ឋតូចតាចទន់ខ្សោយតែងរងភាពអយុត្តិធម៌ និងជាអ្នកចាញ់ ចំណែកអ្នកប្រព្រឹត្តិអំពើពុករលួយ អ្នករំលោភដីធ្លីធំៗ ឈ្មួញទុច្ចរិតកាប់បំផ្លាញព្រៃឈើ បំផ្លាញទ្រព្យសម្បត្តិជាតិ លុបបឹង លុបទន្លេ ជាអ្នកឈ្នះ។
សកម្មជនបក្សប្រឆាំងរូបនេះបញ្ជាក់ថា ដើម្បីឱ្យកម្ពុជាមានសន្តិភាពពិតប្រាកដ លុះណាតែកម្ពុជាក្លាយជាប្រទេសដែលមាននីតិរដ្ឋពេញលេញ គឺមេដឹកនាំទាំងអស់គោរពច្បាប់ដូចគ្នានឹងពលរដ្ឋទូទៅដែរ ប៉ុន្តែបើអំណាចស្ថិតលើបុគ្គលតែម្នាក់ ហើយប្រើច្បាប់ជាតិធ្វើជាឧបករណ៍ធ្វើទុក្ខបុកម្នេញពលរដ្ឋខ្លួនដើម្បីការពារអំណាចនោះ កម្ពុជានឹងគ្មានសន្តិភាពពិត ហើយមេដឹកនាំបែបនេះក៏មិនមែនជាមេដឹកនាំមានបេះដូងសន្តិភាពដែរ។
ក្រុមអ្នកសង្កេតការណ៍រិះគន់ថា ក្រោមការដឹកនាំរបស់អតីតគណបក្សកុម្មុយនីស្តជាង ៤០ឆ្នាំមកនេះ លោក ហ៊ុន សែន មិនទាន់អាចរកសន្តិភាពជូនពលរដ្ឋខ្មែរបាននៅឡើយទេ ខណៈសន្តិភាពដែលបក្សកាន់អំណាចតែងប្រកាស «អរគុណសន្តិភាព» កន្លងមក គឺជាសន្តិភាពក្រោមការភ័យខ្លាចរបស់ពលរដ្ឋខ្មែរដែលកំពុងរងការគំរាមចាប់ខ្លួនពីសំណាក់មេដឹកនាំអតីតបក្សកុម្មុយនីស្តមួយនេះតែប៉ុណ្ណោះ។
ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់កាប់អំណាចពីឆ្នាំ១៩៨៥ មក ត្រូវគេមើលឃើញថា កម្ពុជាមានតែការបែកបាក់សាមគ្គីរវាងជាតិឯងកាន់តែធំទៅៗតាំងពីដើមរហូតមក ក្នុងនោះព្រឹត្តិការណ៍បែកបាក់ជាតិធំៗដែលគេបានកត់សម្គាល់ គឺការផ្ដួលរំលំដៃគូនយោបាយរបស់ខ្លួនតាមរូបភាពផ្សេងៗ រួមមានការផ្ដួលរំលំកម្លាំងនយោបាយបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដោយការបង្កើតឱ្យមានរដ្ឋប្រហារបង្ហូរឈាម ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧។ ចុងក្រោយនេះ ដើម្បីរំលាយកម្លាំងបក្សប្រឆាំងដែលជាគូប្រជែងមានប្រៀបជាងខ្លួន បក្សកាន់អំណាចបានរំលោភរដ្ឋធម្មនុញ្ញកែច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីលុបឈ្មោះគណបក្សសង្គ្រោះជាតិ ចេញពីឆាកនយោបាយក្នុងបំណងដឹកនាំប្រទេសដោយឯកបក្សដូចសព្វថ្ងៃនេះ៕