The Cambodia Daily Khmer

ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​ប្ដឹង​លោក ចាប សារ៉ន ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចោទ​លួច​កាប់​ដើម​ជ័រ​ច្បោះ

គល់​ឈើ​ដែល​ប្រជា​សហគមន៍​ប្រទះ​ឃើញ​ពេល​ចុះ​ល្បាត​នៅ​ចុង​ឆ្នាំ​២០២១ នៅ​តំបន់​ព្រៃឡង់។ (រូបថត​ពី​សហគមន៍​ព្រៃឡង់)

ប្រជា​សហគមន៍​ខេត្ត​ស្ទឹងត្រែង ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​លោក ចាប សារ៉ន ដែល​ជា​អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេការ​កាប់​ឈើ​របស់​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពាក់ព័ន្ធ​រឿង​លួច​កាប់​ដើម​ជ័រ​ច្បោះ​របស់​ពួកគេ។

យោង​តាម​លិខិត​មួយ​ដែល​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទើប​ទទួល​បាន​នៅ​ថ្ងៃទី​១៧ ខែ​កញ្ញា កន្លងទៅ​នេះ បាន​ឲ្យ​ដឹង​ថា ក្រុម​ប្រជា​សហគមន៍​ខេត្ត​ស្ទឹងត្រែង ចំនួន ៥​គ្រួសារ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២២ ដោយ​ប្ដឹង​លោក ចាប សារ៉ន ជា​មន្ត្រី​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេការ​កាប់​ឈើ​របស់​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក ដែល​បាន​លួច​កាប់​ដើម​ជ័រ​ច្បោះ​របស់​ពួកគេ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ស្ថិត​ចំណុច​បី​ខេត្ត រួម​មាន​ខេត្ត​ព្រះវិហារ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​កំពង់ធំ។

នៅ​ក្នុង​លិខិត​ដដែល​បាន​បញ្ជាក់​ទៀត​ថា ដើមឈើ​ទាល និង​ត្រាច ត្រូវ​បាន​ពួក​កម្មករ​របស់​ក្រុមហ៊ុន​កាប់ និង​ដឹកជញ្ជូន​ឈើ​តាមរយៈ​គោយន្ត ចេញពី​តំបន់​ព្រៃ​អភិរក្ស​មួយ​នេះ ដោយ​មិន​ឃើញ​មាន​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ចុះ​អនុវត្ត​ច្បាប់​នោះ​ទេ។

ទាក់ទិន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​នេះ​ដែរ បណ្ដា​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ តែងតែ​ចេញ​របាយការណ៍​ស្តីអំពី​ការ​បាត់បង់​ព្រៃឈើ​នៅ​ក្នុង​ដែន​ជម្រក​មួយ​នេះ ហើយ​ពួកគេ​បាន​ទទូច​ទៅ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​អនុវត្ត​ច្បាប់​ទៅ​លើ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​លួច​ចូល​កាប់​ឈើ​ក្នុង​តំបន់​ការពារ​មួយ​នេះ។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិន​អាច​ទាក់ទង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​បាន​ទេ​រហូត​ដល់​ម៉ោង​ចេញផ្សាយ​នេះ។

លោក​វរសេនីយ៍ឯក ចាប សារ៉ន ជា​មន្ត្រី​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ហើយ​បច្ចុប្បន្ន​គឺជា​មេ​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​ខុស​ច្បាប់​យ៉ាង​សកម្ម​នៅ​តំបន់​ព្រៃឡង់ ស្រុក​រវៀង ខេត្ត​ព្រះវិហារ ដែល​យក​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន PNT ជា​កន្លែង​ប្រមូល​ឈើ​ចេញពី​តំបន់​ការពារ ព្រមទាំង​បាន​ការ​ជ្រោមជ្រែង​ពី​មន្ត្រី​នៅ​តំបន់​នោះ​ទៀត​ផង។

លោក​បាន​ចូល​ទៅ​គ្រប់គ្រង​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក អំឡុង​ឆ្នាំ​២០២០ ក្រោយ​ពេល​ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ​ប្រមូល​ផល​អនុផល​ព្រៃឈើ​នៅ​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​វៀតណាម PNT នៅ​ឆ្នាំ​២០១៨។

លោក ចាប សារ៉ន កើត​នៅ​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​១៩៦៨ នៅ​ភូមិ​ទ្រៀល ឃុំ​ទ្រៀល ស្រុក​បារាយ ខេត្ត​កំពង់ធំ។ ឪពុក​របស់​លោក​ឈ្មោះ ចាប សារឿន នៅ​រស់​ដល់​បច្ចុប្បន្ន ម្ដាយ​ឈ្មោះ លន់ ធឿ បាន​ស្ដាប់​បាត់បង់​ជីវិត ប្រពន្ធ​ឈ្មោះ វ៉ា សុខជា និង​មាន​កូន​ចំនួន ២​នាក់។ លោក​បាន​ចូល​បម្រើ​ការងារ​ជា​កងរាជ​អាវុធហត្ថ ជា​នាយរង​ការិយាល័យ​នៅ​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០០៥ ក្រោម​មុខជំនាញ​បំភ័ន្ត​អក្ខរៈ៕

Exit mobile version