ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា នៅតាមបណ្ដាខេត្តមួយចំនួនរួមទាំងរាជធានីភ្នំពេញផងនោះ ប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារតែកម្ពុជាទទួលរងឥទ្ធិពលបន្តបន្ទាប់បង្កឱ្យមានភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅខ្លាំង ខណៈទឹកស្ទឹងព្រែកត្នោត ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងហក់ឡើង។
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ឱ្យដឹងថា ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា រាជធានី-ខេត្តចំនួន១៤ ប្រឈមជំនន់ទឹកភ្លៀង ដោយសារតែប្រទេសកម្ពុជាទទួលឥទ្ធិពលសម្ពាធទាប និងឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់។
ក្រសួងបន្តថា រាជធានី-ខេត្តទាំងនោះរួមមានខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តមណ្ឌលគិរី ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពត ខេត្តកោះកុង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។
ក្រសួងបញ្ជាក់ថា ការទទួលរងឥទ្ធិពលជាបន្តបន្ទាប់នេះ អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ ដែលបង្កឱ្យទឹកជំនន់ដោយសារទឹកភ្លៀង ខណៈភូមិសាស្ត្រខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រខ្ពស់ដែរ។
ករណីនេះ ក្រសួងធនធានទឹក អំពាវនាវដល់ពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានជាយថាហេតុ។
ពាក់ព័ន្ធនឹងបញ្ហាប្រឈមនឹងទឹកជំនន់នេះ អាជ្ញាធររាជធានីភ្នំពេញក៏បានអំពាវនាវឲ្យពលរដ្ឋរស់នៅសង្កាត់ចំនួន១០ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ឱ្យប្រុងប្រយ័ត្ន ដោយសារទឹកស្ទឹងព្រែកត្នោត កំពុងហក់ឡើងខ្លាំង។ ក្រៅពីអំពាវនាវ អាជ្ញាធរក៏កំពុងជម្លៀសពលរដ្ឋចេញ ខណៈទឹកបន្តឡើងលិចចូលភូមិ និងផ្ទះរបស់ពលរដ្ឋនៅក្នុងខណ្ឌដង្កោ៕