លោក ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតថ្មីនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា និងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ជួបពិភាក្សាលើបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
លោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៤ មករា នេះថា នៅក្នុងជំនួបប្រព្រឹត្តទៅនៅនិវេសនដ្ឋានរបស់ឯកអគ្គរាជទូតអង់គ្លេស លោក ដូមីនិក វីលៀម នៅថ្ងៃអង្គារនេះបានប្រព្រឹត្តទៅដោយភាពស្និទ្ធស្នាល ការគោរព និងការផ្តល់តម្លៃគ្នាទៅវិញទៅមក។
មេដឹកនាំបក្សប្រឆាំងរូបនេះសរសេរថា លោកនិងលោក ដូមីនិក វីលៀម បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាមួយចំនួន ដូចជាដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ជាដើម។
លោក កឹម សុខា រំលេចសំណេរនៅលើហ្វេសប៊ុករបស់លោកថា នាដើមឆ្នាំ២០២៣ នេះ លោកបានទទួលជួបទូតនៃប្រទេសមហាអំណាច និងទូតនៃបណ្តាប្រទេសនានាជាបន្តបន្ទាប់។ លោកថ្លែងអំណរគុណចំពោះទូត និងតំណាងបរទេសទាំងនោះ ដែលបានផ្តល់កិត្តិយសដល់លោកដោយបានទៅជួបលោកដល់គេហដ្ឋាន។
លោក កឹម សុខា អះអាងថា លោកតែងទទួលបានពាក្យពីតំណាងបរទេសខាងលើថា ប្រទេសរបស់ពួកគេគឺជាមិត្តរបស់ពលរដ្ឋខ្មែរ ហើយនៅតែចង់ជួយប្រជាពលរដ្ឋខ្មែរ ពិសេសក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
រីឯលោក ដូមីនិក វីលៀម បានលើកឡើងថា ភាគីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាជាច្រើន ដោយបូករួមទាំងដំណើរការកាត់ក្តីលើសំណុំរឿងរបស់លោក កឹម សុខា ផងដែរ។
លោកថា ស្ថានទូតអង់គ្លេសទទួលស្គាល់ពីសារសំខាន់នៃការចូលរួមយ៉ាងទូលំទូលាយនៅទូទាំងសង្គមកម្ពុជា ហើយលោកទន្ទឹងរង់ចាំការពិភាក្សាបន្ថែមទៀតជាមួយឥស្សរជនជាន់ខ្ពស់ក្នុងប៉ុន្មានខែខាងមុខ។
សំណុំរឿងលោក កឹម សុខា ត្រូវចំណាយពេលអស់ជាង ៥ឆ្នាំ ហើយលោក កឹម សុខា ក៏ត្រូវខាតពេលក្នុងការធ្វើនយោបាយផងដែរក្នុងសំណុំរឿងនេះ គឺនៅរង់ចាំតែថ្ងៃប្រកាសសាលក្រមនៅថ្ងៃទី៣ ខែ៣ ឆ្នាំ២០២៣ តែប៉ុណ្ណោះ៕