កម្មកររោងចក្រកាត់ដេរនៃរោងចក្រ សិនតៃ ហ្គាមិន ស្ថិតក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ ជិត ១ពាន់នាក់ប្រមូលផ្ដុំគ្នានៅខាងមុខរោងចក្រសម្ដែងក្តីបារម្ភខ្លាចថៅកែបញ្ឈប់ពួកគេពីការងារ ដោយមិនទូទាត់អត្ថប្រយោជន៍ផ្សេងៗ ក្រោយពីថៅកែបានព្យួរការងាររបស់ពួកគេអស់រយៈពេល ២ខែមកហើយនោះ។
នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ក្រុមកម្មករបាននាំគ្នាប្រមូលផ្ដុំគ្នានៅខាងមុខរោងចក្រ ក្រោយពីថៅកែបានព្យួរការងាររបស់ពួកគេរយៈពេល ២ខែ ដោយការព្យួរនេះ ថៅកែបើកប្រាក់ឲ្យតែម្នាក់ ៣០ដុល្លារប៉ុណ្ណោះ។
កម្មករម្នាក់ក្នុងចំណោមកម្មករផ្សេងទៀត បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគាត់ព្រួយបារម្ភខ្លាំងដោយខ្លាចថៅកែបញ្ឈប់ពីការងារមិនទូទាត់អត្ថប្រយោជន៍ផ្សេងៗ ខណៈពួកគាត់ម្នាក់ៗបានបម្រើការងារនៅក្នុងរោងចក្រ សិនតៃ អស់រយៈពេលច្រើនឆ្នាំ។
កម្មករទាំងនោះនិយាយថា ការប្រមូលផ្ដុំខាងមុខរោងចក្រនេះ ដោយសារពួកគាត់ត្រូវដល់ថ្ងៃចូលធ្វើការងារវិញ ប៉ុន្តែថៅកែមិនឲ្យចូលធ្វើឡើយ។ ពួកគេបញ្ជាក់ថា រយៈពេល ២ខែដែលព្យួរការងារនេះ ពួកគេជួបការលំបាកបញ្ហាជីវភាពខ្លាំង ដោយសារថៅកែបើកប្រាក់ឲ្យកម្មករម្នាក់តែ ៣០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។
កម្មការិនីនៃរោងចក្រ សិនតៃ ទាំងនោះស្នើទៅថៅកែផ្លាស់ប្ដូរវេនគ្នាធ្វើការ ដើម្បីអាចឲ្យពួកគេទទួលបានប្រាក់ខ្លះដោះស្រាយបញ្ហាជីវភាពគ្រួសារ ដោយថាប្រាក់ ៣០ដុល្លារដែលថៅកែបើកឲ្យកម្មករអំឡុងពេលព្យួរនោះ មិនអាចដោះស្រាយ និងផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេបានឡើយ។
ប្រធានសហជីពស្មារតីកម្មករ លោក កឹម សុភេន អះអាងថា កម្មករដែលត្រូវព្យួរការងារសរុបជិត ១ពាន់នាក់ដោយការព្យួរនេះចាប់ពីតាំងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ រហូតថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។ លោកបញ្ជាក់ថា បើសិនជាថៅកែព្យួរការងារកម្មករមិនកំណត់ពេលវេលាបែបនេះ កម្មករនឹងជួបការលំបាកកាន់តែខ្លាំង។
លោកបន្តថា កម្មករដែលធ្វើការនៅរោងចក្រ សិនតៃ មានអតីតភាពការងារម្នាក់ៗចន្លោះ ៧ ទៅ ១០ឆ្នាំ ដូច្នេះបើរោងចក្រមានបញ្ហាអ្វីនោះ ថៅកែត្រូវតែដោះស្រាយផលប្រយោជន៍ជូនកម្មករទៅតាមផ្លូវច្បាប់។
រោងចក្រកាត់ដេរសម្លៀកបំពាក់ សិនតៃ ហ្គាមិន មានកម្មករបម្រើការងារសរុប ១៧០០នាក់ ប៉ុន្តែនៅខែធ្នូ ឆ្នាំ២០២២ ថៅកែរោងចក្របានព្យួរការងារកម្មករចំនួនជាង ៩០០នាក់ ដោយលើកហេតុផលថា «ខ្វះអ្នកបញ្ជាទិញ»។
ក្រុមកម្មករក៏បានប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខរោងចក្ររយៈពេល ២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ។ ក្រោយពីមានការតវ៉ានេះ ប្រធាន និងសមាជិកសហជីព ២នាក់ទៀតត្រូវបានថៅកែជនជាតិចិនប្ដឹងទៅតុលាការ ដោយទាមទារសំណងចំនួនជិត ៤ម៉ឺនដុល្លារពីបទធ្វើឲ្យខូចខាតសង្វាក់ផលិតកម្មរបស់រោងចក្រ ប៉ុន្តែសហជីពបានច្រានចោលការចោទប្រកាន់របស់ថៅកែរោងចក្រ ដោយចាត់ទុកបណ្ដឹងនេះថាធ្វើឡើងក្នុងចេតនាចង់បំបាក់ស្មារតី និងបំភ័យពួកគេ ដើម្បីឲ្យឈប់ចេញមុខដោះស្រាយបញ្ហាជូនកម្មករតែប៉ុណ្ណោះ៕