រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន និងជាប្រេសិតរបស់អាស៊ាន នឹងទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅដើមខែមីនា ខាងមុខនេះក្នុងនាមលោកជាប្រេសិតពិសេសប្រធានអាស៊ាន ស្ដីពី «បញ្ហានៅមីយ៉ាន់ម៉ា» ដើម្បីជួបពិភាក្សាពីការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ានទៅកាន់មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា។
ថ្លែងក្នុងសន្និសីទកាសែតក្រោយកិច្ចប្រជុំអសាធារណៈនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននាទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ លោក ប្រាក់ សុខុន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមិនទាន់កំណត់ជាក់លាក់ទេ ដោយអាស្រ័យលើទីក្រុងណៃពិដោរ រៀបចំកាលវិភាគទស្សនកិច្ច។ លោកក៏មិនទាន់អាចបញ្ជាក់ពីគម្រោងថានឹងអាចមានលទ្ធភាពជួបឥស្សរជនជាន់ខ្ពស់ណាដែរ។ តែយ៉ាងណា លោកបានបង្ហើបថា លោកនឹងអនុវត្តតាមវិធានការកុងសង់ស៊ីស ៥ចំណុចរបស់មេដឹកនាំអាស៊ានដែលបានកំណត់ដាក់ឱ្យមីយ៉ាន់ម៉ា អនុវត្តកន្លងមក។
លោក ប្រាក់ សុខុន បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងស្នើសុំជួបមេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង ជួបរដ្ឋមន្ត្រីការបរទេសភូមា ឯកអគ្គរដ្ឋទូតទាំងអស់ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា រួមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត ក៏ប៉ុន្តែលោករដ្ឋមន្ត្រីមិនបានបញ្ជាក់ថា លោកមានគម្រោងស្នើសុំជួបអ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំប្រជាធិបតេយ្យមីយ៉ាន់ម៉ា នៅឡើយទេ។
ជាមួយគ្នានេះ លោកគ្រោងទៅទីក្រុងរ៉ង់ហ្គូន ដើម្បីចែកជំនួយមនុស្សធម៌ដល់មន្ទីរពេទ្យមួយកន្លែង ដែលធានាថា ជំនួយទាំងអស់បានទៅដល់ដៃប្រជាជនមីយ៉ាន់ម៉ា។ ក្រៅពីនេះ លោកក៏សុំជួបឯកអគ្គរាជទូតខ្មែរប្រចាំទីនោះ ដែលបានតាមដាន និងដឹងច្បាស់ពីស្ថានភាពមីយ៉ាន់ម៉ា ដើម្បីសុំយោបល់ និងការវាយតម្លៃលើស្ថានការណ៍ប្រទេសមួយនេះ។
លោក ហ៊ុន សែន ធ្លាប់បានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ៧កន្លែងនៅភូមិសាស្ត្រខេត្តក្រចេះ និងខេត្តព្រៃវែង កាលពីថ្ងៃពុធ ទី១៦ កុម្ភៈ កន្លងមកនេះ ដោយបុរសខ្លាំងកម្ពុជាទទួលស្គាល់ថា បញ្ហានៅមីយ៉ាន់ម៉ា មិនទាន់មានភាពប្រែប្រួលនោះឡើយក្រោយដំណើរទស្សនកិច្ចរបស់លោក ប៉ុន្តែសំខាន់ មនុស្សបាននិយាយគ្នា បើបន្តទុកឲ្យស្ថានភាពបែបនេះ បញ្ហានៅមីយ៉ាន់ម៉ា ពី ៥ ទៅ ១០ឆ្នាំ នឹងមិនទាន់បញ្ចប់នោះដែរ។
បុរសខ្លាំងកម្ពុជា ថ្លែងថា លោកនិយាយក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ប៉ុន្តែបើលោកនៅស្ងៀម ក៏នៅមានអ្នកចោទប្រកាន់ថាអត់សកម្មផងដែរក្នុងនាមជាប្រធានអាស៊ាន។ លោកថា ក្នុងបញ្ហាមីយ៉ាន់ម៉ា ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ (UN) អ្នកស្រី Noeleen Heyzer ក៏ត្រូវមាត់ពីក្រុមអ្នករិះគន់ផងដែរ មិនមែនតែលោកម្នាក់នោះឡើយ។
ទោះយ៉ាងណា ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា បានអបអរសាទរប្រមុខការទូតកម្ពុជាដែលសម្រេចងាកទៅរកការអនុវត្តតាមគោលការណ៍កុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន ដែលបានកំណត់កន្លងកម ដោយសារតែវិបត្តិនៅប្រទេសភូមាគ្មានជម្រើសណាល្អជាងការជំរុញឱ្យមេដឹកនាំរបបសឹកភូមា អនុវត្តនូវគោលការណ៍នេះឡើយ។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ កុម្ភៈ នេះថា គោលការណ៍កុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាននេះ គឺជាគោលការណ៍រឹងមាំដែលរបបសឹកភូមា ត្រូវតែអនុវត្ត ព្រោះថារបបសឹកនេះបានចុះហត្ថលេខាទទួលយល់ព្រមអនុវត្ត រួមទាំងការឯកភាពរបស់មេដឹកនាំអាស៊ានផងដែរ មិនមែនជាការចាប់បង្ខំ ឬរំលោភលើកិច្ចការផ្ទៃក្នុងណាមួយរបស់ភូមានោះទេ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៧ ខែកុម្ភៈ នេះដែរថា ដំណើរការប្រជុំអសាធារណៈអាស៊ាននៅពេលនេះ អាចនឹងជួបភាពតានតឹងខ្លាំង ប្រសិនបើរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន មិនប្រកាសជំហររបស់រដ្ឋាភិបាល លោក ហ៊ុន សែន អំពីការមិនទទួលស្គាល់របបសឹកភូមា ថាមិនមែនជារដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា ទេនោះ។
លោក គឹម សុខ បន្ថែមថា លើសពីនេះ ប្រសិនបើលោក ប្រាក់ សុខុន មិនប្រកាសរក្សាគោលជំហររកដំណោះស្រាយវិបត្តិរដ្ឋប្រហារនៅប្រទេសភូមា តាមគោលការណ៍កុងសង់ស៊ីស ៥ចំណុចរបស់អាស៊ានទេ នោះកិច្ចប្រជុំនេះអាចនឹងកកស្ទះដល់ដំណើរការនៃការពិភាក្សាបញ្ហាផ្សេងៗទៀតក្នុងតំបន់ និងជាអន្តរជាតិផងដែរ។
កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានអះអាងថា ឥណ្ឌូនេស៊ី ស្នើឱ្យភូមាត្រូវអនុវត្តលើសំណើអាស៊ានទាំង ៥ចំណុចឱ្យបាន ដើម្បីឱ្យភូមា ត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ។
កាលពីខែមេសា ឆ្នាំ២០២១ មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាភូមា ផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទទៅលើ ៥ចំណុច គឺ៖
- ការបញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ ត្រូវរក្សាការអត់ធ្មត់ខ្ពស់បំផុត។
- កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍របស់ប្រជាជន។
- ការចាត់តាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួលដំណើរការកិច្ចសន្ទនាដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
- ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន និងទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ ពោលគឺទៅដល់ប្រជាជនភូមា។
- និងការដោះលែងអ្នកទោសនយោបាយទាំងឡាយនៅក្នុងប្រទេសភូមាផងដែរ៕