The Cambodia Daily Khmer

លោក មុត ចន្ថា ថា​បក្ស​ភ្លើង​ទៀន​បង្កើត​ឱ្យ​មាន​មន្ទិល​សង្ស័យ​ចំពោះ​ការ​ចូលរួម​បោះឆ្នោត​ឃុំ-សង្កាត់

អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា និង​សកម្មភាព​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​ក្នុង​ការ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២។

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ប្រសិនបើ​គ្មាន​វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​ទៅ​លើ​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ធ្វើ​សកម្មភាព​រំលោភបំពាន​ដោយ​បើក​ចំហ​ទៅលើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទេ នោះ​វា​នឹង​បង្កើត​ឱ្យ​មាន​មន្ទិល​សង្ស័យ​ជាច្រើន​នៅ​ពីក្រោយ​នៃ​ការ​ចូលរួម​បោះឆ្នោត​របស់​បក្ស​នេះ។

អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៧ មិថុនា នេះ​ថា បើ​ផ្អែក​តាម​សម្ដី​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ នៅ​មុន​ការ​បោះឆ្នោត និង​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) គណបក្ស​ភ្លើង​ទៀន​នឹង​ចៀស​មិន​ផុត​ពី​ការ​ប្រឈម​នឹង​វិធានការ​ច្បាប់​នោះ​ឡើយ។

លោក មុត ចន្ថា អះអាង​ថា មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ទាំងនោះ​បាន​ចោទ​ថា គណបក្ស​ភ្លើង​ទៀន​បាន​ធ្វើ​សកម្មភាព​រំលោភបំពាន​ដោយ​បើក​ចំហ​ទៅ​លើ​ច្បាប់​វិសោធនកម្ម​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​សាលដីកា​តុលាការ​កំពូល ជាដើម។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ភ្លើង​ទៀន​ត្រូវ​រង​ការ​ចោទប្រកាន់​ថា​បាន​រំលោភ​ច្បាប់​មួយ​ចំនួន​របស់​កម្ពុជា ប៉ុន្តែ​មក​ទល់​នឹង​ពេលនេះ ពុំ​មាន​ចំណាត់ការ​ផ្លូវ​ច្បាប់​ណា​មួយ​ពី​តុលាការ​នោះ​ឡើយ។

កាលពី​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២២ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់​បាន​អះអាង​ថា សមត្ថកិច្ច​កំពុង​ប្រមូល​ភស្តុតាង​ជុំវិញ​ទំនាក់ទំនង​រវាង​គណបក្ស​ប្រឆាំង និង​ស្ថាបនិក​របស់​ខ្លួន គឺ​លោក សម រង្ស៊ី ជុំវិញ​ការ​សង្ស័យ​ថា​អាច​រំលោភ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ហាមឃាត់​ជន​ណា​ដែល​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ។

លោក ខៀវ សុភ័គ អះអាង​ថា ពួកគេ​ចង់​ធ្វើ​អ្វី​ក៏​ធ្វើ​ទៅ វា​ជា​សិទ្ធិ​របស់​ពួកគេ ប៉ុន្តែ​សូម​កុំ​ឱ្យ​ខុស​ច្បាប់​ឱ្យ​សោះ ព្រោះ​ថា​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​បាន​ចែង​ពី​ការ​ហាម​មិន​ឱ្យ​ទណ្ឌិត​ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស ឱ្យ​ទៅ​ពាក់ព័ន្ធ ឬ​ដឹកនាំ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី និង​អតីត​មន្ត្រី​ជាន់ខ្ពស់​ផ្សេង​ទៀត​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ បាន​បង្ហាញ​ជា​សាធារណៈ​នូវ​ការ​គាំទ្រ​របស់​ពួកគេ និង​បាន​កៀរគរ​ឱ្យ​មាន​ការ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន មុន​ពេល​យុទ្ធនាការ​បោះឆ្នោត​មក​ដល់​កាលពី​ពេល​កន្លង​ទៅ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ធ្លាប់​បាន​អះអាង​កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២២ ថា គ.ជ.ប នឹង​ស៊ើប​អង្កេត​គណបក្ស​ភ្លើង​ទៀន​ជុំវិញ​ទំនាក់ទំនង​របស់​បក្ស​នេះ​ជាមួយ​តំណាង​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រទេស​ន័រវែស (Norway) លោក អៀ ចាន់ណា ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោយ​ពេល​លោក​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន កាលពី​ពេល​ថ្មីៗ​នេះ។

លោក ហង្ស ពុទ្ធា អះអាង​ថា ការ​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​របស់​លោក អៀ ចាន់ណា គឺជា​ចំណុច​ចាប់ផ្តើម​ក្នុង​ការ​ស៊ើប​អង្កេត​ទំនាក់ទំនង​ជាមួយ​គណបក្ស​ភ្លើង​ទៀន ថា​តើ​ពួកគេ​ទាក់ទង​គ្នា​ក្នុង​នាម​ជា​អ្វី ហើយ​បាន​ប្រើប្រាស់​វោរហាស័ព្ទ ឬ​សកម្មភាព​ដែល​នាំ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​ដំណើរការ​ឃោសនា​បោះឆ្នោត​ដែរ​ឬ​ទេ។ លោក​បន្ត​ថា ប្រសិនបើ​មាន​ក្នុង​កម្រិត​ទោស​ទណ្ឌ នឹង​អាច​ពិនិត្យ​លើ​អង្គហេតុ និង​អង្គ​ច្បាប់​ដើម្បី​ធ្វើការ​ពិចារណា​បន្ត​ទៀត។

កាលពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២២ កន្លងទៅ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ធ្លាប់​បាន​បញ្ជាក់​ថា ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​គេ​រំលាយ​ក្នុង​ឆ្នាំ​២០១៧ មាន​គណបក្ស​មួយ​ទៀត​មាន​អាយុកាល​យូរ​មក​ហើយ គឺ​គណបក្ស​ភ្លើង​ទៀន ដែល​បាន​រក្សា​ព្រលឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ថ្ងៃ​អនាគត។

មាត្រា​៦​ថ្មី (ពីរ) នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ បាន​ចែង​ថា គណបក្ស​នយោបាយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ​ដោយ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍​អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ពី​បទ​មជ្ឈិម ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន៕

Exit mobile version