មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង ប្រតិកម្មទៅនឹងការធ្វើអត្ថាធិប្បាយរបស់អគ្គនាយកកាសែតដើមអម្ពិល លោក សយ សុភាព ដែលលើកឡើងថា មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នឹងមិនអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខនេះ គ្រាន់តែជាចេតនាដើម្បីបំបាក់ស្មារតីអ្នកគាំទ្រលោក កឹម សុខា ប៉ុណ្ណោះ។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ កញ្ញា នេះថា សំណុំរឿងរបស់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដែលត្រូវតុលាការចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានរយៈពេល ៥ឆ្នាំកន្លងមកនេះ មិនមែនដោយសារតែលោកបានឃុបឃិតជាមួយរដ្ឋបរទេសដូចការចោទប្រកាន់នោះទេ ប៉ុន្តែគឺជារឿងនយោបាយដែលបក្សកាន់អំណាចប្រើវិធីដើម្បីផ្តួលមេដឹកនាំបក្សប្រឆាំងប៉ុណ្ណោះ។
លោក មាជ សុវណ្ណារ៉ា អះអាងថា សំណុំរឿងរបស់លោក កឹម សុខា បានក្លាយទៅជាសវនាការមួយដែលចម្លែក និងជាប់ឯកត្តកម្មលើពិភពលោកទៅហើយ ព្រោះថាតុលាការប្រើពេលអស់ ៥ឆ្នាំហើយនៅតែមិនអាចរកភស្តុតាងត្រឹមត្រូវតាមផ្លូវច្បាប់ណាមួយមកកាត់ទោសលោកបាននោះ ប៉ុន្តែពួកគេនៅតែអាចបន្តសវនាការនេះបានរហូតដល់សព្វថ្ងៃនេះទៀត។ ដូច្នេះហើយបានជាមជ្ឈដ្ឋានជាតិ និងអន្តរជាតិ អះអាងថា សំណុំរឿងនេះជាសំណុំរឿងនយោបាយដោយផ្អែកលើសកម្មភាពរបស់តុលាការដែលបានអូសបន្លាយសវនាការកន្លងមកនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះបញ្ជាក់ថា ការចាប់ខ្លួនលោក កឹម សុខា គឺពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងភូមិសាស្ត្រនយោបាយក្នុងតំបន់រវាងមហាអំណាចកុម្មុយនីស្តចិន និងមហាអំណាចសហរដ្ឋអាមេរិកផងដែរ ព្រោះថាគោលជំហររបស់លោក កឹម សុខា គឺតស៊ូដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលប្រទេសលោកសេរីចង់ឱ្យគោលការណ៍ទាំងនេះរីកធំធាត់នៅកម្ពុជា ប៉ុន្តែមហាអំណាចកុម្មុយនីស្តចិន មិនចង់ឱ្យមានការដឹកនាំពេញលេញមួយតាមបែបប្រជាធិបតេយ្យនៅកម្ពុជានោះទេ ដូច្នេះទើបបង្កឱ្យមានទំនាស់រវាងមេដឹកនាំនយោបាយនៅកម្ពុជាដូចសព្វថ្ងៃនេះ។
កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ អគ្គនាយកកាសែតដើមអម្ពិលដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលកម្ពុជា លោក សយ សុភាព អះអាងថា មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នឹងមិនអាចឃុំខ្លួនដាក់ពន្ធនាគារឡើងវិញនោះទេ ហើយក៏មិនមានសិទ្ធិវិលចូលក្នុងឆាកនយោបាយក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងឆ្នាំ២០២៣ ខាងមុខនេះដែរ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ កញ្ញា នេះថា ពិតជាពិបាកសង្ឃឹមខ្លាំងណាស់ថាលោក កឹម សុខា អាចមានឱកាសចូលរួមបោះឆ្នោតឆ្នាំ២០២៣ ខាងមុខនេះ ព្រោះបញ្ហាគឺស្ថិតនៅត្រង់ថាមិនមែនករណីផ្លូវច្បាប់ពិតប្រាកដទេ ប៉ុន្តែដោយសារលោក ហ៊ុន សែន ខ្លាចវត្តមាននយោបាយរបស់លោក កឹម សុខា ដែលមានសក្ដានុពលធំពេក ធ្វើឲ្យប៉ះពាល់ដល់ផែនការផ្ទេរអំណាចបន្តវង្សត្រកូលរបស់គាត់។
លោក គឹម សុខ អះអាងថា បើករណីបិទសិទ្ធិនយោបាយរបស់លោក កឹម សុខា ជារឿងច្បាប់ពិតមែន នោះតុលាការកម្ពុជាច្បាស់ជាមានភស្តុតាងកាត់សេចក្ដីឲ្យមានទោសយូរណាស់ទៅហើយ។ លើសពីនេះ បើលោក កឹម សុខា ពិតជាប្រព្រឹត្តអំពើក្បត់ជាតិមែន នោះប្រមុខការទូតតំណាងប្រទេសមហាអំណាចធំៗដូចជាសហរដ្ឋអាមេរិក និងអូស្ត្រាលី ព្រមទាំងតំណាងអង្គការអន្តរជាតិធំៗ ដូចជា UN និង EU ជាដើម ពួកគេមិនបណ្ដាក់គ្នាជួបជជែកការងារជាមួយលោក កឹម សុខា នោះទេ។
ប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជក់ថា បើលោក ហ៊ុន សែន មិនផ្ដល់សេរីភាពនយោបាយដល់លោក កឹម សុខា នៅមុនការបោះឆ្នោតឆ្នាំ២០២៣ ទេ វាជាផ្លូវទូលាយគួរសមសម្រាប់ការអនុវត្តនយោបាយផ្ទេរអំណាចគ្រួសារហ៊ុន ប៉ុន្តែវាក៏ជាការសាងបាបកម្មនយោបាយដ៏អាក្រក់បំផុតសម្រាប់លោក ហ៊ុន ម៉ាណែត នៅពេលឡើងកាន់អំណាចទៅថ្ងៃមុខដែរ។
លោកបន្ថែមថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត នឹងរងនូវកេរ្តិ៍ឈ្មោះអាក្រក់ថា ជារដ្ឋាភិបាលស្នងល្បែងប្លន់អំណាចតាមមេរៀនឪពុក ដែលនឹងជួបវិបត្តិនៃគំនរសម្ពាធគ្រប់ទិសពីសហគមន៍អន្តរជាតិ ខណៈវិបត្តិផ្ទៃក្នុងជាតិក៏កាន់តែធំជាងមុនថែមទៀត។
គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ កន្លងទៅ តុលាការកម្ពុជាបានបើកសវនាការលើសំណុំរឿងប្រធានបក្សប្រឆាំង លោក កឹម សុខា ចំនួន ៥៤លើករួចមកហើយ តែមិនទាន់មានភស្តុតាងណាមួយដែលត្រឹមត្រូវតាមផ្លូវច្បាប់អាចកាត់ទោសលោកបាននៅឡើយទេ៕