ចិន និងតៃវ៉ាន់ គឺជាសាច់ឈាមតែមួយនឹងគ្នា។ ដែនដីពីរនេះនៅចន្លោះពីគ្នាដោយច្រកសមុទ្រតៃវ៉ាន់ ដែលមានចម្ងាយពីគ្នាប្រមាណ ១៦០គីឡូម៉ែត្រ។
នៅអំឡុងសង្គ្រាមស៊ីវិលពីឆ្នាំ១៩៤៦ ដល់ឆ្នាំ១៩៤៩ បងប្អូនទាំងពីរនេះបានបាញ់សម្លាប់គ្នាដើម្បីផ្លាស់ប្ដូររបបនៃការដឹកនាំ។ កាលពីដើមឡើយ ក្រុងប៉េកាំង គ្រប់គ្រងដោយរបបសាធារណរដ្ឋចិន ដែលប្រកាន់គោលការណ៍ដឹកនាំនៃប្រព័ន្ធប្រជាធិបតេយ្យ។
ប្រធានាធិបតីសាធារណរដ្ឋចិន ក្នុងទសវត្សនោះ គឺលោក ចាង កៃ ចៀក (Chiang Kai-shek)។ ទីក្រុងប៉េកាំង គឺជារដ្ឋធានីរបស់សាធារណរដ្ឋមួយនេះ។ សង្គ្រាមស៊ីវិលរយៈពេល ៤ឆ្នាំ ជ័យជម្នះបានទៅលើទ័ពព្រៃនៃចលនារំដោះជាតិនៃពួកកុម្មុយនីស្តដឹកនាំដោយជនបដិវត្តន៍ដ៏ផ្ដាច់ការ គឺកម្មាភិបាល ម៉ៅ សេទុង។ សមមិត្ត ម៉ៅ សេទុង បានដឹកនាំទ័ពព្រៃរបស់លោកសម្រុកវាយរហូតចូលកាន់កាប់បានទាំងស្រុងនូវរដ្ឋធានីប៉េកាំង ដែលជាមូលដ្ឋានដ៏រឹងមាំរបស់រដ្ឋាភិបាល ចាង កៃ ចៀក (Chiang Kai-shek)។
នៅពេលក្រុងប៉េកាំង ត្រូវបានកងទ័ពបដិវត្តន៍កុម្មុយនីស្តវាយកាន់កាប់បាន គឺពេលនោះគណៈរដ្ឋមន្ត្រី និងមេទ័ពរបស់លោក ចាង កៃ ចៀក បានរត់ភៀសខ្លួនទៅរស់នៅលើដែនកោះតៃវ៉ាន់។
ទីបំផុត របបសាធារណរដ្ឋចិន ត្រូវបានវាយផ្ដួលរំលំទាំងស្រុងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤៩។ ការពិត សង្គ្រាមស៊ីវិលចាប់ផ្ដើមផ្ទុះតាំងថ្ងៃទី១ ខែសីហា ឆ្នាំ១៩២៧ មកម្ល៉េះ។ នៅចន្លោះពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៧១ អាសនៈនៅអង្គការសហប្រជាជាតិ នៅតែស្ថិតនៅក្រោមការកាន់កាប់ដោយរបបសាធារណរដ្ឋចិន ដឹកនាំដោយប្រធានាធិបតីចាញ់សង្គ្រាម ចាង កៃ ចៀក។
របបសាធារណរដ្ឋប្រជាមានិតចិន បានដណ្ដើមអាសនៈរបស់សាធារណរដ្ឋចិនតៃវ៉ាន់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧១ ដោយការបោះឆ្នោតចេញពីមហាសន្និបាតអង្គការសហប្រជាជាតិ។
យ៉ាងណាក៏ដោយ ក្រោយពីរបបសាធារណរដ្ឋចិន បានរត់ទៅពង្រឹងរដ្ឋអំណាចនៅលើកោះតៃវ៉ាន់ ដើម្បីប្រែក្លាយជាដែនដីនៃកម្លាំងអ្នកប្រជាធិបតេយ្យ គឺនៅឆ្នាំ១៩៥០-១៩៥៣ នៅពេលឧបទ្វីបកូរ៉េផ្ទុះសង្គ្រាមស៊ីវិល គឺនៅអំឡុងនោះ មេដឹកនាំ ម៉ៅ សេទុង បានបង្កើនចលនាទ័ពយ៉ាងសម្បើមឡោមព័ទ្ធតៃវ៉ាន់ នាំឱ្យអាជ្ញាធរតៃវ៉ាន់ប្រកាសអាសន្នថា ម៉ៅ សេទុង រៀបចំផែនការវាយកាន់កាប់ដែនកោះតៃវ៉ាន់ហើយនៅពេលនេះ។
ភ្លាមនោះ សហរដ្ឋអាមេរិកទោះជាកំពុងជាប់ដៃជួយរបបសាធារណរដ្ឋកូរ៉េខាងត្បូង ក៏អាមេរិកបង្កើនវត្តមានទ័ព និងនាវាចម្បាំងដាក់ពង្រាយក្នុងលំហសមុទ្រហ្វីលីពីន និងរំកិលនាវាចម្បាំងជាច្រើនគ្រឿងមកក្បែរនឹងដែនកោះតៃវ៉ាន់ ហើយពេលនោះ ទ័ពម៉ារីនរបស់អាមេរិកបានឡើងឈរជើងផ្ទាល់នៅលើកោះតៃវ៉ាន់។
ក្នុងស្ថានភាពដ៏តានតឹងនេះ ម៉ៅ សេទុង បានបញ្ជាឱ្យដកទ័ព និងនាវាចម្បាំងរបស់ចិន ឱ្យចេញឆ្ងាយពីកោះតៃវ៉ាន់។
នេះជាដំណាក់កាលមួយដែលតៃវ៉ាន់ ធ្លាក់ក្នុងភាពផុយស្រួយនៃការវាយកាន់កាប់ដោយកងទ័ពរបស់ជនកុម្មុយនីស្ត ម៉ៅ សេទុង។ ដល់ឆ្នាំ១៩៥៦ កងទ័ពរំដោះប្រជាជនចិន ក៏បានធ្វើចលនាទ័ពប៉ុនប៉ងវាយកាន់កាប់ដែនកោះនេះម្ដងទៀត។ ទីបំផុត កងទ័ពចិន ក៏ដកថយត្រឡប់ទៅវិញ ខណៈទ័ពម៉ារីន និងកងនាវាចម្បាំងរបស់អាមេរិកបានមកដល់ដែនកោះតៃវ៉ាន់ភ្លាមៗតែម្ដង។
នៅឆ្នាំ១៩៥៨ ស្ថានការណ៍តានតឹងផ្ទុះឡើងខ្លាំងបំផុត។ កងទ័ពរំដោះប្រជាជនចិនបានឡោមព័ទ្ធដែនកោះនេះ គឺសឹងតែផ្ទុះសង្គ្រាមទៅហើយ។ អាជ្ញាធរតៃវ៉ាន់ ប្រកាសប្រាប់ពិភពលោកថា តៃវ៉ាន់នឹងត្រូវទ័ពចិនឈ្លានពានឆាប់ៗនេះហើយ។ តែភ្លាមនោះ នាវាផ្ទុកយន្តហោះរបស់អាមេរិកយ៉ាងតិច ២គ្រឿងអមដោយនាវាចម្បាំងជាច្រើនគ្រឿង បានបើកចេញពីលំហសមុទ្រហ្វីលីពីន និងសមុទ្រជប៉ុន ទៅដល់ក្បែរកោះតៃវ៉ាន់ ដោយមានយន្តហោះជាច្រើនគ្រឿងហោះឆ្វែលលើកោះតៃវ៉ាន់ទៀតផង។
ទីបំផុត របបកុម្មុយនីស្តចិន សម្រេចបន្ថយភាពតានតឹងដោយដកទ័ពនាវាចម្បាំងចេញឆ្ងាយពីដែនកោះតៃវ៉ាន់។
នៅឆ្នាំ១៩៩៥ ចិនប្រតិកម្មខ្លាំងដោយសារតែលោកប្រធានាធិបតី ប៊ិល ឃ្លិនតុន (Bill Clinton) អញ្ជើញប្រធានាធិបតីតៃវ៉ាន់ គឺលោក លី តេងហុយ ទៅជួបលោកនៅសេតវិមាន។ ចិននៅពេលនោះបានចោទរដ្ឋការលោក ឃ្លិនតុន ថាបានរំលោភគោលនយោបាយចិនតែមួយ។
ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ពីរវាងថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៩៥ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៦ ដែលចន្លោះពេលនោះ រដ្ឋការលោក ឃ្លិនតុន សម្រេចបញ្ជូនទ័ពម៉ារីន និងក្រុមនាវាផ្ទុកយន្តហោះឱ្យទៅចូលជួយតៃវ៉ាន់ បើចិនលើកទ័ពវាយកាន់កាប់ដែនកោះនេះ។
ទីបំផុត ប្រធានាធិបតីចិន Jiang Zemin បានសម្រួលឱ្យកងទ័ពរបស់បក្សកុម្មុយនីស្តវិលត្រឡប់មកចូលទីតាំងរបស់ខ្លួនវិញ។ នេះជាការកត់ត្រាទុកដោយការិយាល័យប្រវត្តិសាស្ត្រនៃក្រសួងការបរទេសអាមេរិក អំពីចិនមានផែនការវាយយកកោះតៃវ៉ាន់ក្នុងដំណាក់កាល ៤ដង ដែលស្ថិតក្នុងស្ថានភាពផុយស្រួយបំផុត។
តែចុងក្រោយនេះ ស្ថានភាពតានតឹងខ្លាំងជាង ៤ដំណាក់កាលនេះទៅទៀត។ នៅអំឡុងមួយសប្ដាហ៍ពេញនៅដើមខែសីហា ចិនបានធ្វើសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់យ៉ាងសម្បើម ដោយនាវាចម្បាំងធំរបស់ចិនចំនួន ១៣គ្រឿងបំពាក់ដោយគ្រាប់មីស៊ីល និងការបង្ហោះយន្តហោះចម្បាំងជាង ១០០គ្រឿង ឲ្យហោះរំលោភដែនកោះតៃវ៉ាន់ ហើយថែមទាំងបាញ់មីស៊ីលធ្លាក់ក្នុងច្រកសមុទ្រតៃវ៉ាន់ជាច្រើនគ្រាប់ ហើយក្នុងនោះ គឺមីស៊ីលផ្លោងប៉ាឡេស្ទីក ១១គ្រាប់ ត្រូវបានកងទ័ពចិន បាញ់ហោះរំលងដែនកោះតៃវ៉ាន់ធ្លាក់ទៅសមុទ្រចិនខាងកើត និងសមុទ្រជប៉ុន។
ពេញមួយសប្ដាហ៍ គឺសមយុទ្ធនេះបានបង្ខំឱ្យតៃវ៉ាន់ បញ្ចេញនាវាចម្បាំង ១០គ្រឿង និងយន្តហោះជាច្រើនគ្រឿងហោះតាមដានសកម្មភាពសមយុទ្ធរបស់កងទ័ពចិន។ ក្នុងពេលនោះ តៃវ៉ាន់ធ្វើសមយុទ្ធប្រព័ន្ធកាំភ្លើងធំបាញ់គ្រាប់រាប់រយគ្រាប់ឱ្យធ្លាក់ក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយខណៈនោះ នាវាចម្បាំងរបស់អាមេរិកជាង ១០គ្រឿង រួមទាំងនាវាផ្ទុកយន្តហោះ USS Ronald Regan ដែលផ្ទុកយន្តហោះចម្បាំងជាង ៦០គ្រឿង បានបណ្ដែតខ្លួនក្បែរកោះតៃវ៉ាន់ ដើម្បីត្រៀមជួយទ័ពតៃវ៉ាន់ បើចិន បង្កើតភ្លើងសង្គ្រាមវាយលើកោះតៃវ៉ាន់។ ព្រឹត្តិការណ៍នេះកាន់តែផុយស្រួយជាងព្រឹត្តិការណ៍ឆ្នាំ១៩៩៦ ទៅទៀត។
ទីបំផុត លោកប្រធានាធិបតីចិន ស៊ី ជិនពីង បញ្ជាឱ្យបញ្ចប់ការធ្វើសមយុទ្ធ ហើយបន្ថយភាពតានតឹង។ អ្វីដែលចិន ប្រតិកម្មនេះ ព្រោះចិន ប្រឆាំងនឹងវត្តមានរបស់អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិក ដែលធ្វើទស្សនកិច្ចនៅលើដែនកោះនេះនៅថ្ងៃទី២-៣ សីហា។ នេះជាដំណាក់កាលតានតឹងទី៥ ដែលចិនបរាជ័យពុំមានលទ្ធភាពវាយកាន់កាប់កោះតៃវ៉ាន់៕