នៅវេលាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ មករា នេះ រុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសជាថ្មីទៀតទៅលើប្រទេសអ៊ុយក្រែន ដែលមើលទៅទំនងជាប្រតិកម្មទៅនឹងក្រុមបស្ចិមប្រទេស ដែលសម្រេចបញ្ជូនរថក្រោះ Leopard-2 ចំនួន ១០០គ្រឿង ហើយសហរដ្ឋអាមេរិកសម្រេចបញ្ជូនរថក្រោះ Abrams ចំនួន ៣១គ្រឿងឱ្យអ៊ុយក្រែន។
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។
រដ្ឋាភិបាលអ៊ុយក្រែន អះអាងថា រុស្ស៊ីបានបាញ់មីស៊ីលប្រហែលជាង ៣០គ្រាប់ តែក្នុងនោះ ១៥គ្រាប់ត្រូវបានអ៊ុយក្រែនបាញ់ទម្លាក់ ខណៈសឺរ៉ែនប្រកាសអាសន្នពីការវាយប្រហារតាមផ្លូវអាកាសត្រូវបានបន្លឺឡើងទូទាំងប្រទេស។
បើតាមអភិបាលក្រុងគៀវ មនុស្សម្នាក់បានស្លាប់ និង ២នាក់រងរបួសនៅពេលគ្រាប់មីស៊ីល ១គ្រាប់ធ្លាក់ចំអគារមួយកន្លែងនៅខាងត្បូងទីក្រុង។
ចំណែកកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ នេះ រុស្ស៊ីក៏បានបញ្ជូនយន្តហោះដ្រូនចំនួន ២៤គ្រឿងផងដែរ ប៉ុន្តែដ្រូនទាំងនោះត្រូវបានបាញ់ទម្លាក់ទាំងអស់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។
ការវាយប្រហាររបស់រុស្ស៊ីកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសផ្តល់រថក្រោះប្រយុទ្ធរបស់ខ្លួន គឺរថក្រោះ Abrams ជាង ៣០គ្រឿង ទៅឱ្យប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធ។
ចំណែកអាល្លឺម៉ង់ក៏បានប្រកាសយល់ព្រមផ្តល់រថក្រោះ Leopard ដល់ទីក្រុងគៀវ ផងដែរ ហើយថែមទាំងបានអនុញ្ញាតឱ្យបណ្តាប្រទេសអឺរ៉ុបដទៃទៀតធ្វើដូចអាល្លឺម៉ង់ដែរ ទោះជារថក្រោះ Leopard គឺជាសព្វាវុធរបស់អាល្លឺម៉ង់ក៏ដោយ។
តាមទស្សនាវដ្ដី News Week ប្រទេសចំនួន១២ បានសម្រេចផ្ដល់រថក្រោះ Leopard ចំនួន ១០០គ្រឿងទៅឱ្យអ៊ុយក្រែន។ ប្រទេសទាំង១២ នេះ រួមមាន ប៉ូឡូញ ប៉មទុយហ្គាល អេស្ប៉ាញ ហុឡង់ដ៍ ដាណឺម៉ាក ន័រវែស សាធារណរដ្ឋឆេក ម៉ុលហ្គារី អង់គ្លេស អាល្លឺម៉ង់ ហ្វាំងឡង់ និងបារាំង។
ប្រទេសទាំង១២ នេះគឺសមាជិកអង្គការណាតូ (NATO) ក្នុងចំណោម ៣០ប្រទេស។ ដោយឡែកសហរដ្ឋអាមេរិក ជាមេដឹកនាំធំជាងគេនៃក្រុមយោធាណាតូ ប្រកាសបញ្ជូនរថក្រោះ Abrams ចំនួន ៣១គ្រឿងជាការបន្ថែមលើរថពាសដែក Bradley និងរថពាសដែក Stryker សរុប ១៦០គ្រឿង។ សហរដ្ឋអាមេរិកប្រកាសថា នឹងបញ្ជូនរថពាសដែកប្រភេទនេះចំនួន ៥០០គ្រឿងទៅឱ្យអ៊ុយក្រែន។
យ៉ាងណា សព្វាវុធដែលអាចធ្វើឱ្យរុស្ស៊ី ប្រតិកម្មខ្លាំង គឺរថក្រោះ Abrams របស់អាមេរិក និងរថក្រោះ Leopard -2 ផលិតនៅអាល្លឺម៉ង់។ រថក្រោះពីរប្រភេទនេះ គឺជាសព្វាវុធដ៏មានអនុភាពបំផុតក្នុងការវាយប្រហារ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសថាសហរដ្ឋអាមេរិកនឹងបញ្ជូនរថក្រោះ Abrams ចំនួន ៣១គ្រឿងឱ្យអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។
លោក ចូ បៃដិន ប្រកាសពីការសម្រេចចិត្តរបស់លោក ខណៈលោកថ្លែងនៅឯសេតវិមាន និងបន្ទាប់ពីអាល្លឺម៉ង់យល់ព្រមផ្ដល់រថក្រោះ Leopard-2 ទៅឱ្យអ៊ុយក្រែន ដោយនៅជំហានដំបូងទីក្រុងប៊ែរឡាំង នឹងផ្តល់រថក្រោះនេះចំនួន ១៤គ្រឿង។
ថ្លែងនៅខាងមុខទ្វារចូលសេតវិមាន លោក បៃដិន បានបញ្ជាក់ថា៖ ការបញ្ជូនរថក្រោះទាំងនេះនឹងជួយពង្រឹងសមត្ថភាពរបស់ទ័ពអ៊ុយក្រែន ក្នុងការការពារទឹកដីរបស់ខ្លួន និងសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ពួកគេ ពីព្រោះថារថក្រោះនេះជាសព្វាវុធមានសមត្ថភាពបំផុត។
ប្រធានាធិបតីអាមេរិករូបនេះបន្ថែមថា សហរដ្ឋអាមេរិកក៏នឹងផ្ដល់ការបណ្ដុះបណ្ដាល និងការផ្គត់ផ្គង់ចាំបាច់នានាដល់ទីក្រុងគៀវ ពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការរថក្រោះ Abrams។ តែជាមួយគ្នានេះ លោក បៃដិន នៅតែបញ្ជាក់ឡើងវិញថាការផ្ដល់រថក្រោះ Abrams ចំនួន ៣១គ្រឿងគិតជាទឹកប្រាក់មានចំនួនជាង ៤០០លានដុល្លារ គឺមានគោលដៅជួយអ៊ុយក្រែន ក្នុងការការពារខ្លួន និងទឹកដីដោយមិនមែនជាការគំរាមកំហែងដល់រុស្ស៊ីអ្វីនោះទេ។
ដោយឡែករដ្ឋាភិបាល លោក ហ្សេឡេនស្គី នៅតែទទូចឱ្យក្រុមបស្ចិមប្រទេសផ្ដល់យន្តហោះចម្បាំងជំនាន់ទី៤ ដូចជាយន្តហោះចម្បាំងរបស់អាមេរិក F-16។
លោក Yuriy Sak ដែលជាទីប្រឹក្សារបស់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បាននិយាយថា បច្ចុប្បន្ន អ៊ុយក្រែននឹងចាប់ផ្ដើមជំរុញឱ្យលោកខាងលិចផ្ដល់យន្តហោះចម្បាំងជំនាន់ទី៤ ដូចជាយន្តហោះចម្បាំងអាមេរិក F-16 ជាដើម ដែលលោកថា បើទ័ពអ៊ុយក្រែន ទទួលបានយន្តហោះចម្បាំងទំនើបៗ នោះវានឹងផ្ដល់កម្លាំងចិត្តថែមទៀតក្នុងការធ្វើសង្គ្រាម ហើយយន្តហោះចម្បាំងជំនាន់ទី៤ ដូចជា F-16 គឺជាអ្វីដែលអ៊ុយក្រែនត្រូវការជាខ្លាំងនៅពេលនេះ។
តែយ៉ាងណា ការសម្រេចចិត្តផ្ដល់រថក្រោះ Abrams របស់អាមេរិក និងរថក្រោះ Leopard-2 ផលិតនៅអាល្លឺម៉ង់ ទៅឱ្យអ៊ុយក្រែន កើតមានឡើងនៅចំពេលក្រុមមេទ័ពអ៊ុយក្រែន និងលោក ហ្សេឡេនស្គី ព្រមានថារុស្ស៊ីអាចនឹងបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំជាថ្មីម្ដងទៀតឆាប់ៗនេះ និងបន្ទាប់ពីទ័ពអ៊ុយក្រែន បានដកទ័ពចេញពីទីក្រុង Soledar នៅភាគខាងកើតនៃប្រទេសដោយសារការវាយលុកដ៏សន្ធប់របស់ទ័ពរុស្ស៊ី និងក្រុមទាហានស៊ីឈ្នួលឱ្យរបបលោក ពូទីន។
ជាមួយគ្នានេះ រុស្ស៊ីកំពុងវាយសម្រុកដើម្បីកាន់កាប់ទីក្រុង Bakhmut មកវិញពីអ៊ុយក្រែន ហើយសំដៅវាយយកឱ្យបានខេត្ត Donetsk ទាំងស្រុង។
ខេត្ត Donetsk និង Luhansk ស្ថិតក្នុងតំបន់ Donbas ដែលនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ តែយ៉ាងណា ចំពោះខេត្ត Luhansk រុស្ស៊ីមិនទាន់ដាក់ផែនការវាយយកពីអ៊ុយក្រែន នូវតំបន់ណាដែលអ៊ុយក្រែនទើបវាយយកបានពីទ័ពរុស្ស៊ីនៅឡើយនោះទេ៕