ស្ថានទូតអូស្ត្រាលី បានលើកឡើងថា ខ្លួនកំពុងបន្តធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងក្នុងការរក្សាស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យផងដែរ។
ការលើកឡើងរបស់ស្ថានទូតអូស្ត្រាលី បន្ទាប់ពីរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (Australian Government Department of Foreign Affairs and Trade) អ្នកស្រី Kathryn Campbell ជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃទី១៣ មិថុនា ខណៈអ្នកស្រីទស្សនកិច្ចនៅកម្ពុជា។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតអូស្ត្រាលី។
ក្នុងជំនួបពិភាក្សានោះ អ្នកស្រី Kathryn Campbell បានលើកឡើងថា អូស្ត្រាលីជាដៃគូដ៏យូរអង្វែង និងពិតប្រាកដរបស់កម្ពុជាក្នុងរយៈពេល ៧០ឆ្នាំនៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។ អ្នកស្រីបញ្ជាក់ថា បច្ចុប្បន្ន អូស្ត្រាលីកំពុងបន្តធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ដោយធ្វើយ៉ាងណាឱ្យកាន់តែប្រសើរឡើងនូវការរីកចម្រើនដែលមាននិរន្តរភាព ព្រមទាំងរក្សាស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យ។
យ៉ាងណាក៏ដោយ ការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី អ្នកស្រី Kathryn Campbell ស្របពេលស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវសហគមន៍អន្តរជាតិមើលឃើញថាបានធ្លាក់ចុះខ្លាំង ចាប់តាំងពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ មក និងបានហាមឃាត់មេដឹកនាំ ១១៨នាក់ធ្វើនយោបាយរយៈពេល ៥ឆ្នាំ ក្នុងនោះលោក កឹម សុខា កំពុងជាប់បម្រាមតុលាការផងដែរ៕