មន្ត្រីក្រសួងពាណិជ្ជកម្មជាច្រើននាក់ ស្នើសុំឱ្យលោក ហ៊ុន សែន និងអង្គភាពប្រឆាំងអំពើពុករលួយ ចុះស៊ើបអង្កេតសកម្មភាពពុករលួយរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម លោក ផាន អូន ដែលបានកិបកេងលុយអង្គភាពរាប់សែនដុល្លារក្នុងមួយឆ្នាំៗ។
មន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្មជាច្រើនរូប បាននាំគ្នាសរសេរលិខិតមកសារព័ត៌មាន The Cambodia daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ថា លោក ផាន អូន បានកាត់ប្រាក់យន្តការប្រចាំខែដែលក្រសួងពាណិជ្ជកម្មផ្តល់ជូនសាខា ក.ប.ប រាជធានី-ខេត្តទាំងអស់ដាក់ចូលក្នុងហោប៉ៅខ្លួនឯង ប៉ុន្តែលោក ផាន អូន បែរជាតម្រូវឲ្យមន្ត្រីសាខា ក.ប.ប រាជធានី-ខេត្តរៃអង្គាសថវិកាមន្ត្រីថ្នាក់ក្រោមដាក់ចូលអង្គភាពជំនួសវិញ។
ប្រភពដដែលអះអាងថា លោក ផាន អូន បានកិបកេងលុយបេសកកម្មរបស់មន្ត្រីថ្នាក់ក្រោមជាប់ជាប្រចាំ ក្នុងនោះគាត់បានបញ្ជាឱ្យមន្ត្រីទទួលបន្ទុកគណនេយ្យ បង្កើនចំនួនថ្ងៃបេសកកម្មបន្ថែម ដូចជាមន្ត្រីណាដែលមានបេសកកម្មតែមួយថ្ងៃ គាត់បញ្ជាឲ្យដាក់ ៣ថ្ងៃ ហើយនៅពេលក្រសួងទម្លាក់លុយបេសកកម្មនោះមក លោក ផាន អូន បើកឲ្យមន្ត្រីអនុវត្តការងារតែ ១ថ្ងៃប៉ុណ្ណោះ ចំណែកប្រាក់បេសកកម្ម ២ថ្ងៃដែលបានបន្ថែមនោះ គឺលោក ផាន អូន កាត់យកសម្រាប់ខ្លួនឯង។
មន្ត្រីនៃក្រសួងពាណិជ្ជកម្មទាំងនោះបញ្ជាក់ថា ក្រៅពីកិបកេងលុយបេសកកម្មរបស់ក្រសួង លោក ផាន អូន បានកិបកេងថវិកាគម្រោងទិញឧបករណ៍ និងសម្ភារៈមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានប្រចាំឆ្នាំដែលមានទំហំទឹកប្រាក់រាប់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ និងគម្រោងជាច្រើនផ្សេងទៀត។ ដូច្នេះហើយ ទើបលោក ផាន អូន មានលទ្ធភាពទិញដី និងផ្ទះជាច្រើនកន្លែង ដោយដាក់ឈ្មោះប្រពន្ធ និងកូន បន្ទាប់ពីលោកឡើងកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបានត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ។
មន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្មទាំងនេះបញ្ជាក់ថា កន្លងមកក៏មានការសាកសួរអំពីសកម្មភាពពុករលួយរបស់លោក ផាន អូន ដែរ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានចេញមុខការពារបិទបាំងអំពើអាក្រក់ទាំងនោះ ព្រោះពួកគេទទួលបានផលប្រយោជន៍ជាមួយគ្នា ដោយងាកមកលាបពណ៌ និងចោទមន្ត្រីដែលបានដឹងរឿងពុករលួយនេះផ្តល់ព័ត៌មានជូនថ្នាក់លើ ថាជាមន្ត្រីមាននិន្នាការប្រឆាំងនៅក្នុងក្រសួងទៅវិញ។
ការអះអាងនេះ ធ្វើឡើងដើម្បីសុំឱ្យប្រមុខរដ្ឋាភិបាលកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ ជួយស៊ើបអង្កេតនូវសកម្មភាពរបស់លោក ផាន អូន ដែលកំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងអណាធិបតេយ្យដូចសព្វថ្ងៃនេះ។
លោក ផាន អូន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។ ក្រោយកាន់តំណែងនេះ លោក ផាន អូន បានរៀបចំខ្សែបណ្ដាញបក្ខពួកដែលជាសាច់ញាតិរបស់ខ្លួនក្នុងមុខនាទីសំខាន់ៗ ដែលអាចប្រព្រឹត្តអំពើពុករលួយដើម្បីមានបានក្នុងគ្រួសាររបស់ពួកគេរហូតមក។
កាលពីចុងឆ្នាំ២០២១ មន្ត្រីនៃក្រសួងពាណិជ្ជកម្មជាច្រើនរូបធ្លាប់ទម្លាយថា កាលពីអំឡុងឆ្នាំ២០២០ លោក ផាន អូន ទទួលបានថវិកាពីក្រសួងហិរញ្ញវត្ថុចំនួន ១០ម៉ឺនដុល្លារអាមេរិក តាមសំណើរបស់លោក ដើម្បីទិញដី ១កន្លែងសម្រាប់សាងសង់អគារមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខា ក.ប.ប ខេត្តរតនគិរី ប៉ុន្តែលោក ផាន អូន បានកិបកេងលុយនេះដោយចំណាយអស់ត្រឹមតែ ២ម៉ឺន ៥ពាន់ដុល្លារអាមេរិកប៉ុណ្ណោះ។
មន្ត្រីទាំងនោះបន្តថា លោក ផាន អូន និងបក្ខពួកបានចរចាទិញដីសម្រាប់សាងសង់អគារពិសោធន៍នេះពីលោក ហេង សាយ ប្រធានសាខា ក.ប.ប ប្រចាំខេត្តរតនគីរី ដែលលក់ក្នុងតម្លៃទីផ្សារ ៥ម៉ឺនដុល្លារអាមេរិក ប៉ុន្តែមន្ត្រីរូបនេះបានឃុបឃិតជាមួយលោក ហេង សាយ និងមន្ទីរសុរិយោដីខេត្តរតនគិរី បំបែកក្បាលដីនោះជា ២ប្លង់។
ពួកគេថាមួយប្លង់ឱ្យទៅជាកម្មសិទ្ធិកូនស្រីរបស់លោក ផាន អូន ដែលមានតម្លៃប្រហែល ២ម៉ឺន ៥ពាន់ដុល្លារអាមេរិក និងមួយប្លង់ទៀតដាក់ជាកម្មសិទ្ធិរបស់សាខា ក.ប.ប សម្រាប់ការសាងសង់មន្ទីរពិសោធន៍ប្រចាំខេត្តរតនគីរី។
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ អង្គការតម្លាភាពអន្តរជាតិ បានចេញរបាយការណ៍ស្ដីពីសន្ទស្សន៍អំពើពុករលួយនៅកម្ពុជាសម្រាប់ឆ្នាំ២០២១ ថា កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខរៀងទី១៥៧ ក្នុងចំណោមប្រទេសទាំង១៨០ ដែលបានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ហើយបញ្ហានេះត្រូវគេមើលឃើញថា កម្ពុជានៅតែជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានអំពើពុករលួយអាក្រក់ជាងគេបំផុតក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន៕