អ្នកតស៊ូមតិក្រៅស្រុកអះអាងថា លោក ហ៊ុន សែន ជោគជ័យលើកិច្ចប្រជុំអាស៊ានផ្នែកពិធីការ ប៉ុន្តែបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការរកផលប្រយោជន៍សម្រាប់អាស៊ាន ដែលធ្វើឲ្យខូចនយោបាយការទូតរបស់អាស៊ាន ដែលនឹងអនុវត្តចំពោះរបបសឹកភូមា។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៤ វិច្ឆិកា ថា រយៈពេលជិតមួយឆ្នាំដែលលោក ហ៊ុន សែន ដឹកនាំអាស៊ាន គឺទទួលនូវការបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការរកផលប្រយោជន៍សម្រាប់អាស៊ាន ព្រោះថាក្រោយបរាជ័យក្នុងជំនួបទ្វេភាគីជាមួយមេដឹកនាំរបបសឹកភូមា លោក ហ៊ុន សែន ស្ងាត់មាត់លែងហ៊ានអួតពីនយោបាយឈ្នះឈ្នះរបស់គាត់ ដោយលួចងាកទៅរកគោលការណ៍ ៥ចំណុចរបស់អាស៊ានវិញ ប៉ុន្តែទម្រាំគាត់ភ្ញាក់ខ្លួន ប្រហែលជានយោបាយការទូតរបស់អាស៊ានដែលនឹងអនុវត្តចំពោះរបបសឹកភូមា បានខូចអស់ទៅហើយ។
លោកបន្តថា នយោបាយការទូតរបស់អាស៊ានដែលខូចនេះ គឺដោយសារតែលោក ហ៊ុន សែន ព្យាយាមប្រើប្រាស់តួនាទីជាប្រធានអាស៊ានទាញឲ្យសមាជិកអាស៊ាន ៨ប្រទេសផ្សេងទៀតទទួលស្គាល់ក្រុមរដ្ឋប្រហារភូមាជារដ្ឋាភិបាលស្របច្បាប់ តាមវិធីបញ្ចុះបញ្ចូលឲ្យរដ្ឋសមាជិកទាំងអស់យល់ព្រមហៅតំណាងរបបរដ្ឋប្រហារភូមា ឱ្យចូលរួមប្រជុំនាពេលកន្លងមក ប៉ុន្តែផែនការដ៏អាក្រក់នេះត្រូវសមាជិកទាំងអស់បដិសេធចោលគ្រប់ៗគ្នា។
លោក គឹម សុខ លើកឡើងថា ដោយសារតែវិបត្តិរដ្ឋប្រហារនៅប្រទេសភូមា និងវិបត្តិសមុទ្រចិនខាងត្បូងដែលលោក ហ៊ុន សែន ដឹកនាំបញ្ច្រាសទិសតែម្នាក់ឯងកន្លងមក ស្ទើរតែនឹងធ្វើឲ្យអាស៊ានបែកបាក់សាមគ្គីទៅហើយ។ ដូច្នេះ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ នឹងទទួលថ្មបាក់ពីលោក ហ៊ុន សែន យ៉ាងធ្ងន់ធ្ងរក្នុងការជួសជុលលើការខ្វែងគំនិតគ្នាក្នុងចំណោមសមាជិកអាស៊ាន ចំពោះបញ្ហាធំៗដែលលោក ហ៊ុន សែន បានបន្សល់ទុកឱ្យនោះ។
លោកបន្តថា ក្រៅពីបញ្ហាដែលលោក ហ៊ុន សែន បង្កឱ្យអាស៊ាន មេដឹកនាំខ្មែររូបនេះក៏បានធ្វើឱ្យធ្លាក់ចុះប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាគួរឱ្យព្រួយបារម្ភថែមទៀត រហូតធ្វើឱ្យដៃគូសហការនានា ដូចជាអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសជប៉ុន ជាដើម នាំគ្នាដាស់តឿនឲ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងការធ្វើឱ្យជាក់ច្បាស់អំពីវត្តមានកងទ័ពចិននៅមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម ជាដើម ឲ្យស្របតាមស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា ធម្មនុញ្ញអាស៊ាន និងឲ្យស្របតាមគោលការណ៍សាមគ្គីភាពអាស៊ានផងដែរ។
ប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា លោក ហ៊ុន សែន ជាប្រធានអាស៊ានគួរឱ្យអាម៉ាស់ម្នាក់ដែលសហរដ្ឋអាមេរិក មិនស្វាគមន៍ឲ្យចូលក្របខ័ណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកជាមួយឡាវ និងភូមា ដែលសុទ្ធសឹងតែជាប្រទេសដែលមានកម្រិតទាបក្នុងការគោរពច្បាប់ គោរពសិទ្ធិមនុស្ស និងអនុវត្តលទ្ធិប្រជាធិបតេយ្យ ស្របពេលរដ្ឋសមាជិកអាស៊ាន ៧ ផ្សេងទៀត ត្រូវសហរដ្ឋអាមេរិកផ្ដល់កិត្តិយសឲ្យចូលជាសមាជិកដើម្បីទទួលបានប្រយោជន៍សម្រាប់ជាតិរបស់ពួកគេ។
កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំរយៈពេល ៤ថ្ងៃ ដែលទើបនឹងបញ្ចប់កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅនេះ ដែលមានការចូលរួមពីមេដឹកនាំប្រទេសនានា រួមទាំងមេដឹកនាំអាស៊ាន ៨ ផ្សេងទៀតផងដែរ ដែលធ្វើឱ្យមេដឹកនាំកម្ពុជា លោក ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលរបស់លោកសម្ដែងនូវមោទកភាពយ៉ាងក្រៃលែង ក្នុងនោះ កម្ពុជាក៏បានរៀបចំវត្ថុអនុស្សាវរីយ៍ជានាឡិកាដៃអស់ទឹកប្រាក់ជាង ៥០ម៉ឺនដុល្លារអាមេរិកផងដែរ ដើម្បីធ្វើជាកាដូជូនដល់មេដឹកនាំនានាដែលបានទៅចូលរួមកិច្ចប្រជុំនេះ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានអះអាងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ នេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជាប្រវត្តិសាស្ត្រសម្រាប់កូនចៅតជំនាន់ទៅថ្ងៃអនាគត។
យ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ជោគជ័យពិតប្រាកដរបស់កម្ពុជា មិនមែនដោយសារតែមានមេដឹកនាំពិភពលោកទៅចូលរួមកិច្ចប្រជុំអាស៊ាននេះទេ ប៉ុន្តែគឺជាការធានាឯករាជ្យរបស់អាស៊ាន និងធ្វើឱ្យអាស៊ានមានសាមគ្គីភាព រួមទាំងមានសមត្ថភាពដោះស្រាយវិបត្តិនៅភូមា នៅពេលនេះ ខណៈមេដឹកនាំដែលទៅចូលរួមកិច្ចប្រជុំនេះ គឺជាកាតព្វកិច្ចរបស់ពួកគេប៉ុណ្ណោះ។ លើសពីនេះ មេដឹកនាំទាំងនោះក៏បានដាស់តឿនឱ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញថែមទៀត។ ដូច្នេះ ពួកគេមើលមិនឃើញថា កម្ពុជាទទួលបានជោគជ័យលើការដឹកនាំអាស៊ានរបស់ខ្លួននោះទេ៕