សហគមន៍ព្រៃឡង់អះអាងថា ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់អភិរក្សព្រៃឡង់ខេត្តព្រះវិហារ នៅតែកើតឡើងឥតឈប់ឈរ បើទោះបីលោក ហ៊ុន សែន ធ្លាប់ប្រកាសកាត់កខ្លួនឯងបើការពារព្រៃឈើនៅកម្ពុជាមិនបានយ៉ាងណាក៏ដោយ។
បើតាមរបាយការណ៍សង្កេតរបស់សមាគមបណ្ដាញយុវជនកម្ពុជា (CYN) នៅថ្ងៃទី១៦ មករា នេះ ឲ្យដឹងថា ប្រជាសហគមន៍បានរកឃើញបទល្មើសព្រៃឈើចំនួន ៧៣ករណីនៅក្នុងតំបន់ព្រៃឡង់ខេត្តព្រះវិហារ អំឡុងពេលចុះល្បាតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។
បណ្ដាញសហគមន៍ព្រៃឡង់បញ្ជាក់ថា ការចុះស្រាវជ្រាវ ស៊ើបអង្កេត និងឃ្លាំមើលស្ថានភាពព្រៃឡង់ក្នុងភូមិសាស្ត្រឃុំធ្មា និងឃុំរៀបរយ ស្រុកជ័យសែន នោះ ពួកគេទាំង ៣៣នាក់បានរកឃើញគល់ឈើដែលក្រុមជនល្មើសលួចចូលកាត់ចំនួន ៥៥ករណី ដោយមានមុខកាត់ពីមួយម៉ែត្រទៅកន្លះម៉ែត្រ រកឃើញឈើអារច្រៀកមិនទាន់ដឹកចេញចំនួន ៩ម៉ែត្រគូប (បីករណីធំៗ)។
ចំណែកករណីឈើអារជាក្ដារប្រវែង ៥ម៉ែត្រចំនួន ៣,៧ម៉ែត្រគូប ហើយឈើអារធ្វើឃ្នាបប្រវែង ៧ម៉ែត្រចំនួន ៤,៤ម៉ែត្រគូប រួមទាំងឈើអារជាបន្ទះប្រវែង ២ម៉ែត្រចំនួន ១ម៉ែត្រគូប ដោយឈើទាំងនោះជាប្រភេទឈើចម្រុះ ដូចជាគគីរ ត្រាច តៀក ផ្ចឹក ឈើទាល និងឈ្លីក ជាដើម។
ឈើអារជាក្ដារវែង ពួកគេរកឃើញស្ថិតនៅចំណុចបុសរាំង ចំណុចក្បាលថ្លាន់ ចំណុចព្រៃដំណាក់កាល និងចំណុចភ្នំស្រឡៅ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំធ្មា និងឃុំរៀបរយ ស្រុកជ័យសែន។
ក្រៅពីរកឃើញឈើកាត់ និងអារហើយ ពួកគេក៏ឃើញក្រុមជនល្មើសដែលលួចចូលទៅអារ និងដឹកឈើចំនួន ៨នាក់ និងគោយន្តដឹកឈើចំនួន ២គ្រឿង រួមទាំងប្រេងម៉ាស៊ូត និងសាំងចំនួន ៣ប៊ីដុងធំ ព្រមទាំងសម្ភារៈដែលបម្រើដើម្បីកាប់ឈើជាច្រើនទៀតផងដែរ។
សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ លោក ស្រី ថី បានប្រាប់សារព័ត៌មាន The Cambodia Daily ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បទល្មើសព្រៃឈើបានកើនឡើងខ្លាំងដោយសារមន្ត្រីអនុវត្តច្បាប់មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន។
លោកបន្តថា បើអាជ្ញាធរពាក់ព័ន្ធពិតជាមានឆន្ទៈក្នុងការទប់ស្កាត់មែននោះ ការកាប់បំផ្លាញព្រៃឈើមិនកើនឡើងដូចបច្ចុប្បន្នឡើយ។
លោក ស្រី ថី បន្តថា បើរដ្ឋាភិបាលមិនហ៊ានចាត់វិធានច្បាប់លើមន្ត្រីពាក់ព័ន្ធនឹងបទល្មើសដូចបច្ចុប្បន្ននេះ ប្រាកដណាស់ព្រៃឈើនៅកម្ពុជានឹងវិនាសអស់ ខណៈជនល្មើសបានសូកប៉ាន់មន្ត្រីមួយចំនួនដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនឈើជាដើម។
ជារឿយៗ សមាគម CYN សហការជាមួយសហគមន៍ តែងតែធ្វើរបាយការណ៍របស់ខ្លួនបន្ទាប់ពីពួកគេបានចុះស៊ើបអង្កេត និងស្រាវជ្រាវអំឡុងពេលចុះល្បាតព្រៃនៅតំបន់ព្រៃឡង់ ដើម្បីបង្ហាញទៅរដ្ឋាភិបាល និងសាធារណជនឲ្យបានដឹងពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ប៉ុន្តែរបាយការណ៍ដែលពួកគេរកឃើញនោះ តែងត្រូវបានរដ្ឋាភិបាលកម្ពុជាច្រានចោល និងបានចោទប្រកាន់ថាសកម្មភាពការពារព្រៃឈើរបស់ពួកគេនោះ ធ្វើឡើងដើម្បីបម្រើផលប្រយោជន៍នយោបាយទៅវិញ។
កាលពីអំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៦ លោក ហ៊ុន សែន បានប្រកាសក្ដែងៗដោយហ៊ានកាត់កខ្លួនឯង បើទប់ស្កាត់បទល្មើសព្រៃឈើមិនបានទេនោះ។
ក្រៅពីប្រកាសបែបនេះ បុរសខ្លាំងកាន់អំណាច ៣៨ឆ្នាំនៅកម្ពុជា ក៏បានបង្កើតគណៈកម្មការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដើម្បីបង្ក្រាបបទល្មើស ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន ព្រៃឈើនៅកម្ពុជាកំពុងឈានទៅរកការវិនាសអស់ក្នុងពេលឆាប់ៗខាងមុខនេះ។
ព្រៃឡង់ត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលជាតំបន់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» កាលពីឆ្នាំ២០១៦ ដែលមានទំហំជាង ៤៣ម៉ឺនហិកតារ។ ព្រៃអភិរក្សមួយនេះគ្របដណ្ដប់លើភូមិសាស្ត្រខេត្តចំនួន៤ រួមមានខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង។
ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ព្រៃឡង់ត្រូវបានជនល្មើសដែលមានឧកញ៉ានៅឈរកាងពីក្រោយ រងការកាប់បំផ្លាញ និងដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាមសឹងរាល់ថ្ងៃ ដោយមិនមានការទប់ស្កាត់ពីសំណាក់រដ្ឋាភិបាល ទោះបីជាមានការស្នើសុំពីប្រជាសហគមន៍ និងយុវជនក្ដី។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានបង្ហាញថា ព្រៃឈើជាង ៦ពាន់ហិកតារត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួនពីរ ក្នុងនោះដែនជម្រកសត្វព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ដោយការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច៕