អាជ្ញាធរក្រុងភ្នំពេញប្រកាសភាពអាសន្នដល់ពលរដ្ឋដែលរស់នៅជាប់នឹងសណ្ដស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ និងខណ្ឌកំបូល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវនាំគ្នាត្រៀមបង្ការទឹកជំនន់ស្ទឹងព្រែកត្នោត ដែលកំពុងហក់ឡើងសាជាថ្មីម្តងទៀតនៅពេលនេះ ខណៈមន្ត្រីបក្សក្រៅរដ្ឋាភិបាលបានលើកឡើងពីវិធានការទប់ស្កាត់លើបញ្ហានេះផងដែរ។
រដ្ឋបាលខណ្ឌដង្កោ និងរដ្ឋបាលខណ្ឌកំបូល បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ទៅកាន់ពលរដ្ឋដែលរស់នៅក្នុងសង្កាត់នៃខណ្ឌដង្កោ និងខណ្ឌកំបូល ទាំងអស់ ត្រូវតែដាក់វិធានការពង្រឹងសន្តិសុខ សុវត្ថិភាព ដើម្បីបង្ការ និងបញ្ចៀសការខូចខាតនានាដោយជំនន់ទឹកភ្លៀងដែលបង្កឡើងដោយទឹកជំនន់ស្ទឹងព្រែកត្នោតនៅពេលនេះ។
ប្រភពដដែលអះអាងថា បច្ចុប្បន្ន ស្ថានភាពទឹកស្ទឹងព្រែកត្នោត បានហក់ឡើងជាបន្តបន្ទាប់ដែលបណ្តាលមកពីជំនន់នៅផ្នែកខាងលើ បានធ្វើឱ្យទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខណ្ឌដង្កោ និងខណ្ឌកំបូល មានកម្ពស់ដល់កម្រិតត្រូវប្រកាសអាសន្ន ដែលត្រូវនាំគ្នាបន្ថែមការប្រុងប្រយ័ត្នឱ្យបានហ្មត់ចត់។
ក្រសួងធនធានទឹក និងឧតុនិយម បានសរសេរលើទំព័រ Facebook របស់ខ្លួននៅថ្ងៃទី១៩ ខែវិច្ឆិកា នេះថា ស្ថានភាពទឹកនៅទំនប់កំពង់ទួល ឬទំនប់៧មករា បានហក់ឡើងមកវិញមានកម្ពស់ ៥,០៥ម៉ែត្រ ដែលធ្វើឱ្យទឹកអាចហូរលើទំនប់បង្ហៀរ ០,២៥ម៉ែត្រហើយនៅពេលនេះ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ វិច្ឆិកា នេះថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខជូនពលរដ្ឋដែលនឹងរងផលប៉ះពាល់ដោយសារជំនន់ស្ទឹងព្រែកត្នោតនេះ អាជ្ញាធរមានតែត្រៀមខ្លួនជម្លៀសពលរដ្ឋទៅកាន់ទីតាំងដែលមានសុវត្ថិភាព និងត្រៀមបើកមុខទឹកផ្នែកខាងក្រោមឱ្យធ្លាក់ទឹកទៅទន្លេបាសាក់ឱ្យបានលឿន តាមដែលអាចធ្វើទៅបានប៉ុណ្ណោះ។
មន្ត្រីបក្សក្រៅរដ្ឋាភិបាលរូបនេះលើកឡើងថា ដើម្បីបញ្ចៀសបញ្ហាទឹកជំនន់នេះកើតមានឡើងដដែលៗទៀតនៅឆ្នាំក្រោយ នៅពេលរដូវប្រាំងមកដល់ អាជ្ញាធរត្រូវតែដាក់វិធានការបើកមុខទឹកផ្នែកខាងក្រោមឱ្យបានច្រើន និងសាងសង់ទំនប់បញ្ចៀសទឹកនៅផ្នែកខាងលើ ដើម្បីកាត់បន្ថយទឹកហូរសម្រុកចូលស្ទឹងព្រែកត្នោត បានកាន់តែច្រើនជាងនេះទៀត។ លោកបន្តថា រដ្ឋាភិបាលក៏ត្រូវស្ដារដៃស្ទឹងព្រែកត្នោតឡើងវិញ ដើម្បីជួយរំដោះទឹកឱ្យធ្លាក់ចូលទៅក្នុងទន្លេឱ្យបានកាន់តែឆាប់រហ័ស។
បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា បញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោតនេះ មិនគួរអាជ្ញាធរទុកឱ្យកើតមានបង្កជាគ្រោះទឹកជំនន់ដល់ពលរដ្ឋដដែលៗរៀងរាល់ឆ្នាំបែបនេះទេ ជាពិសេសក្រសួងធនធានទឹក និងឧតុនិយម ត្រូវតែទទួលខុសត្រូវលើបញ្ហានេះ ព្រោះថាជំនន់ស្ទឹងព្រែកត្នោតនេះបានបង្កគ្រោះថ្នាក់ដល់ពលរដ្ឋរាប់ពាន់គ្រួសារឯណោះនៅពេលដល់រដូវទឹកជំនន់ម្តងៗ។
កាលពីចុងខែតុលា ឆ្នាំ២០២១ ទឹកជំនន់ស្ទឹងព្រែកត្នោត បានហក់ឡើងដល់ចំណុចកំពូលអតិបរមា ៦,៥៨ម៉ែត្រ និងបានជន់លិចផ្ទះសម្បែងរបស់ពលរដ្ឋដែលរស់នៅក្នុងខណ្ឌកំបូល និងខណ្ឌដង្កោចំនួន ៣ពាន់គ្រួសារ។
ក្រុមអ្នកឃ្លាំមើលអំពីគ្រោះមហន្តរាយធនធានធម្មជាតិរិះគន់ថា រដ្ឋាភិបាលកម្ពុជានៅមិនទាន់មានវិធានការទប់ស្កាត់បញ្ហាទឹកជំនន់ឲ្យមានប្រសិទ្ធភាពខ្ពស់នេះនៅឡើយទេ រហូតមកទល់នឹងពេលនេះ ស្របពេលបឹងជាច្រើនដែលជាកន្លែងរំដោះទឹកក៏ត្រូវបានលោក ហ៊ុន សែន កាត់ទៅឲ្យក្រុមហ៊ុនឯកជន ឲ្យគ្រួសាររបស់លោក ឲ្យទៅក្រុមឧកញ៉ា និងឲ្យទៅមេទាហាន ឬមេប៉ូលិសគ្រាក់ៗនៅកម្ពុជាយ៉ាងគគ្រឹកគគ្រេង៕