ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សនៃរដ្ឋាភិបាលលោក ហ៊ុន សែន អះអាងថា កម្ពុជាត្រូវតែបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឲ្យបាន ដើម្បីធានានូវការអនុវត្តសិទ្ធិសេរីភាពរបស់ពលរដ្ឋឲ្យបានត្រឹមត្រូវ ខណៈក្រុមសង្គមស៊ីវិលទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបើកលំហសេរីភាពរបស់ពលរដ្ឋឲ្យបានទូលំទូលាយជាងនេះ គឺជាអាទិភាព។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានលើកឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់មួយក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នេះថា សិទ្ធិរបស់ពលរដ្ឋត្រូវចែងយ៉ាងច្បាស់នៅក្នុងច្បាប់នានា ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស កតិកាសញ្ញា អនុសញ្ញា និងលិខិតុបករណ៍អន្តរជាតិទាក់ទងសិទ្ធិមនុស្សដែលកម្ពុជាជារដ្ឋភាគីបានផ្តល់សច្ចាប័នលើច្បាប់នេះ។
លោក កែវ រ៉េមី បញ្ជាក់ថា មកដល់ពេលនេះ កម្ពុជានៅតែរក្សាជំហររបស់ខ្លួនយ៉ាងមុតមាំក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិមួយនៅកម្ពុជាឲ្យបាន ក្នុងនោះរដ្ឋាភិបាលក៏ធ្លាប់បានប្រគល់តួនាទីឲ្យក្រុមការងារអង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកលើសេចក្តីព្រាងច្បាប់ស្ដីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះផងដែរ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកំពុងប្រមូលធាតុចូលពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជាសព្វថ្ងៃនេះ។
នាយកប្រតិបត្តិអង្គការអភិវឌ្ឍផ្នត់គំនិត បណ្ឌិត សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ មេសា នេះថា ស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជាគ្មានភាពចាំបាច់នឹងបង្កើតឡើងទេ ក្នុងនោះរដ្ឋាភិបាលកម្ពុជាគ្រាន់តែបើកលំហសេរីភាពរបស់ពលរដ្ឋឲ្យបានទូលំទូលាយជាងនេះ។ លោកថា ជាពិសេសគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាត្រូវតែធានាឲ្យបាននូវការអនុវត្តសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋដោយគ្មានការគំរាមកំហែង គឺគ្រប់គ្រាន់ទៅហើយ។
បណ្ឌិត សេក សុជាតិ អះអាងថា ការបង្កើតស្ថាប័នមួយដែលគ្មានប្រសិទ្ធភាពការងារក្នុងការធានានូវសេរីភាពបញ្ចេញមតិ និងសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ ធ្វើឲ្យខាតបង់ថវិកាជាតិទៅវិញទេ ខណៈកម្ពុជាក៏បានបង្កើតឲ្យមានគណៈកម្មាធិការសិទ្ធិមនុស្សដើម្បីអនុវត្ត និងធានានូវការប្រើប្រាស់សិទ្ធិរបស់ពលរដ្ឋទៅហើយនោះ។
នាយកប្រតិបត្តិអង្គការអភិវឌ្ឍផ្នត់គំនិតរូបនេះបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាពិតជាមានចេតនាក្នុងការលើកស្ទួយការអនុវត្តសិទ្ធិសេរីភាពរបស់ពលរដ្ឋមែននោះ រដ្ឋាភិបាលគ្រាន់តែទទួលយកការរិះគន់របស់អង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្ស និងកង្វល់របស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទៅដោះស្រាយឲ្យបានត្រឹមត្រូវ ក៏ជាការលើកស្ទួយនូវការអនុវត្តសិទ្ធិសេរីភាពរបស់ពលរដ្ឋបានល្អដែរ។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៣១ បានចែងថា កម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៨ មក។ មាត្រា១ នៃសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ចែងថា មនុស្សទាំងអស់កើតមកមានសេរីភាព និងភាពស្មើគ្នាក្នុងសេចក្តីថ្លៃថ្នូរ និងសិទ្ធិ។
យ៉ាងណាក៏ដោយ បុរសខ្លាំងរបស់កម្ពុជាដែលឧស្សាហ៍ប្រើកណ្ដាប់ដៃដែក លោក ហ៊ុន សែន ធ្លាប់សារភាពកាលពីពេលកន្លងទៅថា ការចាប់ខ្លួនសកម្មជនសង្គម និងអ្នកតវ៉ាផ្សេងទៀតកន្លងមក គឺលោកជាអ្នកបញ្ជាដោយផ្ទាល់ ពីព្រោះពួកគេនាំគ្នាតវ៉ាប្រឆាំងនឹងការដឹកនាំរបស់លោក។
របាយការណ៍ស្ដីពីនីតិរដ្ឋឆ្នាំ២០២១ របស់គម្រោងយុត្តិធម៌ពិភពលោក (The World Justice Project) បានរកឃើញថា កម្ពុជាគឺជាប្រទេសដែលមានការដឹកនាំគ្មានតម្លាភាព ពោរពេញដោយការគំរាមកំហែងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការមិនធានាបាននូវប្រព័ន្ធយុត្តិធម៌របស់ខ្លួនតាមផ្លូវតុលាការ ជាដើម ដែលបានធ្លាក់ទៅក្នុងចំណោមប្រទេសដែលមាននីតិរដ្ឋអាក្រក់បំផុតក្នុងចំណាត់ថ្នាក់លេខទី១៣៨ ក្នុងចំណោមប្រទេស១៣៩ នៅលើពិភពលោក៕