វេទិកាពលរដ្ឋជំរុញរដ្ឋាភិបាលធ្វើសមាជជាតិដើម្បីឲ្យពលរដ្ឋចូលរួមបញ្ចេញមតិចំពោះការកែរដ្ឋធម្មនុញ្ញលើកទី១០ នេះ ជាជាងអញ្ជើញគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលឲ្យទៅស្ដាប់ការបកស្រាយដដែលៗរបស់ក្រសួងយុត្តិធម៌ ដែលនឹងគ្រោងធ្វើនៅរសៀលថ្ងៃទី២ ទី៣ និងទី៤ ខែសីហា ឆ្នាំ២០២២។
ការជំរុញរបស់វេទិកាពលរដ្ឋ ធ្វើឡើងឆ្លើយតបនឹងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ដែលចេញនៅថ្ងៃទី២៩ ខែកក្កដា ដោយអំពាវនាវទៅគណបក្សនយោបាយ អង្គការសង្គមស៊ីវិលដែលជំទាស់នឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ឱ្យចូលស្តាប់ការពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់បន្ថែមទៀតជុំវិញបញ្ហានេះ នៅដើមខែក្រោយ ដើម្បីជម្រះចោលនូវរាល់កង្វល់ទាំងឡាយ។
ក្នុងសេចក្ដីថ្លែងការណ៍របស់វេទិកាពលរដ្ឋចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ឲ្យដឹងថា ការធ្វើសមាជជាតិឲ្យពលរដ្ឋខ្មែរទូទៅចូលរួមស្ដាប់ និងមានយោបល់ មានប្រយោជន៍ធំធេងណាស់ ក្នុងនោះបង្ហាញពីការផ្ដល់តម្លៃដល់ការចូលរួមរបស់ពលរដ្ឋស្របតាមគោលការណ៍ប្រតិបត្តិជាក់ស្ដែងក្នុងសង្គមប្រជាធិបតេយ្យ។ ជាមួយគ្នានេះ វាក៏ជាការកាត់បន្ថយការចំណាយពេលច្រើនរបស់រដ្ឋាភិបាលដែលនឹងត្រូវពន្យល់ដដែលៗលើចម្ងល់ដូចៗគ្នាពីមជ្ឈដ្ឋានផ្សេងៗគ្នា ដើម្បីជម្រះរាល់ការមន្ទិលសង្ស័យពីគ្រប់មជ្ឈដ្ឋាន។
ក្រុមនេះនិយាយថា ការធ្វើសមាជជាតិនេះក៏ជាការគោរពស្មារតីរដ្ឋធម្មនុញ្ញស្ដីពីសមាជជាតិក្នុងជំពូកទី១៤ថ្មីទាំងមូល ដែលបើកឱកាសឲ្យពលរដ្ឋឈ្វេងយល់ដោយផ្ទាល់អំពីកិច្ចការផ្សេងៗដែលជាប្រយោជន៍ជាតិ ហើយអាចលើកសំណូមពរជូនរដ្ឋអំណាចដើម្បីធ្វើការដោះស្រាយ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ការបកស្រាយជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការគាំទ្រការធ្វើវិសោធនកម្មនេះក្រោយពីរដ្ឋសភាបានអនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញសម្រាប់ធ្វើវិសោធនកម្ម គឺមិនមានន័យអ្វីនោះឡើយ។ លោកបន្តថា ការដាក់គំនិតធ្វើវិសោធនកម្មធម្មនុញ្ញជូនពលរដ្ឋពិភាក្សា ផ្តល់មតិ និងមូលមតិគ្នាឱ្យបានច្រើន មុនពេលរដ្ឋសភាអនុម័តទើបជារឿងត្រឹមត្រូវ និងមានន័យ។
រដ្ឋសភាឯកបក្សនៃគណបក្សប្រជាជនកម្ពុជា សម្រេចអនុម័តកែរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមចំនួន ៨មាត្រាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានធ្វើឡើងតាមការបញ្ជារបស់លោក ហ៊ុន សែន។ ក្រោយពីរដ្ឋសភាអនុម័តភ្លាម ស្ថាប័នជាតិធំៗ វិស័យឯកជន និងគណបក្សនយោបាយមួយចំនួន បាននាំគ្នាចេញញត្តិគាំទ្រលើការកែរដ្ឋធម្មនុញ្ញលើកទី១០ នេះ ទោះបីជាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះរងការរិះគន់ខ្លាំងបែបណាក៏ដោយ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ គណបក្សចំនួន៤ និងក្រុមអង្គការសង្គមស៊ីវិលជាង ១០០ស្ថាប័ន ទាមទារឲ្យរដ្ឋសភាកុំអនុម័តសេចក្ដីព្រាងរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ ដោយគិតថាជាការបំភ្លៃការពិត ដើម្បីទុកតថ្លៃនយោបាយ ហើយថាការកែរដ្ឋធម្មនុញ្ញលើកទី១០ នេះ បានកាត់បន្ថយអំណាចរបស់រដ្ឋសភា។
ទោះជាយ៉ាងណាក៏ដោយ ការទាមទាររបស់ពួកគេត្រូវបានលោក កើត រិទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកជាន់ខ្ពស់នៃបក្សប្រជាជនកម្ពុជា ច្រានចោលទាំងស្រុង៕