លោក Nguyen Xuan Phuc សម្រេចលាលែងពីតំណែងប្រធានាធិបតីវៀតណាម ភ្លាមៗបន្ទាប់ពីបក្សកុម្មុយនីស្តរបស់ប្រទេសនៃសមាគមមួយនៅអាស៊ីអាគ្នេយ៍នេះបន្ទោសលោក ដែលបណ្ដោយឱ្យមន្ត្រីថ្នាក់ក្រោមរបស់លោកប្រព្រឹត្តអំពើពុករលួយ។
នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលវៀតណាម ដែលត្រូវបានបណ្ដាញផ្សាយព័ត៌មាន CNN ចុះផ្សាយបន្តនៅថ្ងៃទី១៨ ខែមករា។
ការលាលែងពីតំណែងដ៏កំពូលរបស់វៀតណាម ធ្វើឡើងស្របពេលដែលបក្សកុម្មុយនីស្តកំពុងបើកការអង្កេតមន្ត្រីបក្ស និងគណៈរដ្ឋមន្ត្រីរបស់លោក Nguyen Xuan Phuc មួយចំនួនដែលសង្ស័យករណីពុករលួយ ហើយក្នុងនោះមានឧបនាយករដ្ឋមន្ត្រី ២រូប និងរដ្ឋមន្ត្រី ៣រូបមានក្នុងបញ្ជីដែលត្រូវរងការចោទថាបានប្រព្រឹត្តអំពើពុករលួយ។
ក្រៅតែពីការស្ដីបន្ទោសទៅលើលោក Nguyen Xuan Phuc ដូចនេះ លោកក៏អាចស្ថិតនៅក្នុងបញ្ជីឈ្មោះនៃជនពុករលួយដែលត្រូវកម្ចាត់ម្នាក់ដែរ ព្រោះក្នុងខែមករា នេះ មានការដកតំណែងឧបនាយករដ្ឋមន្ត្រីចំនួនពីរនាក់ រដ្ឋមន្ត្រី ៣នាក់ និងចាប់ខ្លួនអ្នកទទួលខុសត្រូវជាន់ខ្ពស់ជាច្រើននាក់នៅក្នុងយុទ្ធនាការបោសសម្អាតជនពុករលួយ។
លោក Nguyen Xuan Phuc បានកាន់តំណែងប្រធានាធិបតីមិនដល់ ២ឆ្នាំនោះទេ បន្ទាប់ពីលោកទើបទទួលបានតំណែងនេះក្នុងឆ្នាំ២០២១។ លោកធ្លាប់បានកាន់តំណែងជានាយករដ្ឋមន្ត្រីចំនួន ៥ឆ្នាំពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១។ លោក Nguyen Xuan Phuc នៅឆ្នាំនេះមានអាយុ ៦៨ឆ្នាំ។
នៅវៀតណាម ជនទាំងឡាយណាដែលប្រព្រឹត្តអំពើពុករលួយកម្រនឹងរួចខ្លួនណាស់។ មិនថាឡើយអ្នកមានបុណ្យស័ក្តិ ប្រធានាធិបតី នាយករដ្ឋមន្ត្រី ឬប្រធានរដ្ឋសភា ឬអគ្គលេខាបក្ស សុទ្ធតែប្រឈមនឹងការដកហូត ឬជាប់ចោទថាមានទោស។
កាលពីឆ្នាំ២០១៩ អតីតរដ្ឋមន្ត្រី ២រូបរងការចោទពីបទចាត់ចែងចំណាយសាធារណៈមិនត្រឹមត្រូវ។ អតីតរដ្ឋមន្ត្រី ២រូបនោះត្រូវចោទថាមានផែនការប្រើប្រាក់រដ្ឋរាប់លានដុល្លារអាមេរិកមិនត្រឹមត្រូវ ដោយចង់យកថវិការដ្ឋទៅទិញក្រុមហ៊ុនទូរទស្សន៍ឯកជនមួយ។
វៀតណាមបានចាប់បើកអង្កេតប្រឆាំងនឹងអតីតរដ្ឋមន្ត្រី ២រូបនេះ គឺលោក Truong Minh Tuan និងលោក Nguyen Bac Son ពីបទសង្ស័យរំលោភវិន័យក្នុងការចាត់ចែង និងប្រើប្រាស់ថវិកាសាធារណៈនាំឱ្យមានភាពមិនប្រក្រតី។ នេះបើតាមក្រសួងសន្តិសុខសាធារណៈវៀតណាម ឬក្រសួងនគរបាលជាតិ។
ការចាប់ខ្លួនអតីតរដ្ឋមន្ត្រីទាំងពីររូបនោះ បានប្រព្រឹត្តទៅក្នុងខណៈដែលវៀតណាមកំពុងបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយយ៉ាងសកម្ម។ យុទ្ធនាការនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៦ មក និងបានសម្រេចនាំឱ្យមានការចាប់ខ្លួនប្រធានធនាគារ អ្នកជំនួញធំៗ និងអ្នកទទួលខុសត្រូវក្រុមហ៊ុនរាប់សិបនាក់ ដែលសុទ្ធតែមានពាក់ព័ន្ធនឹងអំពើពុករលួយ។
កាលពីឆ្នាំ២០១៨ លោក Nguyễn Bắc Son អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានវៀតណាម ជាកម្មាភិបាលបក្សដ៏មានឥទ្ធិពលមួយរូបក្នុងគណៈកម្មការកណ្តាលរបស់មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ត្រូវសមត្ថកិច្ចចាប់ខ្លួន។
ការសម្រេចកាត់ទោសជននោះក្នុងទោសឧក្រិដ្ឋជាប់ពន្ធនាគារចំនួន ១៤ឆ្នាំ។
ក្នុងពេលជាមួយគ្នានេះ មន្ត្រីរដ្ឋការដែលឃុបឃិតក្នុងការទទួលប្រាក់សូកប៉ាន់ជាង ១០នាក់ទៀត ត្រូវទទួលទោសចាប់ពី ២ឆ្នាំរហូតដល់ ២៣ឆ្នាំ។ សំណុំរឿងពុករលួយនេះទាក់ទងនឹងការទិញក្រុមហ៊ុនសោតទស្សន៍ឯកជន ដែលបានបណ្តាលនាំឱ្យខាតបង់ថវិការដ្ឋប្រមាណជាង ៣០០លានដុល្លារ។
ក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយដែលបក្សកុម្មុយនីស្តដាក់ចុះនៅឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០២២ មន្ត្រីរដ្ឋការ រដ្ឋមន្ត្រី និងក្រុមឈ្មួញរាប់រយនាក់ ត្រូវបានកាត់ទោស។ ជនជាប់ចោទមិនត្រឹមមានទោសក្នុងពន្ធនាគារនោះទេ គឺទ្រព្យសម្បត្តិទាំងអស់ត្រូវរឹបអូសថែមទៀត។
ចំពោះករណីបទល្មើសពុករលួយនៅក្នុងរបបសង្គមនិយមវៀតណាម ពលរដ្ឋវៀតណាមភាគច្រើនសង្ឃឹមថាប្រព័ន្ធយុត្តិធម៌នឹងស្រាវជ្រាវវែកមុខជនល្មើសរហូតដល់ទីបំផុត ទើបត្រូវចាប់ខ្លួន និងផ្ដន្ទាទោស ទោះជននោះជាថ្នាក់ដឹកនាំកំពូលៗ ឬជាថ្នាក់ដឹកនាំរដ្ឋក៏ដោយ ប្រសិនបើពួកគេបានប្រព្រឹត្តអំពើពុករលួយ គឺមិនអាចលើកលែងក្នុងករណីពិសេសណាមួយឡើយ ទោះជាកម្មាភិបាលនោះមានគុណសម្បត្តិជួយប្រទេសយ៉ាងណាក៏ដោយ។
វៀតណាមជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងជាងគេមួយនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែប្រទេសកុម្មុយនីស្តនេះក៏រួមរឹតដោយអំពើពុករលួយខ្លាំងណាស់ដែរ។ បើតាមអង្គការតម្លាភាពអន្តរជាតិ (Transparency International) ក្នុងចំណោមប្រទេសទាំង ១៨០ វៀតណាមជាប់លំដាប់លេខ១១៧ ផ្នែកប្រព្រឹត្តអំពើពុករលួយ។
វៀតណាម ត្បិតជាប្រទេសកុម្មុយនីស្តមែន តែប្រទេសនេះមិនផ្ដល់ឱកាសឱ្យមេដឹកនាំកំពូលៗ រួមទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រីកាន់អំណាចដុះស្នឹមនោះទេ។ រដ្ឋធម្មនុញ្ញរបស់ប្រទេសនេះបានកំណត់អាណត្តិតំណែងពីរនេះមានរយៈពេលតែ ២អាណត្តិប៉ុណ្ណោះ ហើយមួយអាណត្តិមានរយៈពេល ៥ឆ្នាំ និងដល់ឆ្នាំត្រូវចូលនិវត្តន៍។ ការជ្រើសតាំងតំណែងធំទាំងពីរនេះចេញពីបក្សផង និងចេញពីសមាជិកសភាផង៕