រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បង្ហាញការព្រួយបារម្ភអំពីវត្តមានកងទ័ពចិនលើមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា ដោយចាត់ទុកថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់ផលប្រយោជន៍ សន្តិសុខសហរដ្ឋអាមេរិក និងសន្តិសុខសម្ពន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូសស្ទីន បានលើកឡើងក្នុងកិច្ចពិភាក្សាអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា សហរដ្ឋអាមេរិកនឹងគាំទ្រជំហររបស់អាស៊ាន ហើយនៅតែខិតខំចងសម្ពន្ធមិត្តនៅក្នុងតំបន់បន្តទៀត។ បន្ថែមពីនេះ សហរដ្ឋអាមេរិកនៅតែបន្តគាំទ្រចំពោះការខិតខំរបស់ប្រជាពលរដ្ឋខ្មែរដែលមានបំណងរក្សាសន្តិភាពរបស់ខ្លួនផងដែរ។
រដ្ឋមន្ត្រីការពារជាតិរូបនេះយល់ស្របនឹងរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ ដែលលើកឡើងថា ទំនាក់ទំនងក្រសួងការពារជាតិប្រទេសទាំងពីរបានចុះថយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកថា ការថយចុះទំនាក់ទំនងនេះ មិនមែនដោយសារតែបញ្ហាសិទ្ធិមនុស្សតែម្យ៉ាងទេ ប៉ុន្តែជាពិសេស គឺដោយសារតែខ្វះខាតតម្លាភាពដែលជាកត្តាសំខាន់បំផុតជុំវិញទំនាក់ទំនងនេះតែម្តង។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិករូបនេះបញ្ជាក់ថា បើទោះបីជាទំនាក់ទំនងក្រសួងការពារជាតិកម្ពុជា និងសហរដ្ឋអាមេរិក មិនទាន់យល់គ្នាច្បាស់ និងមិនទាន់ចុះសម្រុងគ្នា ប៉ុន្តែមិនមែនជាបញ្ហាអ្វីធំដុំនោះទេ ព្រោះថាក្រសួងការពារជាតិនៃប្រទេសទាំងពីរនៅតែអាចពិភាក្សាគ្នារកដំណោះស្រាយចំពោះបញ្ហានេះបានដដែល។
ការសម្ដែងក្តីព្រួយបារម្ភនេះ ធ្វើឡើងស្របពេលដែលកម្ពុជារងនូវការសង្ស័យជុំវិញការផ្តល់មូលដ្ឋានទ័ពជើងទឹករាម ឱ្យកងទ័ពចិនឈរជើង ដែលរហូតដល់ពេលនេះកម្ពុជានៅមិនទាន់មានការបញ្ជាក់ឱ្យបានច្បាស់លាស់ណាមួយនៅឡើយទេ។
ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំក្រៅផ្លូវការពីរផ្សេងទៀត គឺកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា ដែលក្នុងនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បញ្ជាក់ថា ទំនាក់ទំនងយោធាកម្ពុជា និងយោធាសហរដ្ឋអាមេរិកបានស្ថិតនៅក្នុងដំណាក់កាលលំបាកមួយសព្វថ្ងៃនេះ។
លោក ទៀ បាញ់ បញ្ជាក់ថា ផ្ទុយទៅវិញ ប្រសិនបើភាគីទាំងសងខាងយល់ឃើញថាកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរមានសារសំខាន់ ប្រទេសទាំងពីរត្រូវតែស្វែងរកមធ្យោបាយដ៏ល្អបំផុតសម្រាប់ការយោគយល់គ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ សេតវិមានបានចេញសេចក្តីថ្លែងការណ៍ថា លោក ចូ បៃដិន បានសម្ដែងនូវការព្រួយកង្វល់អំពីស្ថានភាពនៅមូលដ្ឋានទ័ពជើងទឹករាមយ៉ាងខ្លាំង ដែលរហូតដល់ពេលនេះ កម្ពុជានៅតែត្រូវបានសង្ស័យពីការឃុបឃិតលួចផ្តល់មូលដ្ឋានទ័ពជើងទឹករាមរបស់ខ្លួនឱ្យកងទ័ពជើងទឹកចិន the People’s Republic of China (PRC) ធ្វើជាកន្លែងឈរជើងនៅឡើយ។
សេតវិមានបញ្ជាក់ថា លោក ចូ បៃដិន ក៏បានរំលឹកឡើងវិញនូវការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកផងដែរថា អាមេរិកប្រកាន់ជំហរឥតងាករេចំពោះប្រជាពលរដ្ឋកម្ពុជាសម្រាប់បំណងប្រាថ្នារបស់ពួកគេដែលចង់បានប្រជាធិបតេយ្យ និងឯករាជភាពជាតិរបស់ខ្លួន។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានអះអាងក្នុងពិធីទទួលរថយន្តទំនើប ១៥០គ្រឿងដែលជាជំនួយរបស់ក្រសួងការពារជាតិចិន ផ្តល់ឲ្យក្រសួងការពារជាតិកម្ពុជាថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានចោទប្រកាន់មកលើកម្ពុជាជាបន្តបន្ទាប់ថា កម្ពុជាបានអនុញ្ញាតឲ្យចិនតាំងមូលដ្ឋានកងទ័ពជើងទឹកនៅតំបន់រាមនោះ គឺគ្មានចង់បានអ្វីពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ សភាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានធ្វើសេចក្តីសម្រេចចិត្តមួយ ដែលបានកំណត់ឱ្យរដ្ឋាភិបាលកម្ពុជារក្សាអព្យាក្រឹតដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងតាមគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បីធានានូវភាពជាក់ច្បាស់ពីមូលដ្ឋានទ័ពជើងទឹករាម ដែលគេសង្ស័យពីវត្តមានកងទ័ពចិននៅលើទឹកដីរបស់ខ្លួនរហូតមក៕