សមាជិកសភាសហរដ្ឋអាមេរិកាំងមួយរូបដែលជាជើងឯកក្នុងការទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ព្រមានថា ការបោះឆ្នោតជាតិនៅកម្ពុជាក្នុងឆ្នាំ២០២៣ នឹងគ្មានន័យ ប្រសិនបើមេដឹកនាំបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនអាចចូលរួមបាននោះ។
តំណាងរាស្ត្រសហព័ន្ធសហរដ្ឋអាមេរិកប្រចាំរដ្ឋកាលីហ្វ័រញ៉ា ពីខាងគណបក្សប្រជាធិបតេយ្យ លោក Alan Lowenthal បានប្រាប់សារព័ត៌មាន The Cambodia Daily នៅក្នុងពិធីទទួលទានភោជនាហារសាមគ្គីរបស់សហគមន៍ខ្មែរដើម្បីអបអរសាទរ និងផ្តល់កិត្តិយសសម្រាប់ការចូលនិវត្តន៍របស់លោកកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ថា ប្រសិនបើលោក ហ៊ុន សែន មិនព្រមទម្លាក់ចោលការចោទប្រកាន់ទៅលើលោក កឹម សុខា ដើម្បីឲ្យលោកមានសិទ្ធិចូលរួមការបោះឆ្នោតជាតិនៅពេលខាងមុខទេ នោះការបោះឆ្នោតក៏មិនមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះដែរ។
លោក Alan Lowenthal បានប្រសិទ្ធិនាមដល់លោក កឹម សុខា ថាជាមេដឹកនាំប្រជាធិបតេយ្យ និងសិទ្ធិមនុស្សលំដាប់ពិភពលោកដែលកំពុងតស៊ូដើម្បីសិទ្ធិសេរីភាព យុត្តិធម៌សង្គម សិទ្ធិមូលដ្ឋាន និងដើម្បីសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរនៅទូទាំងប្រទេស។
ចំណែកសមាជិកព្រឹទ្ធសភាសហព័ន្ធរបស់អាមេរិកមួយទៀតពីរដ្ឋ Massachusetts គឺលោក Ed Markey ក៏ធ្លាប់បានប្រសិទ្ធិនាមដល់លោក កឹម សុខា ថាជា មហាត្មះ គន្ធី នៅកម្ពុជាផងដែរ។
លោក Alan Lowenthal អះអាងថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនបើកលំហសេរីភាពឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ នោះការបោះឆ្នោតអាណត្តិទី៦ នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ក៏មិនខុសពីការរឹតត្បិតសេរីភាពដែលរដ្ឋាភិបាលកម្ពុជាបានធ្វើកាលពីឆ្នាំ២០១៧ ដូច្នោះដែរ ដែលមានការរំលាយគណបក្សសង្គ្រោះជាតិ និងរឹតត្បិតសិទ្ធិសេរីភាពអ្នកនយោបាយជាច្រើនរូបនៅពេលនោះ។
តំណាងរាស្ត្រអាមេរិកាំងដ៏មានឥទ្ធិពលរូបនេះអះអាងថា លោកពិតជាមានការសោកស្តាយខ្លាំងណាស់ដែលតុលាការកម្ពុជានៅតែបន្តសំណុំរឿងរបស់លោក កឹម សុខា ដោយគ្មានទីបញ្ចប់ក្នុងពេលបច្ចុប្បន្ននេះ។
លោក កឹម សុខា កំពុងត្រូវបានតុលាការកម្ពុជាបន្តរឹតត្បិតសេរីភាពជាបន្តបន្ទាប់ ដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិចាត់ទុកថាតុលាការមានបំណងពន្យារពេលដើម្បីរារាំងកុំឱ្យលោក កឹម សុខា អាចចូលរួមការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ចាប់ពីដើមខែសីហា ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានមក សហគមន៍អន្តរជាតិដែលជាមិត្តរបស់កម្ពុជា បាននាំគ្នាមកជួបលោក កឹម សុខា ជាបន្តបន្ទាប់ ដូចជារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី Penny Wong ឧបការីរដ្ឋមន្ត្រីការបរទេសជប៉ុន លោក KANO Takehiro អនុប្រធានសហភាពអឺរ៉ុប លោក Josep Borrell Fontelles និងឯកអគ្គរាជទូតន័រវែស អ្នកស្រី Kjersti Rodsmoen ជាដើម។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសដែលតំណាងឱ្យប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យទាំងអស់ សុទ្ធតែនាំគ្នាទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហសេរីភាពឱ្យមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដើម្បីឱ្យលោកអាចចូលរួមក្នុងកិច្ចការនយោបាយឡើងវិញ ជាពិសេសគឺអាចចូលរួមការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខនេះ៕