អាជ្ញាធរខេត្តស្វាយរៀង សំណូមពរដល់អាជ្ញាធរវៀតណាម កុំអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនឆ្លងដែនខុសច្បាប់ចូលមកនេសាទត្រីក្នុងខេត្តស្វាយរៀង បន្ទាប់ពីរកឃើញថា ទូកនេសាទជនជាតិវៀតណាមជាច្រើនគ្រឿង បានឆ្លងដែនចូលនេសាទត្រីដោយខុសច្បាប់នៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
អភិបាលស្រុកស្វាយជ្រំ លោក ហែម សារិទ្ធ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នេះ បានចុះល្បាត និងត្រួតពិនិត្យនៅទីតាំងព្រែកនៀល ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានព្រំប្រទល់ជាប់ស្រុកកំពង់រោទិ៍ និងព្រំប្រទល់ជាប់ព្រំដែនប្រទេសវៀតណាម បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកពីការលួចចូលទឹកដីខេត្តស្វាយរៀងដោយខុសច្បាប់ពីសំណាក់ទូកនេសាទជនជាតិវៀតណាមរាប់សិបគ្រឿង កាលពីពេលថ្មីៗនេះ។
លោក ហែម សារិទ្ធ អះអាងថា អំឡុងពេលចុះល្បាត លោកបានជួបជាមួយភាគីយោធាព្រំដែនវៀតណាម ដើម្បីពិភាក្សាគ្នារកដំណោះស្រាយជុំវិញករណីដែលជនជាតិវៀតណាម បានលួចចូលនេសាទខុសច្បាប់លើទឹកដីកម្ពុជានាពេលកន្លងមក ដើម្បីកុំឱ្យពួកគេលួចចូលទៅនេសាទខុសច្បាប់បន្តទៀត ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើយោធាព្រំដែនវៀតណាមទាំងនោះដោះស្រាយបញ្ហានេះដូចម្តេចនោះទេ។
អភិបាលស្រុកស្វាយជ្រំរូបនេះបញ្ជាក់ថា ជុំវិញការចុះល្បាតចំពោះករណីនេសាទខុសច្បាប់របស់ជនជាតិវៀតណាមនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដកហូតសម្ភារៈខ្លះៗ ក្នុងនោះមានទូកជ័រ ១គ្រឿង និងឧបករណ៍ឆក់ត្រីចំនួន ១គ្រឿងប៉ុណ្ណោះ។
ការចុះបង្ក្រាបបទល្មើសឆ្លងដែនដោយខុសច្បាប់ពីសំណាក់ជនជាតិវៀតណាមនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកអំពីការលួចឆ្លងដែនចូលនេសាទខុសច្បាប់លើទឹកដីកម្ពុជាកាលពីពេលថ្មីៗនេះ។
សារព័ត៌មានដើមអម្ពិលដែលស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា បានផ្សព្វផ្សាយពីសកម្មភាពលួចចូលនេសាទខុសច្បាប់ពីសំណាក់ជនជាតិវៀតណាម ដែលមានទូកជាច្រើនគ្រឿង ដោយប្រើឧបករណ៍ឆក់ត្រជាក់ ឬយាំងកាវដែលមានប្រវែងរាប់រយម៉ែត្រ ចូលទៅនេសាទដល់ក្បែរភូមិរបស់ពលរដ្ឋនៅទីតាំងព្រែកនៀល ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីដើមខែតុលា ឆ្នាំ២០២២ កន្លងទៅនេះដោយគ្មានអាជ្ញាធរមូលដ្ឋានទប់ស្កាត់ឡើយ។
ប្រភពដដែលបញ្ជាក់ថា ការនេសាទរបស់ជនជាតិវៀតណាមដោយខុសច្បាប់នេះ មិនមែនទើបតែកើតមាននោះទេ គឺកើតមានជារៀងរាល់ថ្ងៃអស់រយៈពេលជាយូរមកហើយ ប៉ុន្តែមិនដែលមានការបង្ក្រាបពីសមត្ថកិច្ចម្តងណាឡើយ ខណៈពលរដ្ឋតែងតែរិះគន់ពីបញ្ហានេះរហូតមក។
ប្រជាពលរដ្ឋដែលរស់នៅភូមិបាយ៉ាប បានអះអាងថា ជនជាតិវៀតណាមតែងតែលួចចូលទៅនេសាទដោយខុសច្បាប់នៅតំបន់នោះជារៀងរាល់ថ្ងៃដែលមានទូកប្រមាណជាង ៣០គ្រឿង បង្កឱ្យពលរដ្ឋខ្មែរនៅតំបន់នោះពិបាកក្នុងការនេសាទជាខ្លាំង ព្រោះថាឧបករណ៍ដែលជនជាតិវៀតណាមបានប្រើទាំងនោះ បានបំផ្លាញឧបករណ៍នេសាទរបស់ពួកគេដែលប្រកបរបរជាលក្ខណៈគ្រួសារគ្រប់ពេលរហូតមក។
ជុំវិញបទល្មើសនេសាទនៅកម្ពុជា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច ធ្លាប់បានអះអាងកាលពីពេលថ្មីៗនេះថា បទល្មើសនេសាទនៅកម្ពុជាទ្រង់ទ្រាយធំ គឺតែងប្រព្រឹត្តដោយជនជាតិវៀតណាមទាំងអស់ មិនថានៅទីណានោះទេ។ លោកបន្តថា ជនល្មើសទាំងនោះតែងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ឆក់ត្រជាក់ (យាងកាវ) ឆក់ក្ដៅ ឈិបយន្ត និងឆក់ទូកលឿន ជាដើម ដែលបានបំផ្លាញមច្ឆជាតិទាំងតូចទាំងធំ ទាំងត្រីមានស្រកា និងត្រីអត់ស្រកាយ៉ាងធ្ងន់ធ្ងរ។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងស្នងការនគរបាលខេត្តស្វាយរៀង លោក ពេជ្រ វីរៈ ដើម្បីសុំការបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយទេ៕