The Cambodia Daily Khmer

លោក ញឹក ប៊ុនឆៃ ថា​គណបក្ស​ភ្លើង​ទៀន​អាច​នឹង​រលត់​ភ្លើង​ទៀន​បាត់​នៅ​សល់​តែ​ទៀន​ទទេ

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ។

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ អះអាង​ថា គណបក្ស​ភ្លើង​ទៀន​អាច​នឹង​រលត់​ភ្លើង​ទៀន​បាត់​នៅ​សល់​តែ​ទៀន​ទទេ ខណៈ​គណបក្ស​ដែល​កំពុង​ចេញ​ធ្វើ​សកម្មភាព​មួយ​នេះ​មាន​វត្តមាន​លោក សម រង្ស៊ី នៅ​ពីក្រោយ។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​នៅ​ភូមិ​ព្រែកតាគង់១ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ នេះ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ លើកឡើង​ថា លោក សម រង្ស៊ី និង​លោក កឹម សុខា មិនមែន​ជា​មនុស្ស​តែ​មួយ​ដូច​ពី​មុន​ទៀត​ទេ ដោយសារ​លោក សម រង្ស៊ី បាន​វិល​ទៅកាន់​គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ដើម​របស់​លោក ហើយ​បច្ចុប្បន្ន បក្ស​នេះ​កំពុង​ធ្វើ​សកម្មភាព និង​លើក​ស្លាក​ដើម្បី​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។

ចំណែក​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា វិញ លោក​ថា​ហាក់​នៅ​មិនទាន់​មាន​សកម្មភាព​អ្វី​នៅ​ឡើយ​ទេ បើ​ទោះបីជា​បច្ចុប្បន្ន​មនុស្ស​មួយ​ចំនួន​ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា បាន​នាំគ្នា​ចេញ​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ​ចំនួន​ក៏ដោយ។

លោក ញឹក ប៊ុនឆៃ អះអាង​ថា ត្បិត​បច្ចុប្បន្ន​នេះ គណបក្ស​ភ្លើង​ទៀន​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​ក៏​ពិតមែន តែ​លោក​បង្ហាញ​ជំនឿ​ថា អនាគត​គណបក្ស​ភ្លើង​ទៀន​ប្រហែលជា​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ទេ ហើយ​មិន​ស្រួល​រលត់​ភ្លើង​ទៀន​បាត់ នៅសល់​តែ​ទៀន​ទទេ​ក៏​ថា​បាន​ដែរ។

លោក​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​លើកឡើង​បែប​នេះ ដោយសារ​បក្ស​នេះ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​លោក​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស និង​ចេញ​ដីកា​ចាប់​ខ្លួន​ផង​ដែរ។

កាលពី​ពេល​ថ្មីៗ​នេះ លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​នោះ បាន​ទៅ​ជួបជុំ​អ្នកគាំទ្រ​នៅ​សហរដ្ឋ​អាមេរិក ដោយ​ក្នុង​ពិធី​នោះ លោក សម រង្ស៊ី បាន​ដាក់​ជើងពាន​មួយ ហើយ​អុជ​ទៀន និង​នាំគ្នា​ស្រែក​ជ័យឃោស​គាំទ្រ​បក្ស​ភ្លើង​ទៀន​ថែមទៀត។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ចេញ​សារ​នយោបាយ​មួយ​ថា លោក សម រង្ស៊ី និង​លោក កឹម សុខា លែង​ជា​មនុស្ស​តែ​មួយ​ហើយ ដោយសារ​លោក សម រង្ស៊ី បាន​ដើរ​ចេញពី​គោលការណ៍​រួបរួម​ដោយ​វិល​ទៅកាន់​គណបក្ស​ភ្លើង​ទៀន​វិញ ខណៈ​លោក​កំពុង​ជាប់​បម្រាម​តុលាការ​នោះ។

គណបក្ស​ភ្លើង​ទៀន​ជា​គណបក្ស​ចាស់​របស់​លោក សម រង្ស៊ី ហើយ​គណបក្ស​នេះ​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា កាលពី​ឆ្នាំ​២០១២ ដោយ​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ។ ក្រោយ​ពី​ការ​ច្របាច់​បញ្ចូល​គ្នា ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នោះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​អាសនៈ​ទាំង​ឃុំ-សង្កាត់ និង​ក្នុង​រដ្ឋសភា​ប្រហាក់ប្រហែល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ប៉ុន្តែ​គណបក្ស​ប្រឆាំង​នេះ ត្រូវ​តុលាការ​រំលាយ​កាលពី​ឆ្នាំ​២០១៧ ដោយ​ផាត់​ចេញ​ពី​ឆាក​នយោបាយ ខណៈ​អាសនៈ​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​យក​ទៅ​បែងចែក​ឱ្យ​គណបក្ស​ផ្សេង​ដែល​ពលរដ្ឋ​មិន​បាន​បោះឆ្នោត​ឱ្យ៕

Exit mobile version