The Cambodia Daily Khmer

បទវិភាគ៖ តើ​ទណ្ឌកម្ម​របស់​បណ្តា​ប្រទេស​លោកសេរី​មាន​ឥទ្ធិពល​កម្រិត​ណា?

ប្រទេស​រុស្ស៊ី​ទទួល​រង​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ពី​ប្រទេស​លោកសេរី ហើយ​នេះ​មិនមែន​លើក​ទី​មួយ​នោះ​ទេ ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០ ដែល​ពលរដ្ឋ​ក្នុង​អតីត​សហភាព​សូវៀត​ធ្លាប់​រង​ទណ្ឌកម្ម​ពី​លោក​ខាងលិច​រហូត​ដល់​ឈរ​បន្ត​កន្ទុយ​រាប់​គីឡូម៉ែត្រ​ចាំ​ទទួល​យក​ការចែក​របប​នំប៉័ង។

ជាង ១០​ថ្ងៃ​ហើយ កងទ័ព​រុស្ស៊ី​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន មិនទាន់​អាច​ត្រួតត្រា​បាន​ទាំងស្រុង​នៅឡើយ​ទេ ហើយ​ទទួល​រង​ទណ្ឌកម្ម​យ៉ាង​ធ្ងន់។ តើ​មេដឹកនាំ​រុស្ស៊ី គន់គូរ​ខុស​ថា​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មិន​អាច​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ខ្លួន​ឬ​យ៉ាង​ណា?

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) សម្រេច​ចិត្ត​បញ្ជូន​ទ័ព​ជិត ២​សែន​នាក់​ទាំង​ជើងគោក ទាំង​ជើងទឹក ទាំង​ជើងអាកាស ឡោមព័ទ្ធ វាយ​លុកលុយ ទន្រ្ទាន​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ដែល​បាន​ឯករាជ្យ អធិបតេយ្យ មាន​បូរណភាព​ដែនដី ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ពេញលេញ​ក្រោយ​ការ​បោះឆ្នោត​ប្រជាមតិ​នៅ​ខែ​ធ្នូ ឆ្នាំ​១៩៩១។ ជនជាតិ​នេះ​និយាយ​ភាសា​អ៊ុយក្រែន អម្បូរ​ភាសា​ស្លាវិក លាយឡំ​នឹង​ភាសា​រុស្ស៊ី និង​ភាសា​ប៉ូឡូញ។

រុស្ស៊ី ជា​មហាអំណាច​មួយ​លើ​លោក​ដែល​មាន​គ្រឿង​សព្វាវុធ​សម្បើម​មហិមា​សល់​ពី​អតីត​សហភាព​សូវៀត។ សូវៀត​មាន​ន័យ​ថា ក្រុមប្រឹក្សា​ពិគ្រោះ ដែល​បង្កើត​ដំបូង​ដោយ​រដ្ឋ​ចំនួន​បួន​គឺ Russia, Belorussia, Ukraine, Transcaucasia ក្រោយ​បដិវត្តន៍​វណ្ណៈ​អធន​រំលាយ​របប​សក្ដិភូមិ សម្លាប់​ផ្តាច់​ពូជ​រាជវង្ស ស្តេច Czar Nikolay Alexandrovich Romanov ឬ Nicholas II នា​ឆ្នាំ​១៩១៧ ដោយ​បក្ស Bolshevik ឬ​កម្មករ/កសិករ​ក្រហម​ភាគច្រើន​មាន Vladimir Lenin ជា​អ្នក​ដឹកនាំ។

ប្រធានាធិបតី Vladimir Putin យក​លេស​ជាច្រើន​បែប​ដើម្បី​វាយប្រហារ​លើ​ប្រទេស​អ៊ុយក្រែន៖ ដំបូង​ប្រាប់​ពិភពលោក​ថា ហ្វឹកហាត់​ធ្វើ​សមយុទ្ធ​យោធា​ម្នាក់​ឯង ក្រោយ​មក​ថា​ជាមួយ​ប្រទេស​បែលឡារុស្ស ក្រោយ​មក​ថា​ធ្វើ​ប្រតិបត្តិការ​ពិសេស រួច​វាយ​កាន់កាប់​តំបន់​ដន់បាស​ប៉ែក​ខាងកើត ថា​ដើម្បី​ការពារ​ជនជាតិ​រុស្ស៊ី ពី​ការ​ប្រល័យ​ពូជសាសន៍​ជនជាតិ​របស់​ខ្លួន​ប្រព្រឹត្ត​ដោយ​រដ្ឋ​អំណាច​អ៊ុយក្រែន ក្រោយ​មក​ថា​មិន​ឲ្យ​អ៊ុយក្រែន ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប និង​អង្គការ​សម្ពន្ធភាព​យោធា​ណាតូ (North Atlantic Treaty Organization=NATO) ជាមួយ​នឹង​ប្រទេស​ជា​អតីត​សាធារណរដ្ឋ​ក្នុង​ប្លុក​អតីត​សហភាព​សូវៀត​ឯទៀត។ ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន Volodymyr Zelenskiy មាន​បំណង​ឲ្យ​ប្រទេស​របស់​លោក​ចូល​ជា​សមាជិក​ពិតមែន ប៉ុន្តែ​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន មុន​នឹង​អាច​ចូល​ជា​សមាជិក​ក្នុង​នាម​ជា​ប្រទេស​ឯករាជ្យ អធិបតេយ្យ បន្ទាប់​មក​ទៀត​ថា​ប្រធានាធិបតី​អ៊ុយក្រែន ជា​ពួក​អ៊ីទ្លែ។

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy និង​លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី។

ប្រធានាធិបតី ពូទីន គិត​ថា​កម្លាំង​របស់​ខ្លួន​អាច​វាយ​កាន់កាប់ គ្រប់គ្រង បន្តុប​រដ្ឋាភិបាល​អាយ៉ង​មួយ​រណប​ក្រុង​មូស្គូ ក្នុង​រយៈពេល ២៤​ម៉ោង ឬ ៤៨​ម៉ោង។ រុស្ស៊ី​បាញ់​កាំភ្លើងធំ បាញ់​មីស៊ីល​ពី​រថក្រោះ ទម្លាក់​គ្រាប់បែក​ពី​យន្តហោះ​លើ​ក្រុង​ធំៗ​ចំ​តំបន់​ជនស៊ីវិល​រស់នៅ​បណ្តាល​ឲ្យ​ស្លាប់ រង​របួស​ជាច្រើន និង​បង្កើន​ចំនួន​ជនភៀសសឹក​ជិត ១​លាន​នាក់​រត់​ទៅ​ជ្រក​ក្នុង​ប្រទេស​ជិតខាង។

ស្ថានការណ៍​កាន់តែ​តានតឹង សោកនាដកម្ម​លើ​ពលរដ្ឋ​អ៊ុយក្រែន​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ពលរដ្ឋ​អ៊ុយក្រែន​ទាំង​ប្រុស​ទាំង​ស្រី​ក៏​មិនព្រម​លុតជង្គង់​ចុះចាញ់ នៅតែ​បន្ត​ប្រយុទ្ធ​តតាំង​ការពារ​ទឹកដី​របស់​គេ។

ហេតុការណ៍​នេះ តម្រូវ​ឲ្យ​ប្រទេស​លោកសេរី​បស្ចិម​ទិស​ចាត់​វិធានការ​បង្អង់​ល្បឿន​ឈ្លានពាន​ពី​រុស្ស៊ី។ ដំបូង គេ​រួមគ្នា​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ផ្តាច់​ជំនួញ​ជាមួយ​គ្នា​លើ​ទំនិញ​ធំៗ ៥​យ៉ាង​ធ្លាប់​ជួញដូរ​ទិញ​លក់​ជាមួយ​រុស្ស៊ី​ពី​ឆ្នាំ​២០១៩ មក គឺ ប្រេងឥន្ធនៈ ឧស្ម័ន ធ្យូងថ្ម លោហធាតុ​មាន​តម្លៃ និង​សិលា ធាតុ​ដែក (iron) និង​សំលោហៈ ឬ​ដែក​រំលាយ​ចូលគ្នា (steel) ជីរ​បាច​ដំណាំ ផលិតផល​គីមី ប៉ុន្តែ​រុស្ស៊ី​មិនទាន់​បង្អង់​ដៃ​ទេ នៅតែ​សម្ដែង​ឫទ្ធិ​ប្រើ​កម្លាំង​យោធា​វាយប្រហារ​ឥត​ឈប់ឈរ។

សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​សេរី​ជឿនលឿន​ឯទៀត​មាន​ជប៉ុន ជាដើម បន្ត​បន្ថែម​ទណ្ឌកម្ម​លើ​រដ្ឋការ​ក្រុង​មូស្គូ ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ពី​មុន​មក គឺ​ទណ្ឌកម្ម​ហិរញ្ញវត្ថុ ពោល​គឺ​កាត់ផ្ដាច់​ចរាចរ​រូបិយប័ណ្ណ​ក្នុង​ជំនួញ​ជាមួយ​ធនាគារ​ធំៗ​នៃ​ប្រទេស​រុស្ស៊ី ជាមួយ​ធនាគារ​ជាង ៤​ម៉ឺន​ក្នុង​ពិភពលោក។

ទណ្ឌកម្ម​ចុងក្រោយ​នេះ ប៉ះ​លើ​ធនាគារ​ជាតិ​រុស្ស៊ី ដែល​មិន​អាច​ប្រើប្រាស់ ដក បញ្ចេញ​បញ្ចូល​ទឹកប្រាក់ ៦០០​ពាន់​លាន​ដុល្លារ។ ទំនិញ​សព្វសារពើ​ឡើងថ្លៃ ពលរដ្ឋ​រុស្ស៊ី​ព្រួយបារម្ភ​នឹង​លុយ​រូប៊ល​អត់​តម្លៃ ធនាគារ​គ្មាន​រូបិយប័ណ្ណ​អន្តរជាតិ​ដូរ ដូចជា​ដុល្លារ និង​អឺរ៉ូ បាន​ឈរ​តម្រង់​ជួរ​ទៅ​បើក​លុយ​របស់​គេ​ចេញពី​ធនាគារ។

តម្លៃ​ហ៊ុន​ស្តុក​នៃ​ធនាគារ​រុស្ស៊ី Sberbank នៅ​ទីផ្សារ​ស្តុក​នៅ​អង់គ្លេស​អស់​តម្លៃ ៩៥% ត្រូវ​បិទទ្វារ រដ្ឋាភិបាល​រុស្ស៊ី​អត់​ចំណូល។ បន្ទាប់​មក ប្រទេស​ទាំងអស់​សហការ​គ្នា​ស្វែងរក​ទ្រព្យសម្បត្តិ​មហាសេដ្ឋី​រុស្ស៊ី ដែល​មាន​លុយ​ដាក់​ទុន​ជុំវិញ​ពិភពលោក​ខាង​អចលនទ្រព្យ មាន​ដូចជា​ទិញ​ដីធ្លី អគារ ផ្ទះសម្បែង ឬ​បើក​ក្រុមហ៊ុន​ធំៗ​ផ្សេងៗ​ជាដើម។

ប្រធានាធិបតី ពូទីន មាន​លុយ​រាប់​ពាន់​លាន​ដុល្លារ មិន​ប្រើ​ឈ្មោះ​ខ្លួន​ផ្ទាល់ ដាក់​ហ៊ុន​ជាមួយ​គូកន​មិត្ត​សម្លាញ់​ជា​មហាសេដ្ឋី​មួយ​ក្តាប់​តូច ហៅថា oligarch។ ក្រុម​មនុស្ស​ជំនិត​មាន​ការ​ទុកចិត្ត​ពី​ប្រធានាធិបតី ពូទីន រកស៊ី​ខាង​លក់​គ្រឿងអាវុធ គ្រប់គ្រង​ក្រុមហ៊ុន​ប្រេង/ឧស្ម័ន ខាង​អចលនទ្រព្យ ទទួល​ផលវិបាក​ផ្ទាល់​មុនគេ​ពី​ទណ្ឌកម្ម​ហិរញ្ញវត្ថុ។ អ្នក​ទាំងនោះ​បាន​សុំ​ឲ្យ ពូទីន បញ្ចប់​សង្គ្រាម។

តាម​ការ​ផ្សាយ​ពី​សារព័ត៌មាន Bloomberg និង Yahoo មហាសេដ្ឋី​រុស្ស៊ី​ប្រមាណ ២០​នាក់​ខាត​ទុន​ម្នាក់ៗ​ប្រមាណ​ជាង ១០​ពាន់​លាន​ដុល្លារ ឬ​សរុប​ចំនួន ៨០​ពាន់​លាន​ដុល្លារ​ចាប់ពី​ថ្ងៃ​អនុវត្ត​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពី​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប។

មហាសេដ្ឋី​ជុំវិញ​លោក ពូទីន រួម​មាន៖

យោង​តាម​ទស្សនាវដី្ត Forbes ផ្សាយ​ថ្ងៃ​ទី​១ ខែ​មីនា ឥឡូវ​នេះ​រដ្ឋាភិបាល​ប្រទេស​សេរី​ឃាត់​ទុក​រឹបអូស​កប៉ាល់​ប្រណីត​ជិះ​ដើរលេង ហៅថា yacht ពី​មហាសេដ្ឋី​រុស្ស៊ី​ដូចតទៅ​នេះ​ដោយ​ផ្តើម​ពី​អាល្លឺម៉ង់ និង​បារាំង៖

យោង​តាម​ការផ្សាយ​ក្នុង​ទូរទស្សន៍ MSNBC យប់​ថ្ងៃ​សុក្រ ទី​៤ មីនា ជនជាតិ​អ៊ុយក្រែន ឈ្មោះ Taras Ostapchu ជា​អ្នកបច្ចេកទេស​ថែទាំ​កប៉ាល់​មហាសេដ្ឋី​រុស្ស៊ី​ម្នាក់​ជា​ឈ្មួញ​គ្រឿងអាវុធ បាន​ពន្លិច​កប៉ាល់​ចៅហ្វាយ​របស់​ខ្លួន​លិច​ពាក់កណ្តាល​តួ​ក្នុង​ទឹក ព្រោះ​ឈឺចាប់​នឹង​រុស្ស៊ី​វាយប្រហារ​លើ​មាតុភូមិ​ខ្លួន​ប៉ះ​ចំ​អគារ​គាត់​ធ្លាប់​រស់នៅ។ អាជ្ញាធរ​អេស្ប៉ាញ​ចាប់​លោក Taras Ostapchu ឡើង​តុលាការ ប៉ុន្តែ​ដោះលែង​វិញ។ Taras Ostapchu ថា​លោក​អត់​ស្តាយ​ក្រោយ​ឡើយ បើ​មាន​ឱកាស លោក​នឹង​ធ្វើ​អ៊ីចឹង​ទៀត ព្រោះ​ជា​ការ​ឆ្លើយតប​នឹង​ការ​ឈ្លានពាន​បាញ់​សម្លាប់​ជនស៊ីវិល។ តុលាការ​ដោះលែង​វិញ ហើយ​ឥឡូវ​នេះ លោក​វិល​ចូល​ទៅ​ស្រុក​កំណើត​កាន់​កាំភ្លើង​ច្បាំង​នឹង​ទាហាន​រុស្ស៊ី។

ទណ្ឌកម្ម​ទាំង​ពីរ​ប្រភេទ សេដ្ឋកិច្ច​ផង ហិរញ្ញវត្ថុ​ផង ជំរុញ​ឲ្យ​ប្រធានាធិបតី ពូទីន ស្នើ​ដោយ​ទទូច​ឲ្យ​លោក​ខាងលិច​ឈប់​បន្ថែម​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​តទៅទៀត។ លោក​ខាងលិច​មិនទាន់​ជឿ​ទុកចិត្ត​លោក ពូទីន ទេ។ ការិយាល័យ​សុភាចារបុរស​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ចាប់ផ្តើម​ស៊ើប​អង្កេត​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​លើ​ប្រធានាធិបតី ពូទីន។ ដំណាល​ពេល​គ្នា​នេះ សហរដ្ឋ​អាមេរិក កាណាដា រួម​ទាំង​សម្ពន្ធមិត្ត ១៩​ប្រទេស​នៅ​អឺរ៉ុប បន្ត​ផ្តល់​ជំនួយ​យោធា និង​មនុស្សធម៌​ទៅ​ឲ្យ​កងទ័ព និង​ពលរដ្ឋ​ស៊ីវិល​អ៊ុយក្រែន ព្រោះ​ឃើញ​សេចក្តី​ក្លាហាន​ជនជាតិ​នេះ។

ប្រទេស​បញ្ជូន​ជំនួយ​ទាំងនោះ​ក្រៅពី​សហរដ្ឋ​អាមេរិក និង​កាណាដា រួម​មាន៖

រីឯ​ជំនួយ​មនុស្សធម៌៖

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) និយាយ​ថា វិធី​ដាក់​ទណ្ឌកម្ម​ធ្ងន់ៗ​នៅ​មាន​ទៀត​មិនទាន់​អស់​ទេ៕

Exit mobile version