រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ការដោះដូរដីដើម្បីធ្វើការអភិវឌ្ឍក្បែរសួនសត្វភ្នំតាម៉ៅ ទៅឱ្យក្រុមហ៊ុនឯកជន មិនមានផលប៉ះពាល់ដីឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ជាង ៤០០ហិកតារដែលមានរបងព័ទ្ធ និងហេដ្ឋារចនាសម្ព័ន្ធនានានោះទេ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ធ្វើឡើងតាមលិខិតដែលបានដាក់ទៅទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានលើកឡើងនៅក្នុងលិខិតថា ការស្នើសុំគោលការណ៍ដើម្បីដោះដូរទីតាំងដីរបស់គណៈរដ្ឋមន្ត្រីនោះ មិនបានប៉ះពាល់ ឬជាន់លើផ្ទៃដីឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដែលមានទំហំជាង ៤០០ហិកតារ និងមានរបងព័ទ្ធជុំវិញជាង ៨៣៩៤ម៉ែត្រដែលមានហេដ្ឋារចនាសម្ព័ន្ធនានា។
លោកបន្តថា ការដោះដូរដីដើម្បីឱ្យក្រុមហ៊ុនអភិវឌ្ឍតំបន់នោះ ក៏មិនប៉ះពាល់ដល់ការសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ឬការអនុវត្តអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ Wildlife Alliance ដែរ។ មួយវិញទៀត លោក វេង សាខុន បញ្ជាក់ថា ការដោះដូរផ្ទៃដីតំបន់ភ្នំតាម៉ៅ ជាការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងផ្តល់បន្ថែមទៀតនូវទុនសម្រាប់ការអភិវឌ្ឍគម្រោងយុទ្ធសាស្ត្រនានាជំរុញ និងកែឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។
ការអះអាងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ធ្វើឡើងបន្ទាប់ពីតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) អ្នកស្រី ស៊ូវណ្ណា ហ្គោនឡែត បានស្នើសុំអន្តរាគមន៍បន្ទាន់មួយ ក្នុងនោះបញ្ឈប់សំណើសុំដីទំហំ ៥០០ហិកតារសម្រាប់ការអភិវឌ្ឍឯកជន និងស្នើសុំលោក ហ៊ុន សែន ឱ្យជួយអន្តរាគមន៍បន្ទាន់ដោយបញ្ឈប់ការបំផ្លាញព្រៃភ្នំតាម៉ៅ ជាជម្រកសត្វព្រៃ ស្ថិតនៅក្រោមការការពាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អ្នកស្រីបញ្ជាក់ថា នៅពេលគម្រោងអភិវឌ្ឍន៍ត្រូវអនុវត្តនោះ ដីព្រៃភ្នំតាម៉ៅនឹងត្រូវកាត់ផ្ដាច់ជាពីរបំណែកតូចៗ សត្វព្រៃជាង ១០០០ក្បាលនឹងបាត់បង់ទីជម្រក ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នឹងបាត់បង់កេរ្តិ៍ឈ្មោះ ការងាររួមគ្នារវាងរដ្ឋាភិបាល និងអង្គការ Wildlife Alliance រយៈពេល ២០ឆ្នាំក្នុងការការពារប្រព័ន្ធបរិស្ថាន ហើយនៅទីនោះនឹងមិនមានអ្វីទាំងអស់ រួមទាំងថវិកាវិភាគទានរបស់អង្គការ នឹងទទេស្អាតដែរ។
កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ អ្នកជំនាញអភិរក្សសត្វព្រៃនៅអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោក នីច ម៉ាក បានបង្ហោះវីដេអូលើហ្វេសប៊ុក ដោយលើកឡើងថា កិច្ចសហការដ៏ល្អរវាងរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃអស់រយៈពេល ២០ឆ្នាំ ភ្នំតាម៉ៅបានក្លាយជាទីតាំងដ៏សំខាន់សម្រាប់ការស្ដារសត្វព្រៃឡើងវិញ និងអភិរក្សសត្វព្រៃ។ លោកក៏បានស្នើទៅលោក ហ៊ុន សែន ជួយការពារព្រៃភ្នំតាម៉ៅ ឱ្យនៅដដែល ដើម្បីទុកជាជម្រកសុវត្ថិភាពសម្រាប់សត្វព្រៃ និងជាកន្លែងកម្សាន្តធម្មជាតិដ៏ល្អសម្រាប់ប្រជាជននៅជិតទីក្រុងភ្នំពេញ ដោយថាការឈូសឆាយក្នុងន័យអភិវឌ្ឍតំបន់ភ្នំតាម៉ៅនេះ វានឹងបំផ្លាញព្រៃ ជម្រកសត្វ និងកន្លែងល្អមួយសម្រាប់ភ្ញៀវទេសចរ និងប្រជាជនខ្មែរទៅលេងដែរ។
យោងតាម ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ដោះដូរទីតាំងដីស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅទំហំ ៣០០ហិកតារ និងទីតាំងដីរដ្ឋបាលព្រៃឈើភ្នំតាម៉ៅទំហំ ៥០០ហិកតារ ស្ថិតនៅឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ជាមួយក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក។
ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ដែលធ្វើប្រតិបត្តិការកសិដ្ឋាន និងរោងចក្រកែច្នៃទឹកដោះគោ បានកកើតចេញពីការចាប់ដៃគូរវាងមូលនិធិ Cambodia-Laos-Myanmar Development Fund II ស្ថិតនៅប្រទេសសិង្ហបុរី ដែលគ្រប់គ្រងដោយក្រុមហ៊ុន Emerging Markets Investment Advisers (EMIA) មូលនិធិរបស់ជប៉ុន Nexasia ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងក្រុមស្ថាបនិកដែលទទួលបានជោគជ័យខ្ពស់រួមមានសហគ្រិនកម្ពុជា និងសហគ្រិនមកពីប្រទេសអ៊ីស្រាអែល៕