សហមេធាវីការពារក្តីប្រធានគណបក្សសង្គ្រោះជាតិអះអាងថា លោក កឹម សុខា បានច្រានចោលទាំងស្រុងនូវការលើកឡើងដែលថា លោកបានធ្វើបដិវត្តន៍ពណ៌តាមការបណ្តុះបណ្តាលរបស់អង្គការ CANVAS នៅក្នុងសវនាការលើកទី៥៨។
សហមេធាវីការពារក្តីមេដឹកនាំបក្សប្រឆាំង លោក ផែង ហេង បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីសវនាការរបស់លោក កឹម សុខា លើកទី៥៨ នៅថ្ងៃទី២៨ ខែកញ្ញា នេះថា លោក កឹម សុខា បានបញ្ជាក់ទៅកាន់តុលាការយ៉ាងច្បាស់ថា លោកមិនដែលស្គាល់អង្គការ CANVAS នោះទេ។ លោកក៏មិនដែលដឹងពីកម្មវិធីរបស់អង្គការនេះដែរ។ ចំណែកការតវ៉ារបស់លោកកន្លងមក គឺដើម្បីឈានទៅរកការបោះឆ្នោតតាមលក្ខខណ្ឌច្បាប់របស់កម្ពុជាប៉ុណ្ណោះ។
លោក ផែង ហេង បានអះអាងថា លោក កឹម សុខា បានបដិសេធចោលទាំងស្រុងចំពោះការលើកឡើងថា អង្គការ CANVAS មានជាប់ពាក់ព័ន្ធជាមួយនឹងរូបលោក និងបណ្តុះបណ្តាលយុវជនគណបក្សសង្គ្រោះជាតិពីអង្គការនេះនៅប្រទេសម៉ាឡេស៊ី កាលពីអំឡុងឆ្នាំ២០១៧ កន្លងទៅ។
សហមេធាវីការពារក្តីរូបនេះអំពាវនាវឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រើប្រាស់វិជ្ជាជីវៈរបស់ខ្លួន ជាជាងការបញ្ចេញឥរិយាបថទៅតាមអារម្មណ៍ ជាពិសេសការលើកឡើងនូវសំណួរទៅកាន់ជនជាប់ចោទដើម្បីបានចម្លើយតាមការចង់បានរបស់ខ្លួន។ ប៉ុន្តែពួកគេបានរំលងនូវនីតិវិធីដែលបានចែងអំពីសិទ្ធិរបស់ជនជាប់ចោទ ដែលរក្សានូវការមិនឆ្លើយតបនូវសំណួរដែលសាមីខ្លួនមិនចង់ឆ្លើយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីតុលាការបានបើកសវនាការលើសំណុំរឿងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា លើអង្គហេតុបន្ទាប់ គឺអង្គហេតុបដិវត្តន៍ពណ៌ បន្ទាប់ពីអង្គហេតុប្រទូសរ៉ាយដែលត្រូវបានបញ្ចប់កាលពីសវនាការលើកទី៥៧ កន្លងទៅ។
លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទឃុបឃិតជាមួយរដ្ឋបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ប៉ុន្តែរហូតមកទល់នឹងពេលនេះ តុលាការកម្ពុជាមិនទាន់អាចកាត់ទោសលោកពីបទល្មើសណាមួយនៅឡើយទេ ហើយសវនាការរបស់លោកនៅតែត្រូវបានអូសបន្លាយពីសំណាក់តុលាការកម្ពុជាអស់រយៈពេលជាង ៥ឆ្នាំហើយ បើគិតមកទល់នឹងខែកញ្ញា ឆ្នាំ២០២២ នេះ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការចាប់ខ្លួនលោក កឹម សុខា គឺពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងភូមិសាស្ត្រនយោបាយក្នុងតំបន់រវាងមហាអំណាចកុម្មុយនីស្តចិន និងមហាអំណាចអាមេរិក ព្រោះថាគោលជំហររបស់លោក កឹម សុខា គឺតស៊ូដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលប្រទេសលោកសេរីចង់ឱ្យគោលការណ៍ទាំងនេះរីកធំធាត់នៅកម្ពុជា ប៉ុន្តែមហាអំណាចកុម្មុយនីស្តចិន មិនចង់ឱ្យមានការដឹកនាំពេញលេញមួយតាមបែបប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ ដូច្នេះ ទើបបង្កឱ្យមានទំនាស់រវាងមេដឹកនាំនយោបាយនៅកម្ពុជាដូចសព្វថ្ងៃនេះ៕