នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ ទី៦ កញ្ញា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានសម្ដែងការអបអរសាទរចំពោះនាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេស គឺអ្នកស្រី ត្រាស់ (Liz Truss)។
ក្នុងកិច្ចសន្ទនាគ្នានេះ មេដឹកនាំទាំងពីរសន្យាថា នឹងពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងការរួមគ្នាប្រឆាំងរុស្ស៊ី និងចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែកញ្ញា នេះ។
សេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បានឲ្យដឹងថា លោក បៃដិន និងអ្នកស្រី ត្រាស់ បានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងអង្គការយោធាណាតូ (NATO) និងកិច្ចព្រមព្រៀងសន្តិសុខអាមេរិក អូស្ត្រាលី អង់គ្លេស ដែលបានបង្កើតឡើងកាលពីឆ្នាំ២០២១ ដោះស្រាយបញ្ហាប្រឈមរួមគ្នា ជាពិសេសបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលបានបង្កឡើងដោយសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ចំណែកឯលោក ចូ បៃដិន ក៏បានសរសេរនៅលើបណ្ដាញ Twitter ថា៖ «លោកទន្ទឹងរង់ចាំកិច្ចសហការឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ និងធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើបញ្ហាប្រឈមជាសកល រួមទាំងការបន្តការគាំទ្របុព្វហេតុនៃប្រទេសអ៊ុយក្រែន ដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី»។
បើតាមប្រភពព័ត៌មានដដែលនេះ លោក ចូ បៃដិន និងលោកស្រី លីស ត្រាស់ អាចជួបមុខគ្នានាឱកាសចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនឹងធ្វើឡើងនៅចុងខែកញ្ញា នេះ។ នៅក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី បូរីស ចនសុន រដ្ឋការទាំងពីរនៃប្រទេសមហាអំណាចនេះ បានសហការគ្នាយ៉ាងខ្លាំងក្នុងការជួយអ៊ុយក្រែនប្រឆាំងរុស្ស៊ី និងការប្រឆាំងនឹងឥទ្ធិពលរបស់ចិន នៅតំបន់ប៉ាស៊ីហ្វិក រួមទាំងសន្យាទប់ស្កាត់មិនឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរបានឡើយ។
កិច្ចសហប្រតិបត្តិការសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្លាក់ចុះមួយកម្រិតកាលនៅក្នុងរដ្ឋការលោក ដូណាល់ ត្រាំ និងរដ្ឋការនាយករដ្ឋមន្ត្រីរបស់អ្នកស្រី Theresa May។ ដោយឡែកចំពោះប្រទេសចិន វិញ នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស អ្នកស្រី លីស ត្រាស់ ត្រូវគេរំពឹងថា អ្នកស្រីប្រកាន់ជំហរតឹងរ៉ឹងចំពោះទីក្រុងប៉េកាំង ព្រមទាំងចូលរួមចំណែកការពារសណ្ដាប់ធ្នាប់ពិភពលោក។
អ្នកស្រី ត្រាស់ ចាត់ទុកប្រទេសចិន ថាជាការគំរាមកំហែងដល់សណ្ដាប់ធ្នាប់អន្តរជាតិដ៏ខ្លាំងមួយដែលមិនអាចមើលរំលងបានឡើយ។ នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីរូបនេះបានថ្លែងកាលពីថ្មីៗនេះថា៖ «បណ្តាប្រទេសនានាត្រូវតែអនុវត្តតាមច្បាប់អន្តរជាតិ ហើយប្រទេសទាំងនោះក៏រាប់បញ្ចូលទាំងចិន ផងដែរ»។
អ្នកស្រីបន្ថែមថា ទីក្រុងប៉េកាំង កំពុងកសាងយ៉ាងឆាប់រហ័សនូវកម្លាំងយោធាដែលមានសមត្ថភាពដែលអាចជះឥទ្ធិពលយ៉ាងជ្រៅលើយុទ្ធសាស្ត្ររបស់អឺរ៉ុប។ តែអ្នកស្រីទទួលស្គាល់ថា ការកើនឡើងឥទ្ធិពលចិន គឺជារឿងចៀសមិនរួច ដែលលោកខាងលិចចាំបាច់ត្រូវតែធានា និងជួយឱ្យតៃវ៉ាន់ មានសមត្ថភាពការពារខ្លួនឯង។
គេសង្កេតឃើញរដ្ឋាភិបាលចិន ក៏បានសាទរអ្នកស្រី លីស ត្រាស់ ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីដែរ តែក្រុងប៉េកាំង សង្ឃឹមថា មេដឹកនាំថ្មីចក្រភពអង់គ្លេសរូបនេះនឹងប្រកាន់ខ្ជាប់នូវគោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនករណីតៃវ៉ាន់។
ចំណែកប្រទេសរុស្ស៊ី វិញ តាមរយៈអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានវាយប្រហារអ្នកស្រី លីស ត្រាស់ ថាជាមេដឹកនាំអង់គ្លេសដែលអាចអាក្រក់ជាងលោក បូរីស ចនសុន ទៅទៀត។ លោក Peskov មិនសង្ឃឹមថាទំនាក់ទំនងរុស្ស៊ី និងអង់គ្លេសអាចស្ដារឡើងវិញបានឡើយ។
ប្រតិកម្មរបស់វិមានក្រឹមឡាំង បានធ្វើឡើងនៅខណៈអ្នកស្រី លីស ត្រាស់ ដែលធ្លាប់ធ្វើដំណើរទៅជួបលោកប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី នៅទីក្រុងគៀវ ខណៈនៅពេលនោះ ទីក្រុងគៀវ កំពុងស្ថិតនៅក្រោមការវាយប្រហារពីសំណាក់គ្រាប់មីស៊ីលរបស់រុស្ស៊ី។ តែជាមួយគ្នានេះ លោកប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី និងប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន ក៏បានផ្ញើសារអបអរសាទរអ្នកស្រី លីស ត្រាស់ ដែលបានឈ្នះឆ្នោតជានាយករដ្ឋមន្ត្រីអង់គ្លេស។ សាររបស់មេដឹកនាំទាំងពីរនេះដាច់ដោយឡែកពីគ្នា តែមានអត្ថន័យប្រហាក់ប្រហែលគ្នា។
លោក ហ្សេឡេនស្គី សង្ឃឹមថាអ្នកស្រី លីស ត្រាស់ នឹងបន្តប្រកាន់ជំហររបស់អតីតនាយករដ្ឋមន្ត្រី ចនសុន ចំពោះសង្គ្រាមដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ចំណែកអ្នកស្រី សាយ អ៊ឹងវិន បានសង្កត់ធ្ងន់ថា ស្ថិរភាព និងសន្តិភាពនៃច្រកសមុទ្រតៃវ៉ាន់ និងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែត្រូវការចក្រភពអង់គ្លេស រួមជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៃប្រទេសប្រជាធិបតេយ្យ។
អ្នកសារព័ត៌មានកត់សម្គាល់ថា សមាជិកគណៈរដ្ឋមន្ត្រីរបស់អ្នកស្រី លីស ត្រាស់ ភាគច្រើនជាក្រុមប្រកាន់គោលនយោបាយតឹងរ៉ឹងប្រឆាំងនឹងក្រុមមេដឹកនាំផ្ដាច់ការ។ ក្នុងនោះ លោក Ben Wallace នៅតែបន្តកាន់តំណែងរដ្ឋមន្ត្រីការពារជាតិ ដែលបុរសនេះប្រកាន់ជំហរដ៏ខ្លាំងប្រឆាំងរុស្ស៊ី និងឥទ្ធិពលចិន។ ចំណែករដ្ឋមន្ត្រីការបរទេសថ្មី James Cleverly ក៏ត្រូវគេរំពឹងថា លោកប្រកាន់គោលជំហរមិនខុសនឹងអ្នកស្រី លីស ត្រាស់ ចំពោះចិន និងរុស្ស៊ី៕