ស្ត្រីជនជាតិវៀតណាមម្នាក់ឈ្មោះ ង្វៀនតាំង អៀនធី ត្រូវបានផ្ដល់សញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម និងត្រូវបានប្ដូរឈ្មោះវៀតណាមចេញ ដោយដាក់ឈ្មោះ គឹម មុនី បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទូលថ្វាយទៅព្រះមហាក្សត្រ។
ក្នុងព្រះរាជក្រឹត្យចុះហត្ថលេខាដោយប្រមុខរដ្ឋស្ដីទី លោក ប៊ិន ឈិន កាលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ដែលទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈ បានឲ្យដឹងថា កញ្ញា ង្វៀនតាំង អៀនធី ដែលជាជនជាតិវៀតណាម មានសញ្ជាតិវៀតណាម រស់នៅខេត្តហឹងអៀន សាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ តទៅ។
ព្រះរាជក្រឹត្យដដែលឲ្យដឹងថា ស្ត្រីរូបនេះក៏ត្រូវបានប្ដូរឈ្មោះវៀតណាម «ង្វៀនតាំង អៀនធី» ចេញ ហើយដាក់ជំនួសមកវិញនូវឈ្មោះ គឹម មុនី។ ការផ្ដល់សញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មដល់ស្ត្រីជនជាតិវៀតណាមឈ្មោះ ង្វៀនតាំង អៀនធី នេះ ធ្វើឡើងតាមសំណើរបស់លោក ហ៊ុន សែន។
បើតាមច្បាប់ស្ដីពីសញ្ជាតិថ្មីកាលពីឆ្នាំ២០១៨ ត្រង់មាត្រា២២ បានចែងថា ជនបរទេសណាដែលផ្តល់ថវិកាដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឬវិស័យមនុស្សធម៌នៅកម្ពុជា ជនបរទេសនោះអាចស្នើសុំសញ្ជាតិខ្មែរ។
លក្ខខណ្ឌ ៥យ៉ាងសម្រាប់ជនបរទេសដែលបានផ្តល់ថវិកាដល់ប្រទេសកម្ពុជា ត្រូវបំពេញ គឺ៖
- បានស្នាក់នៅពេញលេញរយៈពេល ៦ខែក្នុងប្រទេសកម្ពុជា
- មានសីលធម៌
- មិនដែលមានទោស
- ប័ណ្ណស្នាក់នៅ និងមានទីលំនៅក្នុងប្រទេសកម្ពុជា
- មានបញ្ញា និងកាយសម្បទាល្អ។
តែយ៉ាងណា មាត្រា២២ នៃច្បាប់ថ្មីនេះក៏ដូចជាមាត្រា២១ ដែរ គឺមិនបានចែងពីចំនួនទឹកប្រាក់ប៉ុន្មានដែលតម្រូវឲ្យជនបរទេសបរិច្ចាគ មុននឹងស្នើសុំសញ្ជាតិខ្មែរឡើយ ខណៈចំនួនទឹកប្រាក់ដែលត្រូវបរិច្ចាគ គឺត្រូវកំណត់ដោយអនុក្រឹត្យផ្សេងវិញ។
ប៉ុន្តែច្បាប់ចាស់ឆ្នាំ១៩៩៦ វិញ បានកំណត់ចំនួនទឹកប្រាក់ដោយចែងក្នុងមាត្រា១២ ថា ជនបរទេសណាដែលបានបរិច្ចាគថវិកា ១ពាន់លានរៀលឡើងទៅ ដើម្បីស្ដារ និងកសាងសេដ្ឋកិច្ចកម្ពុជា ជនបរទេសនោះអាចស្នើសុំសញ្ជាតិខ្មែរ ហើយជនបរទេសទាំងនោះត្រូវបំពេញតាមលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី១ ទី២ ទី៣ ទី៥ និងទី៦ មាត្រា៨ នៃច្បាប់ស្ដីពីសញ្ជាតិថែមទៀត។
ការណ៍ដែលជនបរទេសទទួលបានសញ្ជាតិខ្មែរ នឹងអាចនាំឱ្យពួកគេអាចកាន់កាប់អចលនទ្រព្យដីធ្លីនៅក្នុងប្រទេសកម្ពុជាក្នុងនាមជាពលរដ្ឋខ្មែរ ខណៈច្បាប់ស្ដីពីការផ្តល់សិទ្ធិកម្មលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស បានចែងថា ជនបរទេសមានសិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិ ចាប់ពីជាន់ទី១ (មួយ) ឡើងទៅ។ ជាន់ផ្ទាល់ដី និងជាន់ក្រោមដី មិនត្រូវបានអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិលើកម្មសិទ្ធិឡើយ។
ជនបរទេសដែលបានទទួលសញ្ជាតិខ្មែរ នឹងមានឱកាសកាន់តំណែងក្នុងជួររាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដូចពលរដ្ឋខ្មែរមានសញ្ជាតិពីកំណើតដូច្នេះដែរ លើកលែងតែឈរឈ្មោះធ្វើតំណាងរាស្ត្រ។ នេះបើតាមច្បាប់ស្ដីពីការជ្រើសតាំងតំណាងរាស្ត្រ។
របាយការណ៍របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញផ្សាយកាលពីដើមឆ្នាំ២០១៨ លើកឡើងថា រយៈពេល ៣ឆ្នាំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ មានជនបរទេសចំនួន ១៥១៨នាក់បានទទួលសញ្ជាតិខ្មែរតាមរយៈសញ្ជាតូបនីយកម្ម (ទទួលបានសញ្ជាតិតាមការស្នើសុំ) ការទាមទារសញ្ជាតិ និងការផ្តល់ជូនដោយចូលស្បថចំពោះតុលាការកំពូល៕