ក្រោយពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក ពូទីន កាលពីថ្ងៃទី១៧ ខែមីនា គេសង្កេតឃើញទស្សនៈយ៉ាងតិចបីកំពុងខ្វែងគំនិតគ្នាអំពីអានុភាព និងឥទ្ធិពលរបស់ ICC ពាក់ព័ន្ធនឹងអំណាចរបស់លោក ពូទីន ជាមេដឹកនាំប្រទេសមហាអំណាចមួយនៅលើពិភពលោកត្រូវបានតុលាការអន្តរជាតិនេះចេញដីកាចាប់ខ្លួន។
នៅលើបណ្ដាញសង្គមកំពុងតែមានការឆ្លងឆ្លើយគ្នា ដែលអ្នកខ្លះមានសុទិដ្ឋិនិយមថា លោក ពូទីន អាចនឹងត្រូវបានប៉ូលិសអន្តរជាតិ ឬ Interpol សហការជាមួយនឹងអាជ្ញាធរដែនដីនៃប្រទេសណាមួយត្រូវចាប់ខ្លួន ឬឃាត់ខ្លួនបញ្ជូនទៅធ្វើការជំនុំជម្រះក្ដីនៅឯតុលាការ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហុឡង់ដ៍។
ទស្សនៈមួយទៀតបែបទុទ្ទិដ្ឋិនិយមថា គ្មានអំណាចអ្វីដែលតុលាការនេះអាចចាប់ខ្លួនមេដឹកនាំមហាអំណាចមួយនេះបានទេ បើទោះជាលោក ពូទីន មានទោសរហូតដល់ឧក្រិដ្ឋកម្មសង្គ្រាមក៏ដោយនោះ។
ចំណែកទស្សនៈទី៣ វិញ មើលឃើញថា គេអាចផ្តួលរំលំលោក ពូទីន គឺនៅក្នុងវិមានក្រឹមឡាំងរបស់លោក ពូទីន តែម្ដង ដែលពេលនោះលោក ពូទីន អាចនឹងធ្វើអត្តឃាតដោយខ្លួនឯង។
លោក ពូទីន ត្រូវបានតុលាការ ICC ចោទប្រកាន់ ហើយរហូតដល់ចេញដីកាចាប់ខ្លួនតែម្ដង គឺករណីឧក្រិដ្ឋកម្មសង្គ្រាមទៅលើប្រជាជនអ៊ុយក្រែន។ សំណុំរឿងមួយដែលនាំឲ្យលោក ពូទីន ជាប់បទឧក្រិដ្ឋនេះ គឺកងទ័ពរបស់រុស្ស៊ីចាប់ពង្រត់កុមារអ៊ុយក្រែនរាប់ពាន់នាក់ពីឪពុកម្ដាយរបស់ពួកគេឲ្យទៅនៅក្នុងប្រទេសរុស្ស៊ី។
បទល្មើសមួយទៀតនោះ គឺការស្លាប់ជនស៊ីវិលដោយសារតែគ្រាប់មីស៊ីលរបស់រុស្ស៊ី បាញ់កម្ទេចអគារលំនៅឋាន មន្ទីរពេទ្យ សាលារៀនរបស់ពួកគេ។ បទល្មើសមួយទៀត គឺការស្លាប់ជនស៊ីវិលដោយទ័ពរបស់រុស្ស៊ីសម្លាប់ និងធ្វើទារុណកម្មក្រោយពីរដ្ឋអាជ្ញា ICC សហការនឹងរដ្ឋអាជ្ញាអ៊ុយក្រែន រកឃើញរណ្ដៅសាកសពរួមនៅទីក្រុងម៉ារីយ៉ូប៉ុល ដែលមានសាកសពជាង ១ពាន់នាក់ក្នុងនោះមានស្ត្រី និងកុមារផងដែរ។
ការរកឃើញរណ្ដៅសាកសពមានច្រើនកន្លែងទៀតដែលគេហៅសាកសពរួម មានដូចជានៅតំបន់ខាគៀវ និងតំបន់ខឺសុន។ ការរកឃើញនេះ ក្រោយពីទ័ពអ៊ុយក្រែនវាយរំដោះបានតំបន់នេះពីកងទ័ពរុស្ស៊ី។ ជនរងគ្រោះក្នុងរណ្ដៅសាកសពនោះមានទាំងកុមារផងដែរ។ អំពើឧក្រិដ្ឋមួយទៀត គឺរកឃើញជនរងគ្រោះជាជនស៊ីវិលស្លាប់នៅតាមដងផ្លូវដោយដៃរបស់ពួកគេចងស្លាបសេកមកក្រោយ គឺនៅក្បែររដ្ឋធានីគៀវ ភាគខាងជើងនៃទីក្រុងមួយនេះដែលមានចម្ងាយ ៦០គីឡូម៉ែត្រ។
ការរកឃើញសោកនាដកម្មនេះ ក្រោយពីកងទ័ពរុស្ស៊ីដកទ័ពចេញពីតំបន់នេះ ខណៈទ័ពអ៊ុយក្រែនវាយបក ហើយបាញ់កម្ទេចរថក្រោះរថពាសដែករបស់រុស្ស៊ីរាប់សិបគ្រឿងដោយរុញឲ្យទ័ពរុស្ស៊ីបាក់ទ័ពនៅអំឡុងពេលនោះនៅដើមខែមិថុនា ឆ្នាំ២០២២។ ពេលនោះហើយដែលរុស្ស៊ីបរាជ័យមិនអាចវាយចូលរដ្ឋធានីគៀវ បាន ក្នុងការប៉ុនប៉ងផ្ដួលរលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី។
ជាងនេះទៅទៀត មីស៊ីលរបស់រុស្ស៊ីរាប់ពាន់គ្រាប់បាញ់ទម្លាក់យ៉ាងធ្ងន់ធ្ងរទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនី ដែលត្រូវជួយប្រជាជននៅពេលដែលរដូវរងាធ្លាក់មកដល់ ធ្វើឲ្យប្រជាជនអ៊ុយក្រែនរស់យ៉ាងវេទនាបំផុត។ ដោយរកឃើញភស្តុតាងទាំងអស់នេះ ICC សម្រេចថាលោក ពូទីន ប្រធានាធិបតីរុស្ស៊ី គឺជាអ្នកទទួលខុសត្រូវខ្ពស់ជាងគេបង្អស់ ព្រោះតែបុរសរូបនេះបញ្ជាឲ្យរុស្ស៊ីលើកទ័ពជាង ២៥ម៉ឺននាក់ចូលទៅលុកលុយប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ឥឡូវនេះ លោក ពូទីន ធ្លាក់ក្នុងពិរុទ្ធភាពរបស់ ICC គឺករណីឧក្រិដ្ឋកម្មសង្គ្រាម ករណីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងករណីប្រល័យពូជសាសន៍។ ដូច្នេះការចេញដីការបស់ ICC នាំឲ្យមានទស្សនៈយ៉ាងតិចចំនួនបីកំពុងតែខ្វែងគំនិតគ្នាបញ្ចេញមតិនៅលើបណ្ដាញសង្គម។
ឥឡូវនេះ គឺជាការផ្ទៀងផ្ទាត់នូវទស្សនៈទាំងបីនេះជាមួយនឹងឥទ្ធិពលអំណាចរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីដ៏មានអំណាចម្នាក់នេះ។
ទស្សនៈដែលថាជៀសពុំរួចទេដែលលោក ពូទីន ត្រូវបានចាប់ខ្លួននាំទៅកាត់ទោសនៅ ICC ក្រុងឡាអេ ប្រទេសហុឡង់ដ៍។ ពួកគេគិតថាការចាប់ខ្លួនលោក ពូទីន បាន វាត្រូវពឹងយ៉ាងខ្លាំងទៅលើប្រទេសទាំងឡាយណាដែលអនុវត្តដីការបស់ ICC ដោយមិនខ្លាចញញើតចំពោះការសងសឹកពីរបបរបស់លោក ពូទីន នៅទីក្រុងមូស្គូ។
ប៉ុន្តែប្រទេសទាំងអស់នោះគេអាចឃាត់ខ្លួន និងធ្វើបត្យាប័នបញ្ជូនលោក ពូទីន ទៅ ICC វាអាស្រ័យទៅលើកម្លាំងប៉ូលិសអន្តរជាតិ Interpol ដែលគេគិតថាសហការជាមួយប៉ូលិសយុត្តិធម៌របស់ប្រទេសនោះ ឬក៏ក្រុម CIA របស់អាមេរិកប្រើអត្តសញ្ញាណរបស់របស់ប៉ូលិសអន្តរជាតិទៅនាំខ្លួនលោក ពូទីន ចេញពីប្រទេសនោះ ប៉ុន្តែអ្នកចាប់ខ្លួនលោក ពូទីន ជាសមត្ថកិច្ច Interpol និងនគរបាលយុត្តិធម៌នៃប្រទេសនោះ អាចប្រឈមនឹងកម្លាំងសម្ងាត់របស់រុស្ស៊ី ដែលទៅការពារលោក ពូទីន។ តែយ៉ាងណា ភាគតិចណាស់ដែលកម្លាំងសម្ងាត់របស់រុស្ស៊ីអាចរារាំងបានការនាំខ្លួនលោក ពូទីន ទៅ ICC។
ចំពោះទស្សនៈមួយទៀតដែលបង្ហាញអំពីទុទ្ទិដ្ឋិនិយម គឺថាគ្មានប្រទេសណាអាចចាប់បញ្ជូនខ្លួនលោក ពូទីន បាននោះទេ។ ទស្សនៈនេះសំអាងថា លោក ពូទីន ជាមេដឹកនាំប្រទេសមហាអំណាចដ៏ធំដែលមានកម្លាំងទ័ពយ៉ាងខ្លាំង ហើយមានទាំងអាវុធនុយក្លេអ៊ែរអាចគំរាមកំហែងទៅលើប្រទេសដែលឃាត់ខ្លួន និងបញ្ជូនខ្លួនលោក ពូទីន ទៅ ICC ហើយប្រទេសនោះនឹងមិនអនុញ្ញាតឲ្យប៉ូលិសអន្តរជាតិ ឬក៏ប៉ូលិសក្នុងប្រទេសរបស់ពួកគេប៉ះពាល់លោក ពូទីន បានដាច់ខាត។
គេថាប្រទេសទាំងនោះសុទ្ធសឹងតែជាសម្ព័ន្ធភាពស្លាប់រស់ជាមួយនឹងរបបរបស់លោក ពូទីន។ ដូច្នេះលោក ពូទីន អាចធ្វើដំណើរទៅប្រទេសទាំងនោះបានដោយមិនបារម្ភអំពីការចាប់ខ្លួនលោកទៅឲ្យ ICC នោះទេ។
យ៉ាងណា ទស្សនៈទី៣ មើលឃើញជ្រុងមួយរបស់ខ្លួនផងដែរ ដែលពួកគេថានៅពេលដែលលោក ពូទីន កាន់តែបាក់មុខបាក់មាត់នៅលើឆាកអន្តរជាតិដោយសារតែជាប់ពិរុទ្ធភាពនៃឧក្រិដ្ឋកម្មសង្គ្រាមរបស់តុលាការ ICC គឺផ្ទៃក្នុងរបស់រុស្ស៊ី អាចនឹងរកវិធានការណាមួយផ្ដួលរលំលោក ពូទីន ពីអំណាច។ លោក ពូទីន ពេលនោះអាចនឹងបញ្ចប់អំណាចដោយការធ្វើរដ្ឋប្រហារ ឬក៏ការចាប់ពង្រត់លោកឲ្យទៅនៅទីកន្លែងសម្ងាត់ណាមួយដោយក្រុមប្រដាប់អាវុធប្រឆាំងរបបលោក ពូទីន។
គេអាចនិយាយបានទៀតថា នៅពេលដែលលោក ពូទីន ក្លាយជាមេដឹកនាំខុសច្បាប់នៃរដ្ឋាភិបាលរុស្ស៊ី គឺប្រជាជនរុស្ស៊ីដែលមិនគាំទ្រលោក ពូទីន លើកទ័ពលុកលុយអ៊ុយក្រែនពេលនោះ ប្រជាជនអាចនឹងងើបឡើងបះបោរឲ្យលោក ពូទីន ចុះចេញពីអំណាច។
ប្រសិនបើទស្សនៈទីបីនេះអាចធ្វើទៅបាន មានន័យថា រុស្ស៊ីមិនបញ្ជូនលោក ពូទីន ទៅ ICC នោះទេ គឺបំបិទស្រមោលរបស់លោក ពូទីន នៅក្នុងប្រទេសរបស់រុស្ស៊ីតែម្ដង។ យ៉ាងណា គេអាចនឹងដឹងថា តើទស្សនៈទាំងបីនេះមួយណាអាចក្លាយជាការពិត វាអាស្រ័យទៅលើស្ថានភាព និងពេលវេលាតែប៉ុណ្ណោះ៕