The Cambodia Daily Khmer

អ្នក​តស៊ូ​មតិ៖ លោក ហ៊ុន សែន នឹង​រង​ភាព​អាម៉ាស់​ធ្ងន់ធ្ងរ​ជុំវិញ​កិច្ចប្រជុំ​អាស៊ាន-អាមេរិក

អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ និង​អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ។

ក្រុម​អ្នក​តស៊ូ​មតិ​រស់នៅ​ក្រៅ​ស្រុក លើកឡើង​ថា លោក ហ៊ុន សែន នឹង​រង​នូវ​ភាព​អាម៉ាស់​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក ដោយសារ​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​តម្លៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​អាមេរិក​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​មិន​បាន​រៀបចំ​ឱ្យ​មាន​ជំនួប​ទ្វេភាគី​រវាង​សហប្រធាន​ទាំង​ពីរ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​១០ ឧសភា ថា ភាព​អាម៉ាស់​នោះ​ដែល​បាន​កើត​មាន​លើ​មេដឹកនាំ​កម្ពុជា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នោះ គឺ​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​តម្លៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​អាមេរិក​យ៉ាង​ធ្ងន់ធ្ងរ។

លោក​បន្ត​ថា ការ​ទម្លាក់​តម្លៃ​ទំនាក់ទំនង​ការទូត​នេះ គឺ​នៅ​ត្រង់​ថា លោក ហ៊ុន សែន ធ្វើជា​សហប្រធាន​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ជាមួយ​លោក ចូ បៃដិន ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បែរជា​មិន​រៀបចំ​ឱ្យ​មាន​ជំនួប​ទ្វេភាគី​រវាង​សហប្រធាន​ទាំង​ពីរ​ទៅវិញ។

អ្នកវិភាគ​រូប​នេះ​លើកឡើង​ថា ក្រៅពី​ការ​បិទ​មិន​ឱ្យ​មាន​ជំនួប​ទ្វេភាគី​រវាង​ប្រធាន​អាស៊ាន លោក ហ៊ុន សែន និង​លោក ចូ បៃដិន កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក នៅ​ថ្ងៃ​ទី​១២ ឧសភា នេះ អាមេរិក​នឹង​មិន​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​នៅ​សេតវិមាន​របស់​ប្រធានាធិបតី​នោះ​ទេ តែ​បែរជា​រៀបចំ​នៅ​ទីស្ដីការ​ក្រសួង​ការបរទេស​អាមេរិក​ជំនួស​វិញ។ ដូច្នេះ​ការ​ធ្វើ​បែប​នេះ គឺ​បង្ហាញ​ថា អាមេរិក​មិន​ឱ្យ​តម្លៃ​លើ​ទំនាក់ទំនង​ការទូត​របស់​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ក្នុង​នាម​ប្រធាន​អាស៊ាន​នោះ​ឡើយ។

លោក គឹម សុខ បន្ត​ថា ក្រៅពី​ភាព​អាម៉ាស់​ដែល​សហរដ្ឋ​អាមេរិក​មិន​បាន​ផ្តល់​តម្លៃ​លើ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​អាមេរិក លោក ហ៊ុន សែន ខ្លួនឯង​ក៏​បាន​ធ្វើ​នូវ​រឿង​ដែល​គួរ​ឱ្យ​អាម៉ាស់​ជាច្រើន​ទៀត​ជុំវិញ​កិច្ចប្រជុំ​នេះ ក្នុង​នោះ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​មន្ត្រី​កម្ពុជា​រាប់​រយ​នាក់​ជិះ​យន្តហោះ​ទៅ​ចូលរួម​ទទួល​លោក​នៅ​សហរដ្ឋ​អាមេរិក​មុន​កិច្ចប្រជុំ​នោះ។ ជាង​នេះ​ទៀត លោក ហ៊ុន សែន បាន​ចំណាយ​លុយ​ជាតិ​ប្រមាណ​ជា ១​លាន​ដុល្លារ​អាមេរិក​ដើម្បី​ទាក់ទាញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា ១​ពាន់​នាក់​ដែល​រស់នៅ​សហរដ្ឋ​អាមេរិក ឱ្យ​នាំគ្នា​ទៅ​ទទួល​លោក​ក្នុង​កម្មវិធី​ជួបជុំ​ទទួលទាន​អាហារ ដែល​រៀបចំ​ដោយ​មន្ត្រី​បក្ស​កាន់​អំណាច​ក្នុង​វត្តមាន​របស់​ខ្លួន​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​នេះ។

លោក គឹម សុខ បញ្ជាក់​ថា ស្រប​ពេល​ដែល​លោក ហ៊ុន សែន ត្រូវ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នេះ បែរជា​សហភាព​អឺរ៉ុប បដិសេធ​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ និង​ទាមទារ​ឱ្យ​បើក​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅវិញ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ភូមា ដែល​រស់នៅ​សហរដ្ឋ​អាមេរិក ក៏​បាន​នាំគ្នា​មក​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន សែន ដែរ​នោះ។ លោក​បន្ត​ថា ការ​ធ្វើ​បែប​នេះ គឺជា​ការ​បំបាក់​មុខ​លោក ហ៊ុន សែន យ៉ាង​ខ្លាំង​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ដែល​ត្រូវ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ពេលនេះ។

លោក គឹម សុខ គូស​បញ្ជាក់​ថា តាម​ឥរិយាបថ​របស់​សហរដ្ឋ​អាមេរិក ជុំវិញ​កិច្ចប្រជុំ​កំពូល​នេះ អាមេរិក​មិន​បាន​ផ្តល់​តម្លៃ​ដល់​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ក្នុង​នាម​ប្រធាន​អាស៊ាន​ដែល​ត្រូវ​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នេះ​ទេ ហើយ​កិច្ចប្រជុំ​នេះ អាមេរិក​ធ្វើឡើង​គ្រាន់តែ​ដើម្បី​បង្គ្រប់​កិច្ច​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​អាមេរិក-អាស៊ាន​ជាមួយ​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន​ប៉ុណ្ណោះ។

ចំណែក​អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អាច​ស្ដារ​មុខមាត់​របស់​កម្ពុជា និង​មុខមាត់​របស់​គាត់​ឡើងវិញ ប្រសិនបើ​គាត់​ប្រើ​ឱកាស​ក្នុង​ពេល​វត្តមាន​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នេះ បើក​ឱ្យ​មាន​ការ​លើកលែង​ការ​ចោទប្រកាន់​លើ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ឱ្យ​មាន​សេរីភាព​ឡើងវិញ នោះ​នឹង​មាន​ការ​សាទរ​ពី​សហគមន៍​អន្តរជាតិ​ជាមិនខាន ជាពិសេស​គឺ​សហរដ្ឋ​អាមេរិក​តែម្តង។

កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១២-១៣ សប្តាហ៍​នេះ ដែល​មាន​ការ​ចូលរួម​ដឹកនាំ​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន និង​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​នេះ។

ជុំវិញ​វត្តមាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន លើ​ទឹកដី​សហរដ្ឋ​អាមេរិក​នេះ សារព័ត៌មាន The Cambodia Daily បាន​ទទួល​ព័ត៌មាន​ជា​បន្តបន្ទាប់​មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មកពី​បណ្តា​រដ្ឋ​ជាច្រើន​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ដើម្បី​ទាមទារ​ឱ្យ​លោក ហ៊ុន សែន គោរព​រដ្ឋធម្មនុញ្ញ និង​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឡើងវិញ ព្រមទាំង​ទាមទារ​ឱ្យ​បើក​សិទ្ធិ​សេរីភាព​ដល់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ដែល​កំពុង​រង​ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ៕

Exit mobile version