មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) នឹងបង្កើតគណៈកម្មាធិការឃ្លាំមើលការអនុវត្តការដឹកនាំមេឃុំ-ចៅសង្កាត់អាណត្តិថ្មីរបស់គណបក្សកាន់អំណាច ដើម្បីឲ្យប្រាកដថា តើពួកគេនឹងអនុវត្តគោលនយោបាយរបស់ខ្លួនតាមការសន្យាជូនពលរដ្ឋដែរឬទេ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ មិថុនា នេះថា លោកអបអរសាទរដល់គណបក្សកាន់អំណាចដែលឈ្នះឆ្នោតដឹកនាំឃុំ-សង្កាត់អាណត្តិទី៥ នេះ ប៉ុន្តែលោកក៏នឹងតាមដានថា តើមេឃុំ និងចៅសង្កាត់អាណត្តិថ្មីនឹងអនុវត្តគោលនយោបាយ ឬទិសដៅសំខាន់ៗទាំង ៧ចំណុចរបស់ខ្លួនដូចការសន្យាកាលពីពេលឃោសនាបោះឆ្នោតដែរឬក៏អត់។
បណ្ឌិត យ៉ង សាំងកុមារ អំពាវនាវឱ្យមេឃុំ-ចៅសង្កាត់អាណត្តិថ្មីរបស់បក្សកាន់អំណាច គោរពសិទ្ធិសេរីភាពពលរដ្ឋ និងសមាជិកគណបក្សដែលមិនមានអាសនៈនៅក្នុងឃុំ-សង្កាត់ នៅពេលដែលពួកគេតាមដាន និងឃ្លាំមើល ឬរិះគន់ជាសាធារណៈនូវការអនុវត្តគោលនយោបាយដែលគណបក្សកាន់អំណាចបានសន្យាដូចបានចែងក្នុងចំណុចនីមួយៗនៃទិសដៅទាំង ៧ចំណុចរបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាលរូបនេះបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងបង្កើតគណៈកម្មាធិការឃ្លាំមើលការអនុវត្តនូវការសន្យារបស់មេឃុំ-ចៅសង្កាត់អាណត្តិថ្មីរបស់គណបក្សដែលដឹកនាំឃុំ-សង្កាត់ឱ្យបានហ្មត់ចត់ ដើម្បីផលប្រយោជន៍ឃុំ-សង្កាត់សម្រាប់ពលរដ្ឋគ្រប់រូប។
ការអះអាងនេះ ធ្វើឡើងដើម្បីបង្ហាញពីគោលជំហររបស់គណបក្សក្រៅរដ្ឋាភិបាល ក្នុងការតាមដាននូវការអនុវត្តដឹកនាំឃុំ-សង្កាត់របស់បក្សកាន់អំណាចដែលឈ្នះឆ្នោតក្នុងអាណត្តិទី៥ នេះ។
អំឡុងពេលនៃការឃោសនាបោះឆ្នោតរយៈពេល ១៤ថ្ងៃក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នេះ គណបក្សកាន់អំណាចបានផ្សព្វផ្សាយអំពីទិសដៅធំៗនៃគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៧ ក្នុងការដឹកនាំរយៈពេល ៥ឆ្នាំរបស់ខ្លួន ដើម្បីធានានូវការអភិវឌ្ឍឃុំ-សង្កាត់ឱ្យបានល្អប្រសើរ។
ទិសដៅធំៗនៃគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៧ របស់បក្សកាន់អំណាច រួមមាន មេឃុំទាំងអស់ត្រូវលើកកម្ពស់ប្រជាធិបតេយ្យ និងសេរីភាពរបស់ពលរដ្ឋ រៀបចំឃុំ-សង្កាត់ឱ្យមានរបៀបរៀបរយ ធានានូវការផ្តល់សេវាជូនពលរដ្ឋប្រកបដោយតម្លាភាព។ ជាងនេះទៀត មេឃុំរបស់ខ្លួនទាំងអស់ត្រូវលើកស្ទួយជីវភាពរបស់ពលរដ្ឋ បង្កើនការងារ លើកកម្ពស់ការគាំពារសង្គម លើកកម្ពស់យុត្តិធម៌សង្គម និងគណនេយ្យភាពជូនពលរដ្ឋ ព្រមទាំងធានានូវការអភិវឌ្ឍនៅថ្នាក់មូលដ្ឋានតាមសេចក្តីត្រូវការរបស់ពលរដ្ឋ និងការពារផលប្រយោជន៍របស់ពលរដ្ឋឱ្យបានដាច់ខាតថែមទៀត។
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្នុងពិធីចែកសញ្ញាបត្រ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានបញ្ជាទៅកាន់មន្ត្រីក្រោមឱវាទរបស់ខ្លួនឱ្យបំពេញកិច្ចការឱ្យទាន់ពេលវេលាជូនពលរដ្ឋ ចៀសវាងពលរដ្ឋចោទថាមុនបោះឆ្នោតនិយាយផ្សេង និងក្រោយបោះឆ្នោតនិយាយផ្សិង ដែលនាំឱ្យមានរិះគន់ថាគណបក្សកាន់អំណាចបោកប្រាស់ពលរដ្ឋខ្លួនឯង។
យ៉ាងណាក៏ដោយ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា បក្សកាន់អំណាចរបស់លោក ហ៊ុន សែន ធ្វើអ្វីៗដើម្បីពលរដ្ឋបានតែមុនបោះឆ្នោតប៉ុណ្ណោះ។ ជាក់ស្តែង ការសន្យារបស់ពួកគេអាចនឹងមានប្រសិទ្ធភាពខ្លះនៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ ប៉ុន្តែក្រោយការបោះឆ្នោត ពួកគេមិនខ្វល់ពីអ្វីទាំងអស់ ព្រោះថាការធ្វើបែបនេះ គឺជាទម្លាប់របស់បក្សកាន់អំណាចដែលធ្វើឡើងធ្លាប់អស់រយៈពេលជាច្រើនអាណត្តិមកហើយក្នុងការដឹកនាំរបស់ពួកគេ។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តទី៧ នឹងឈានមកដល់នៅឆ្នាំ២០២៣ ខាងមុខនេះ ដូច្នេះគណបក្សកាន់អំណាចក៏កំពុងត្រៀមយកចិត្តយកថ្លើមពលរដ្ឋ ដើម្បីទទួលបានការគាំទ្រពីម្ចាស់ឆ្នោតក្នុងការបោះឆ្នោតនេះដែរ ប៉ុន្តែក្រុមអ្នកឃ្លាំមើលនិយាយថា ក្រោយការបោះឆ្នោត បក្សកាន់អំណាចអាចក្បត់ការសន្យារបស់ខ្លួនដូចអាណត្តិមុនៗដដែល៕