បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន កាត់ដីរដ្ឋរាប់រយហិកតារប្រគល់ឱ្យប្អូនស្រីរបស់ខ្លួន និងគ្រួសារសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច ឧកញ៉ា លី យ៉ុងផាត់ រួមទាំងវិស័យឯកជនធំៗមួយចំនួនទៀត។
ដីរដ្ឋទំហំប្រមាណ ៣ម៉ឺន ៦ពាន់ហិកតារ ត្រូវបានលោក ហ៊ុន សែន ផ្តល់សម្បទានសេដ្ឋកិច្ចទៅក្រុមហ៊ុនចិន Union Development Group ឬហៅកាត់ថា UDG ដែលរងទណ្ឌកម្មក្រោមច្បាប់ Magnitsky របស់អាមេរិក។ ក្រុមហ៊ុនមួយនេះក៏រងការចោទប្រកាន់ថា បានបណ្តេញពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ ខណៈឧទ្យានជាតិបុទុមសាគរដែលមានផ្ទៃដីប្រមាណ ១១៥៤ហិកតារ ត្រូវបានកំណត់ឡើងវិញដើម្បីប្រគល់ជូនពលរដ្ឋដោយមិនមានចំនួនច្បាស់លាស់។
ចំណែកផ្ទៃដីប្រហែល ៦០០ហិកតារដែលគ្រប់គ្រងដោយរដ្ឋ ក្នុងនោះដីបឹង ព្រៃឈើ ភ្នំ កំពង់ផែ និងអតីតសម្បទានសេដ្ឋកិច្ច ក៏ត្រូវបានធ្វើឯកជនភាវូបនីយកម្មដែរ។
ជាមួយគ្នានោះ សម្រាប់ធនាគារកាណាឌីយ៉ា វិញ ទទួលបានដីរដ្ឋចំនួន ១០ហិកតារនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងក្រុមហ៊ុន Premier Land ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយកូនស្រី និងកូនប្រសារបស់លោក លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាពីខាងគណបក្សកាន់អំណាច បានទទួលដីចំនួន ១៣០ហិកតារពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខណៈក្រុមហ៊ុន Fuhai Investment នៅស្រុកព្រៃនប់ ក៏ទទួលបានដី ១១៣ហិកតារស្ថិតនៅទីតាំងចំនួន ៤កន្លែងដែរ។
ដោយឡែកអ្នកស្រី ហ៊ុន សេងនី ដែលជាប្អូនស្រីបង្កើតរបស់លោក ហ៊ុន សែន និងឧកញ៉ា ឡាញ់ ភារ៉ា ទទួលបានដីបឹងតាមោក ឬបឹងទំនប់កប់ស្រូវ រាជធានីភ្នំពេញ ចំនួន ២០ហិកតារ ខណៈដីផ្ទៃបឹងតាមោក ៥ហិកតារកាត់ឱ្យឈ្មោះ រស់ ព្រីប៊ូ។
ក្រៅពីកាត់ដីនៅខេត្តកោះកុង ខេត្តព្រះសីហនុ និងដីផ្ទៃបឹងតាមោកនៅរាជធានីភ្នំពេញ លោក ហ៊ុន សែន ក៏បានកាត់ផ្ទៃដី ៤៩ហិកតារដែលជាអតីតដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តមណ្ឌលគិរី ប្រគល់ឱ្យបុគ្គលម្នាក់ឈ្មោះ ម៉ី កែវមរកត និងដីភ្នំចំនួន ២៨០ហិកតារក្នុងខេត្តកំពង់ឆ្នាំង ប្រគល់ទៅឲ្យយោធាដំឡើងស្ថានីយរ៉ាដា។ ចំណែកផ្ទៃដីគម្របព្រៃឈើទំហំ ៩៩ហិកតារ នៅខេត្តស្ទឹងត្រែង ត្រូវបានរដ្ឋាភិបាលកាត់ផ្ទៃដីទំហំ ៦៥ហិកតារឱ្យពលរដ្ឋ ១៩៦គ្រួសារ។
សៀវភៅរាជកិច្ចចំនួន ១២ភាគ ត្រូវបានបោះពុម្ព និងចងក្រងបទបញ្ជា រួមទាំងសេចក្តីសម្រេចរបស់រដ្ឋាភិបាលដែលមានតាំងពីចុងឆ្នាំ២០២១ ដោយអនុក្រឹត្យកាត់ដីបឹង ព្រៃឈើ ភ្នំ កំពង់ផែ និងអតីតដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ ដើម្បីប្រគល់ទៅឯកជន និងក្រុមហ៊ុនឯកជនទាំងអស់នោះ ត្រូវបានចុះហត្ថលេខាដោយលោក ហ៊ុន សែន។
អស់រយៈពេល ៣៧ឆ្នាំនៃការកាន់អំណាចជានាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន មិនត្រឹមតែកាត់ដីបឹង ដីព្រៃ ភ្នំ កំពង់ផែ នោះទេ សូម្បីធនធានធម្មជាតិ ឬព្រៃឈើរបស់កម្ពុជាក៏ត្រូវបានវិនាស ខណៈបទល្មើសគ្រឿងញៀនកាន់តែកើនឡើងនៅទូទាំងប្រទេស ទោះបីជាលោកខំស្រែកក្ដែងៗដោយប្ដេជ្ញាទប់ស្កាត់ក៏ដោយ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានប្រាប់សារព័ត៌ក្នុងស្រុកថា លោកមិនមានព័ត៌មានអំពីការបែងចែកដីជាក់លាក់នោះទេ រាប់បញ្ចូលទាំងប្អូនស្រីរបស់លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន សេងនី និងក្រុមឧកញ៉ាផងដែរ។
The Cambodia Daily មិនអាចសុំការអត្ថាធិប្បាយពីអ្នកស្រី លី អាផន ម្ចាស់ក្រុមហ៊ុន Premier Land ដែលត្រូវជាកូនស្រីរបស់លោក លី យ៉ុងផាត់ និងលោក សេង ញ៉ក់ ដែលជាកូនប្រសា បាននៅឡើយទេ៕