ឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានប្រគល់ដីជាង ៥០ហិកតារឲ្យលោកស្រី ហ៊ុន ប៊ុនធឿន ដែលជាប្អូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញក្រោយពីលោក ជា សុផារ៉ា សម្របសម្រួល និងដោះស្រាយ។
យោងតាមកិច្ចព្រមព្រៀងបញ្ចប់វិវាទដីធ្លីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៣ ខែមករា ឲ្យដឹងថា ឧកញ៉ា សៀង ចាន់ហេង យល់ព្រមប្រគល់ដីជម្លោះទំហំ ៥០ហិកតារស្ថិតនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ជូនលោកស្រី ហ៊ុន ប៊ុនធឿន ដែលជាប្អូនស្រីបង្កើតរបស់លោក ហ៊ុន សែន និងលោកស្រី ហៀវ លន់។
កិច្ចព្រមព្រៀង និងជម្លោះដីធ្លីនៅស្រុកស្អាង ខេត្តកណ្ដាល រវាងឧកញ៉ា សៀង ចាន់ហេង និងលោកស្រី ហ៊ុន ប៊ុនធឿន ត្រូវបានបញ្ចប់ក្រោយពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា សម្របសម្រួល និងដោះស្រាយដោយផ្ទាល់។
ចំណែកពាក្យបណ្ដឹងដែលដាក់នៅគ្រប់ស្ថាប័នពាក់ព័ន្ធ និងតុលាការនោះ ភាគីទាំងពីរបានយល់ព្រមដក ព្រមទាំងសំណុំរឿងរក្សាការពារទាំងអស់យ៉ាងយូរពីរសប្ដាហ៍។
ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដោយបញ្ជាក់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងអភិបាលខេត្តកណ្តាល ថាស្ថាប័ននេះបានប្រគល់សមត្ថកិច្ចឲ្យស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាំខ្លួនជនល្មើសឈ្មោះ សៀង ចាន់ហេង និងបក្ខពួកបញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធីច្បាប់ និងផ្ដន្ទាទោសដោយមិនលើកលែង ដោយសារតែបុគ្គលរូបនេះ និងគូកនបានប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
រដ្ឋាភិបាលបានអនុញ្ញាតឲ្យរដ្ឋបាលខេត្តកណ្តាល ប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។
លិខិតនោះបញ្ជាក់ថា ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ ជាម្ចាស់កម្មសិទ្ធិត្រឹមត្រូវតាមច្បាប់ និងចាត់ចែងប្រគល់ដីពាក់ព័ន្ធក្នុងគម្រោងផែនការសាងសង់ព្រលានយន្តហោះថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីទទួលប្រាក់គោលនយោបាយ និងបិទបញ្ចប់ការសើរើករណីនេះផងដែរ។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិនអាចសុំការបំភ្លឺបន្ថែមជុំវិញករណីនេះពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត និងលោក ឡោ ដាវុធ បានទេនៅថ្ងៃពុធនេះ។
ជុំវិញវិវាទនេះដែរ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក៏លោក ហ៊ុន សែន បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយប្រកាសលុបចោល ស.ជ.ណ ដែលចុះកាលពីថ្ងៃទី៥ ខែមករា៕