ក្រុមអ្នកវិភាគនយោបាយ និងសង្គម លើកឡើងថា ការដាក់ឲ្យជនជាប់ចោទនៅក្រៅឃុំតាមរយៈនៃការបំបិទសិទ្ធិសេរីភាពក្នុងចេតនាអូសបន្លាយពេលវេលានៃការកាត់ក្តី ដូចជាករណីប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺជាការកាត់ទោសជនជាប់ចោទពីបទឧក្រិដ្ឋមួយមុនការជំនុំជម្រះក្តី។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៣ មិថុនា ថា ការដាក់ឲ្យជនជាប់ចោទនៅក្រៅឃុំតាមរយៈនៃការបំបិទសិទ្ធិឱ្យរស់នៅក្នុងផ្ទះក្នុងចេតនាអូសបន្លាយពេលវេលានៃការកាត់ក្តី ដូចសកម្មភាពអាជ្ញាធរកម្ពុជាធ្វើលើលោក កឹម សុខា ដោយការបិទសិទ្ធិសេរីភាពឱ្យត្រឹមតែរស់នៅក្នុងផ្ទះសព្វថ្ងៃនេះ គឺមិនខុសពីការកាត់ទោសជនជាប់ចោទពីបទឧក្រិដ្ឋមុនការជំនុំជម្រះដូច្នោះដែរ។
បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា ការឃុំខ្លួនជនជាប់ចោទ និងទណ្ឌិតនៅមន្ទីរឃុំឃាំងពន្ធនាគារឆ្ងាយៗពីភូមិសាស្ត្រក្នុងដែនសមត្ថកិច្ចរបស់អយ្យការចោទប្រកាន់ និងតុលាការកាត់ក្តីដូចករណីលោក កឹម សុខា ដែលបានឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ និងការឃុំខ្លួនកញ្ញា សេង ធារី នៅពន្ធនាគារខេត្តព្រះវិហារ នៅពេលនេះ សុទ្ធសឹងតែជាការបង្ហាញឱ្យឃើញនូវភាពអយុត្តិធម៌លើពួកគេយ៉ាងធ្ងន់ធ្ងរ។
ការត្អូញត្អែររបស់អ្នកវិភាគនយោបាយ និងសង្គមបែបនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរកម្ពុជាបានចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំង និងបញ្ជូនទៅឃុំខ្លួននៅខេត្តជាប់ព្រំដែនប្រទេសវៀតណាម ព្រមទាំងអូសបន្លាយពេលវេលានៃការជំនុំជម្រះក្តីលើសំណុំរឿងរបស់លោកអស់រយៈពេលជិត ៥ឆ្នាំមកនេះ។
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនពីបទឃុបឃិតជាមួយបរទេស និងត្រូវឃុំខ្លួននៅគុកត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាង ១ឆ្នាំ។ លុះដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យជួបអ្នកដទៃ ឬចាកចេញពីគេហដ្ឋានរបស់ខ្លួននោះទេ ពោលគឺជាការឃុំខ្លួនក្នុងផ្ទះបន្តទៀត។
យ៉ាងណាក៏ដោយ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក កឹម សុខា ត្រូវតុលាការក្រុងភ្នំពេញផ្តល់សិទ្ធិសេរីភាពមួយកម្រិតទៀតតាមរយៈការកែប្រែលក្ខខណ្ឌមួយចំនួន ដោយតុលាការអនុញ្ញាតឱ្យលោកអាចធ្វើដំណើរគ្រប់ទីកន្លែងក្នុងប្រទេស ប៉ុន្តែហាមមិនឲ្យធ្វើសកម្មភាព ឬនិយាយពាក់ព័ន្ធនឹងរឿងនយោបាយ និងចេញក្រៅប្រទេសជាដាច់ខាត និងត្រូវស្ថិតក្រោមការតាមដានរបស់តុលាការជាប្រចាំ។
យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅតែមានភាពស្អាតស្អំ ព្រោះតុលាការមិនទាន់ចេញសាលក្រមសម្រេចថាលោកមានទោស ឬគ្មានទោសនៅឡើយទេ ខណៈរដ្ឋបរទេសដែលតុលាការបានចោទថាបានឃុបឃិតជាមួយរូបលោក ក៏តុលាការមិនបានបង្ហាញអត្តសញ្ញាណថាជារដ្ឋបរទេសមួយណានោះដែរ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍ធ្លាប់រិះគន់ថា ប្រសិនបើសំណុំរឿងលោក កឹម សុខា ជាសំណុំរឿងស្ថិតក្នុងការចាត់ចែងរបស់តុលាការ នោះករណីនេះនឹងត្រូវបានជំនុំជម្រះកាត់សេចក្តីរួចស្រេចទៅហើយ ព្រោះថាតុលាការអាចឃុំខ្លួនជនសង្ស័យយ៉ាងយូរបានត្រឹមតែ ១៨ខែប៉ុណ្ណោះ ប៉ុន្តែករណីរបស់លោក កឹម សុខា បានអូសបន្លាយពេលជំនុំជម្រះក្តីជាបន្តបន្ទាប់រហូតមកដល់ពេលនេះ គឺមានន័យថាសំណុំរឿងនេះជារឿងនយោបាយប៉ុណ្ណោះ។
យោងតាមមាត្រា៣៨ នៃរដ្ឋធម្មនុញ្ញ ចែងថា បើមានធាតុផ្សំណាមួយនៅមានការសង្ស័យ តុលាការត្រូវតែឱ្យជនជាប់ចោទរួចខ្លួនជាដាច់ខាត មិនអាចបន្តឃុំខ្លួនទៀតបានទេ។
របាយការណ៍ស្ដីពីនីតិរដ្ឋ ឆ្នាំ២០២១ របស់គម្រោងយុត្តិធម៌ពិភពលោក (The World Justice Project) បានលាតត្រដាងថា កម្ពុជាគឺជាប្រទេសដែលដឹកនាំគ្មានតម្លាភាព ពោរពេញដោយការគំរាមកំហែងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការមិនធានាបាននូវប្រព័ន្ធយុត្តិធម៌របស់ខ្លួនតាមផ្លូវតុលាការជាដើម៕